ភ្នំពេញក្រោន ចង់ស្រោចស្រងភាពដុនដាប ចំពេលព្រះខ័នរាជ ចង់បង្ហាញភាពខ្លាំង

ក្រុមម្ចាស់ជើងឯកភ្នំពេញក្រោន នឹងប្រើប្រាស់នូវឆន្ទៈ និងការព្យាយាមរួមគ្នា ដើម្បីស្វែងរកជ័យជម្នះ ក្នុងការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ២០១៦ នៅថ្ងៃសុក្រនេះ ប៉ុន្តែវាការប្រឈមជាមួយច្រើនកំពុងតែរង់ចាំកក្រុមភ្នំពេញក្រោន ព្រោះដៃគូប្រកួតរបស់ខ្លួនគឺ ព្រះខ័នរាជស្វាយរៀង ក៏ចង់ទទួលបានលទ្ធផលឈ្នះ ដើម្បីលុបបំបាត់នូវភាពហ្មងសៅចំពោះការចាញ់ក្រុមក្រសួងការពារជាតិ កាលពីសប្តាហ៍មុនផងដែរ។
mcl
ព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរនៅលេខរៀងទី៣ បន្ទាប់ពីពួកគេបានចាញ់ក្រុមក្រសួងការពារជាតិ ៥-១ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃសុក្រ សប្តាហ៍មុន ហើយការចាញ់នោះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានការខកចិត្តយ៉ាងខ្លាំង។

លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការចាញ់នោះ ជាមេរៀនសម្រាប់ឆ្លុះបញ្ចាំពីស្រមោលអាក្រក់របស់ខ្លួនឯង។ វ៉ាត់ដេត បានបង្ហាញរូបភាពរបស់ខ្លួនឯងមួយសន្លឹក ព្រមទាំងបានសរសេរពីអារម្មណ៍របស់ខ្លួននៅលើរូបភាពនោះថា៖«វាគ្មានអ្វីប្លែកនោះទេ គ្រាន់តែជាការបរាជ័យមួយ ដែលយើងទទួលយការពិត ហើយយើងនឹងធ្វើឲ្យបានល្អនៅប្រកួតបន្តទៀត។ អរគុណពួកអ្នក ដែលធ្វើឲ្យពួកយើងយល់ពីស្រមោលអាក្រក់ខ្លួនឯង សុំទោសបងប្អូនស្វាយរៀង ខ្ញុំពិតជាធ្វើឲ្យបងប្អូនមិនសប្បាយចិត្ត»។
mcl1
យ៉ាងណាក៏ដោយ លោក Sam Swhweingruber គ្រូបង្វឹកភ្នំពេញក្រោន បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន នៅខ្សែវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើគណនីយស្វេហប៊ុករបស់ក្លិបភ្នំពេញក្រោន ដោយមានខ្លឹមសារជារួមថា៖«ក្លិបភ្នំពេញក្រោន សំខាន់មែនទែនក្នុងសប្តាហ៍នេះ គឺត្រូវខំប្រឹង និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរកជ័យជម្នះពេលប៉ះក្រុមស្វាយរៀង។ យើងពិតជាមានការសោកស្តាយខ្លាំងដែលបានចាញ់ក្រុមបឹងកេត ១-០ ដូច្នេះការជួបស្វាយរៀង ជាការប្រកួតដ៏សំខាន់បំផុត ដែលយើងត្រូវខំប្រឹង និងព្យាយាមរកជ័យជម្នះឲ្យបាន ដើម្បីសង្រ្គោះរដូវកាលឆ្នាំ២០១៦នេះឲ្យបានល្អឡើងវិញ»។
mcl2
ការតាំងចិត្តរបស់ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន សម្រាប់ការជួបគ្នានៅកីឡដ្ឋាន RSN នាល្ងាចម៉ោង៦ ថ្ងៃសុក្រនេះ វានឹងធ្វើឲ្យការប្រកួតរបស់ក្រុមទាំង២ កាន់តែមានភាពស្វិតស្វាញ ហើយក៏ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គ្មានអ្នកណាអាចព្យាករត្រូវនោះឡើយ ព្រោះទម្រង់លេងរបស់ក្រុមទាំង២នេះល្អដូចគ្នា គ្រាន់តែការប្រកួតចំនួន៦លើកកន្លងមកនេះ ព្រះខ័នរាជ ធ្វើបានល្អជាងគឺពួកគេបានឈ្នះ៤ ស្មើ១ និងចាញ់១ប្រកួត រីឯភ្នំពេញក្រោន បានឈ្នះ២ ស្មើ២ និងចាញ់២ប្រកួត៕