ពលករ​ខ្មែរ​ចូល ទៅ​កាប់​ឈើ​គ្រញូង ២៩​នាក់ ត្រូវបាន​យោធា​ថៃ ចាប់ខ្លួន​

:
ពលករ​ខ្មែរ ចំនួន​២៩​នាក់ ចូល​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ ត្រូវបាន​តម្រួត​ថៃ សហការ​ជាមួយ​យោធា​ថៃ  ថែមទាំង​អង្គភាព​ជំនាញ ធ្វើការ​ឃាត់ខ្លួន  ខណៈដែល​ពួកគេ ធ្វើដំណើរ​ចាកចេញ ពី​កន្លែង​កាប់​ឈើ​គ្រញូង  ក្នុង​តំបន់​ព្រៃ​ឧទ្យាន​ជាតិ របស់​ប្រទេស​ថៃ នៅ​កាល​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦​។ តំបន់​ឧទ្យាន​ជាតិ ថាប់​ឡាន  គឺ​ស្ថិត​ត្រង់​បរិវេណ បាន​កែង​យ៉ៃ ស្ថិត​ក្នុងភូមិ​១២  ឃុំ​កែង​ឌិន​ស  ស្រុក​ណា​ឌី  ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ ។​
          
​តាម​របាយការណ៍​តម្រួត​ថៃ ផ្តល់ព័ត៌មាន​មក​សម​ត្ថ​កិច្ច​កម្ពុជា នៅ​ព្រឹក​នេះ​ថាៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថៃ ចុះបង្ក្រាប​បទ​ល្ម​ផស​ព្រៃឈើ នៅ​តំបន់​ឧទ្យាន​ជាតិ ដោយបាន​ឃាត់ខ្លួន ជនជាតិខ្មែរ ២៩ នាក់ ដែល​បាន​លបចូល ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​នេះ ដោយ​ម្នាក់ៗ មាន​សម្ភារៈ​សម្រាប់​កាត់ឈើ ហើយ​ថែមទាំង​មាន​អាវុធ សម្រាប់ធ្វើ​សឹកសង្គ្រាម​គ្រ​ប់​ដៃ​ផង ដោយ​ពួកគេ​គ្រាន់តែ​ក្រឡេក ឃើញ​សមត្ថកិច្ច​ភ្លាម ស្រាប់​តែមាន​យុវជន​ម្នាក់ បាន​បាញ់​សំដៅ មកលើ​កំលាំង​របស់​យើង​តែម្តង  ដែល​ធ្វើ​អោយកំលាំង ដែល​កំពុង​ត្រូវបាន​ដាក់ពង្រាយ​នោះ បាន​បាញ់​តបត​វិញ ធ្វើអោយ​ស្នូរ​ផ្ទុះអាវុធ​នេះ លាន់ឮ​កងរំពង​ពេញ​ព្រៃ ។​

​កម្លាំង​សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៨​នាក់  ដែល​អ្នក​ទាំងនោះ សុទ្ធតែជា​ពលករ​ខ្មែរ​ទាំងអស់ ។ ដោយឡែក កំលាំង​មួយចំនួន នៅតែ​បន្តធ្វើ​ការតាមប្រមាញ់ រហូត​ឃាត់​បាន​មនុស្ស ចំនួន ១១ នាក់​បន្ថែមទៀត  ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ពលករ​ខ្មែរ​ទាំងនេះ  និង ១០​នាក់ ទៀត​ជា​ពលករ​ខ្មែរ  សរុប​ទាំងអស់ គឺមាន​ចំនួន​២៩​នាក់ ។​
              
​ពលករ​ខ្មែរ​ម្នាក់ ឈ្មោះ ណា វណ្ណា បាន​និយាយ​សារភាព​តាម​ត្រង់​ថា  ពួកគេ​ទាំងអស់ មាន​គ្នា​ចំនួន​៦០​នាក់ ដែល​ត្រូវបាន​គេ​ជួល​មក ដោយ​គេ​បោក​ថា ចូលទៅ​កាប់​ដើម​ប្រេងខ្យល់  ដោយ​អោយ​តម្លៃ ក្នុង​មួយ​ដើម ២០០ បាត ពេល​អូស​ចេញពី​ក្នុងព្រៃ មកដល់​ក្រៅ គេ​បាន​បែង​ចែកជា​ពីរ​ក្រុម  ក្នុង​មួយក្រុម មាន​គ្នា ៣០ នាក់  ហើយ​ក្រុម​មួយ ជា​អ្នក​កាត់ឈើ  ឯ​ក្រុម​មួយទៀតជា​អ្នក​ជញ្ជូន​ឈើ​ចេញពី​ក្នុងព្រៃ មក​ខាងក្រៅ  តែ​ធាតុពិតគឺ​គេ​នាំ​អោយចូល មក​កាប់​ឈើ​គ្រញូង​សោះ ។​

​ពលករ​ម្នាក់ បាន​និយាយ​ឲ្យ​ដឹង​ទៀតថា ការ​លប​ចូលមកក្នុង​ទឹកដី​ថៃ គឺ​តាម​ច្រក​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ក្នុងពេល​រំលងអធ្រាត្រ ដោយមាន​រថយន្ត នៅចាំ​ដឹក​ផង  ហើយ​ពួកគេ​បានមក រស់នៅក្នុង​ព្រៃ​នេះ ចំនួន​១៤​ថ្ងៃ មកហើយ ដោយ​រង់ចាំ​រថយន្ត មក​ទទួល​វិលត្រឡប់​ទៅវិញ ព្រោះ​ឈើ​គ្រញូង ត្រូវបាន​គេ​ដឹក​ចេញ ចំនួន​៣​ឡាន រួចផុត​មកហើយ នៅ​ប៉ុន្មាន​ថ្ងៃមុន ។

​ដោយឡែក អ្នកបើកបរ​រថយន្ត ដែលជា​ជនជាតិ​ថៃ ឈ្មោះ សុំ​យ៉ុ​ត មូល​ខន​បុរី  អាយុ​៣៩​ឆ្នាំ រស់នៅ​ខេត្ត​ស្រះកែវ បាន​និយាយថា រូបគេ​ត្រូវបាន​គេ​ជួល អោយមក​ទទួល កម្មករ​កាប់​ឈើ ទាំងអស់​វិលត្រឡប់ ទៅ​ព្រំដែន​កម្ពុជា​វិញ  ក្នុង​មួយ​ជើង គេ​អោយ​តម្លៃ ៣.០០០ បាត តែ​ឥឡូវ​ត្រូវបាន​ឃាត់ខ្លួន​ទៅហើយ ។ ​បច្ចុប្បន្ន កម្មករ​ស៊ីឈ្នួល កាប់​ឈើ​ទាំងអស់ ត្រូវបាន​កំលាំង​ជំនាញ នាំយកទៅ​សាកសួរ​ហើយ ដើម្បី​តាម​ស្វែងរក​មេក្លោង​ធំ ដែលមាន​លុយ ហើយ​តែងតែ​ជួល ដល់​កម្មករ​ក្រីក្រ អោយ​លប​ចូលមក ប្រព្រឹត្ត​នូវ​បទល្មើស​បែបនេះ ៕V/S

ពលករ​ខ្មែរ​ចូល ទៅ​កាប់​ឈើ​គ្រញូង ២៩​នាក់ ត្រូវបាន​យោធា​ថៃ ចាប់ខ្លួន​