ជប៉ុន​និង​អាល្លឺម៉ង់ខ្វែង​គំនិត​​​គ្នា​ លើ​​ការ​ផ្តល់​សន្ទុះ​​សេដ្ឋកិច្ច​ពិភពលោក

នាឱកាសបំពេញទស្សនកិច្ចនៅអឺរ៉ុប និងនាឱកាសស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ល្ងាចមិញ ប្រមុខរដ្ឋាភិបាលជប៉ុន បានបង្ហាញជំហរខ្វែងគ្នានឹងអាល្លឺម៉ង់ ស្តីអំពីមធ្យោបាយផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ចពិភពលោក។ ខាងជប៉ុន ដើម្បីមានសន្ទុះ គេត្រូវតែហ៊ានប្រថុយបង្កើននយោបាយហិរញ្ញវត្ថុ ឯខាងអាល្លឺម៉ង់វិញ ចង់រក្សានយោបាយបែបប្រុងប្រយ័ត្ន។

“យើងត្រូវតែហ៊ាន ហ៊ានប្រថុយ ធ្វើឱ្យសកម្ម ដើម្បីផ្តល់កំណើនដល់សេដ្ឋកិច្ច ! មិនត្រូវចាំឱ្យទាល់តែសេដ្ឋកិច្ចពិភពលោកមានដំណើរជាធម្មតាឡើងវិញទេ ! នេះជាសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទៅកាន់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយលោកស្រី ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ភ្លាម។ សម្រាប់លោក អាបេ ដែលគាំទ្រគំនិតអាល្លឺម៉ង់ ទាមទារឱ្យប្រទេសមានវិបត្តិ ទន្ទឹមនឹងការបង្កើនល្បឿនធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច គេក៏ត្រូវហ៊ានសើរើនយោបាយថវិកា ដូចជាបង្កើនតម្រូវការក្នុងស្រុកដែរ។

តាំងពីឆ្នាំ២០១២មក លោកស៊ីនហ្សូ អាបេ បានចេញវិធានការផ្តល់សន្ទុះសេដ្ឋកិច្ចជប៉ុន ដែលមានឈ្មោះថា អាបេណូមិក។ លោក មានមហិច្ឆតាចង់ឃើញជប៉ុននិងអាល្លឺម៉ង់ ព្រមទាំងសមាជិកហ្សេ៧ ជាក្រុមប្រទេសមហាឧស្សាហកម្ម (អាមេរិក- បារាំង-អង់គ្លេស-អ៊ីតាលី-អាល្លឺម៉ង់-កាណាដា និងជប៉ុន) មានទស្សនៈរួមគ្នាជាធ្លុងមួយ ទើបខំប្រឹងធ្វើដំណើរមកបញ្ចុះបញ្ចូលដល់ផ្ទះរៀងៗខ្លួន។ បន្ទាប់ពីបារាំង និងអាល្លឺម៉ង់ លោកអាបេ ត្រូវបន្តដំណើរទៅកាន់ប្រទេសអង់គ្លេសនៅថ្ងៃនេះ។

ជប៉ុនដែលហ៊ានប្រើគ្រប់មធ្យោបាយ រាប់ទាំងអន្តរាគមន៍ក្នុងទីផ្សាររូបិយវត្ថុផងបើចាំបាច់ និងដែលក្នុងនាមជាម្ចាស់ផ្ទះ សង្ឃឹមថា នឹងអាចផ្តល់សាររួម ស្តីពីសេដ្ឋកិច្ចពិភពលោក នាឱកាសជំនួបកំពូល G៧ ថ្ងៃទី ២៩-២៧ឧសភា។

ប៉ុន្តែអាល្លឺម៉ង់ ដែលដៃគូឧស្សាហកម្មទាំងឡាយតែងរំអុកឱ្យគាំទ្រ ការបង្កើនចំណាយក្នុងស្រុក បញ្ចុះពន្ធដារ បង្កើនប្រាក់ខែ ដើម្បីចូលរួមចំណែកគាំទ្រសេដ្ឋកិច្ចពិភពលោក បានសម្តែងគំនិតខ្វែងរួចទៅហើយ នៅថ្ងៃម្សិលមិញ។ លោកស្រីមែរកិល បានបដិសេធប្រកបដោយសុជីវធម៌ទៅកាន់សមភាគីជប៉ុន ថាតម្រូវការក្នុងស្រុកអាល្លឺម៉ង់ សកម្មគ្រប់គ្រាន់ហើយ តាមរយៈការទទួលយកជនភៀសខ្លួន។ នយោបាយថវិកាអាល្លឺម៉ង់រឹងមាំ ហើយអាល្លឺម៉ង់គ្មានជម្រើសអ្វីក្រៅអំពីការរិតត្បិតនេះទេ បើទោះបីជាមានសល់ផលថវិកាក៏ដោយ៕

ជប៉ុន​និង​អាល្លឺម៉ង់ខ្វែង​គំនិត​​​គ្នា​ លើ​​ការ​ផ្តល់​សន្ទុះ​​សេដ្ឋកិច្ច​ពិភពលោក

លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ Merkel និងនាយករដ្ឋមន្ត្រីជប៉ុន លោក Abe នៅក្រុងMeseberg អាល្លឺម៉ង់ថ្ងៃទី ៤ ឧសភា ២០១៦

ប្រភពៈ RFI