ស្រ្តី​អ្នកចម្រៀងចិន​ម្នាក់​បាន​ប្រគុំតន្រ្តី​លើ​ទីប្រជុំកោះ​នៅ​សមុទ្រចិន​ខាងត្បូង

នៅក្នុងប្រទេសចិន មធ្យោបាយឃោសនាមហាជនរដ្ឋបានទម្លាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ឧសភាថា ស្រ្តីអ្នកចម្រៀងចិនម្នាក់ដ៏ល្បីឈ្មោះ សុង ហ្ស៊ូយីងបានទៅទស្សនាទីប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូងដែលចិនកំពុងមានជម្លោះយ៉ាងប្រទាញប្រទង់ជាមួយនឹងប្រទេសជិតខាងក្នុងតំបន់។ នៅទីប្រជុំកោះនោះ អ្នកស្រីសុង យីងបានប្រគុំតន្រ្តីដែលទស្សនជនភាគច្រើន ជាទាហាន និងកម្មករចិន។

វត្តមានរូបតារាចម្រៀងចិនអ្នកស្រីសុង ហ្ស៊ូយីងមិនមែនស្ថិតនៅលើទីប្រជុំកោះ Spratleys ទេ តែនៅលើកោះសិប្បនិមិ្មតដែលចិនកំពុងបន្តសាងសង់នៅក្នុងសមុទ្រចិនខាងត្បូង។ នៅលើកោះសិប្បនិម្មិតនោះ ចិនថែមទាំងបានសាងសង់កំពង់ផែ រួមទាំងព្រលានយន្តហោះ។ រូបភាពផ្សាយដោយទូរទស្សន៍ចិន CCTV បានបង្ហាញឲ្យឃើញនូវរូបភាពនៃការប្រគុំតន្រ្តីរបស់អ្នកស្រីសុង ហ្ស៊ូយីងជាមួយក្រុមសមាជិកប្រមាណជា ៥០នាក់។

ជាមួយនឹងមីក្រូកាន់ក្នុងដៃ ចម្រៀងរបស់អ្នកស្រីសុង ហ្ស៊ូយីងបានចូលរួមរាំដោយទាហាន និងកម្មករចិននៅទីនោះ។ មានប្រភពដើមជាជនជាតិភាគតិច មីអាវ Miao អ្នកស្រីសុង ហ្ស៊ូយីងជាតារាចម្រៀងចិនកំពុងពេញនិយមម្នាក់នៅចិន ព្រោះអ្នកស្រីធ្លាប់បានច្រៀងជាមួយតារាចម្រៀងជនជាតិកាណាដាអ្នកស្រីសេលីន ល៉្យុងនៅលើកញ្ចក់ទូរទស្សន៍ចិនកាលពីឆ្នាំ ២០១៣។ ថ្មីៗនេះនាឱកាសបុណ្យចូលឆ្នាំចិន អ្នកស្រីសុង ហ្ស៊ូយីងក៏បានចេញមុខច្រៀងអបអរសាទរឆ្នាំថ្មីតាមកញ្ចក់ទូរទស្សន៍ CCTV ដែរ។

វត្តមានតារាចម្រៀងចិនអ្នកស្រីសុង ហ្ស៊ូយីងលើកោះសិប្បនិម្មិតរបស់ចិនក្នុងសមុទ្រចិនខាងត្បូងពេលនេះជាសក្ខីកម្មថ្មីមួយទៀតដែលទីក្រុងប៉េកាំងចង់បញ្ជាក់ថា សមុទ្រចិនខាងត្បូងជាកម្មសិទ្ធិផ្តាច់មុខរបស់ចិន។ សូមជម្រាបជូនថាសព្វថ្ងៃនេះ ចិន និងប្រទេសមួយចំនួនក្នុងតំបន់ ពិសេសវៀតណាម និងហ្វីលីពីនកំពុងឈ្លោះដណ្តើមគ្នាកាន់កាប់ទីប្រជុំ Spatleys។ ក្រៅពីនោះ មហិច្ឆតារបស់ប៉េកាំងក៏បានទទួលរងការបរិហារពីអាមេរិកដែលចាត់ទុកសមុទ្រចិនខាងត្បូងជាដែនទឹកអន្តរជាតិដែលគ្មានអ្នកណាអាចយកធ្វើជារបស់ផ្តាច់មុខរបស់ខ្លួនបានទេ។

យ៉ាងណាក៏ដោយពេលនេះ នៅមិនទាន់មានប្រតិកម្មយ៉ាងម៉េចពីប្រទេសមានជម្លោះជាមួយចិនចំពោះវត្តមានតារាចម្រៀងចិនសុង ហ្ស៊ូយីងនៅក្នុងសមុទ្រចិនខាងត្បូងទេ។ ចំណែកប៉េកាំងថែមទាំងបានប្រកាសឲ្យដឹងថា ទាហានជើងទឹកចិននឹងបើកសមយុទ្ធប្រចាំឆ្នាំនាពេលខាងមុខ៕

ស្រ្តី​អ្នកចម្រៀងចិន​ម្នាក់​បាន​ប្រគុំតន្រ្តី​លើ​ទីប្រជុំកោះ​នៅ​សមុទ្រចិន​ខាងត្បូងChine CCPPC hongkong ChengLong-SongZuying Pekin

ប្រភពៈ RFI