ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ព្រានព្រៃ​ប្រដាប់​អាវុធ​AK​នៅ​ភ្នំ​ឱ​រ៉ា​ល់

ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ព្រានព្រៃ​ប្រដាប់​អាវុធ​AK​នៅ​ភ្នំ​ឱ​រ៉ា​ល់



ខេត្តកំពង់ស្ពឺ ៖ ប្រតិបត្តិការ​បង្ក្រាប​របស់​នគរបាល​ស្រុក​ឱ​រ៉ា​ល់​លើ​ក្រុម​ព្រានព្រៃ​ចំនួន​៥​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​ក្នុងស្រុក​ឱ​រ៉ា​ល់ និង​កន្លែង​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ចាប់ខ្លួន ព្រមទាំង​ដកហូត​ឆ្អឹង​សត្វ​បាន​មួយ​ចំនួន ។

លោក​វរសេនីយ៍ត្រី ប៊ុត ប៊ុ​ន​ធឿ​ន ឣ​ធិ​ការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ ទី​៥ ឧសភា ថា​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៣ ឧសភា វេលា​ម៉ោង​១១​ព្រឹក ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​អធិការដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ព្រមទាំង​សហការ​ជាមួយ​កម្លាំង​មន្ត្រី​ដែនជម្រកសត្វព្រៃ​ស្រុក​ឱ​រ៉ា​ល់​ផង​ដែរ ។ លោក​ឣ​ធិ​ការ​បន្ត​ថា ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ព្រានព្រៃ​ចង្រៃ ៥​នាក់ នៅ​ចំណុច​ព្រៃ​ជ្រលង​ភ្នំ ខាងត្បូង​ឈៀង​ខាងកើត​ទំនប់​ស្ទឹង​តា​សាល ចម្ងាយ​ប្រហែល ៥​ពាន់​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តា​សាល ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់ គឺ​ទី​១-​ឈ្មោះ វង់ វែង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​ពាក់​អាវយឺត​ខៀវ​ដៃខ្លី​) ទី​២-​ឈ្មោះ លឹ​ម ហាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​ពាក់អាវ​ក្រណាត់​ឆ្នូត​ស​) ទី​៣-​ឈ្មោះ ឡាយ លី​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​ពាក់​អាវយឺត​ខ្មៅ​ស ផ្កាឈូក​) ទី​៤-​ឈ្មោះ ប៊ុ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​ពាក់​ក្រណាត់​ក្រហម​ក្រ​ម៉ៅ​) និង​ទី​៥-​ឈ្មោះ ធូ ធី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​ពាក់​អាវយឺត​បៃតង​) ទាំង​៥​នាក់ នៅ​ភូមិ​ដក់ព ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជាមួយ​ការ​ឃាត់ខ្លួន​នេះ​ដែរ បាន​ដកហូត​កាំភ្លើង​អាកា​ស្វាយ​បត់​មួយ​ដើម លេខ​៤៧១២ គ្រាប់​៤១​ក្រាប់ អាវុធ​ច្នៃ​១ គ្រាប់កង់​២​ប្រអប់ ដែក​កាត់​១​ប្រអប់ រំសេវ​ផ្ទុះ​២​ប្រអប់ ឆ្អឹង​និង​ស្បែក​សត្វ​ប្រើស​ឆ្អើ​រួច​៧​គីឡូក្រាម និង​ម៉ូតូ​ម៉ាក​វ៉េវ អាល់​ហ្វា ៥​គ្រឿង ពណ៌​ខ្មៅ​៤ ក្រហម​១ ។

ព្រានព្រៃ​ទាំង​៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ហើយ​កំពុង​សាកសួរ​។ លោក ប៊ុត ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​សាកសួរ និង​កសាង​សំណុំរឿង​រួច​កម្លាំង​របស់​លោក​បាន​បញ្ជូន​ក្រុម​ព្រានព្រៃ​ទាំងនេះ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។

អាវុធហត្ថ​តាម​ប្រមាញ់​ឈ្មួញ​ទុច្ចរិត​រំដោះ​បាន​សត្វ​សំពោចក្រអូប​5​ក្បាល

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​សំពោចក្រអូប​រស់​ចំនួន​៥​ក្បាល ត្រូវ​បាន​ក្រុម​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បង្ក្រាប​បាន​ខណៈ​សត្វព្រៃ​ទាំងនេះ​ត្រូវ​បាន​ឈ្នួ​ញ​ដឹក​តាម​ម៉ូតូ​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​៤ ឧសភា ២០១៦ វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​ទីប្រជុំជន​ផ្សារ​វាល​រេញ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា សត្វ​សំពោចរ​ស់ទាំង​៥​ក្បាល​នេះ​ត្រូវ​បាន​ឈ្មួញ​ដាក់​ក្នុង​កេស​ស្នោ​មួយ​(​បែប​បំភាន់​ភ្នែក​ជា​បង្គា​ក្លា​ស្សេ​)​ដឹក​តាម​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវជាតិ​។ លុះ​មក​ដល់​ចំណុច​កើត​ហេ​ត ក៏​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខាងលើ ដែល​ដឹកនាំ​ដោយ​លោក ហាក់ សា​រុំ ប្រធាន​ក្រុម​បង្ក្រាប​សត្វព្រៃ​ចល័ត ដែល​បាន​តាម​ប្រមាញ់​យ៉ាង​ប្រកិត​នោះ ស្ទាក់​ចាប់​បាន តែ​ឈ្មួញ​ផ្តូ​ល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ម៉ូតូ និង​សត្វ​សំពោច​ចំនួន​៥​ក្បាល​នៅ​កន្លែង​កើតហេតុ ។
វត្ថុ​តាង​ត្រូវ​បាន​យក​មក​កាន់​សង្កាត់​រដ្ឋបាល ព្រៃឈើ​វាល​រេញ និង​បញ្ជូន​បន្ត​នៅ​មណ្ឌល​ថែទាំ​សត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ ៕