ប្រវត្តិ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ការ​ចាប់ផ្តើម​អាជីព ស្នេហា និង​មរណភាព

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​តារាភាពយន្ត​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០ ។ អ្នកស្រី​សូ​ដា​នី​មាន​រូប​សម្រស់​ស្រស់​សោភា ចរិត​ទន់ភ្លន់ សុភាព​រាបសា ស្រគត់ស្រគំ និង​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ​សម្ដែង ល្អ ។ អ្នកស្រី​សូ​ដា​នី​មានឈ្មោះ​ដើម​សោម វណ្ណ​ស៊ុ​ក ប្រភព​កំណើត​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ឪពុក​ឈ្មោះ​សោម ផ​ន ជា​ទាហាន​ហ្លួង ម្តាយ​ឈ្មោះ​ព្រាប មុត ជា​មេផ្ទះ​។  ម្ដាយ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​បងប្អូន​ជីដូនមួយ​នឹង​អ្នក​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ម៉ុង​តា​ណា ។

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​៤​នាក់​គឺ​៖
១-​សោម ស៊ី​ថា​ន់
២-​សោម វណ្ណ​ស៊ុ​ក (​សោម វណ្ណ​សូ​ដា​នី​)
៣-​សោម វណ្ណ​ធិ​ន
៤-​សោម វណ្ណ​សាយ

ក្នុង​ចំណោម​បងប្អូន​បង្កើត​ទាំង​៤​នាក់​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី សព្វ​ថ្ងៃនេះ​នៅ​រស់​តែ​ម្នាក់​គត់ គឺ​លោក​សោម វណ្ណ​សាយ ជា​ប្អូនប្រុស​ពៅ​រស់នៅ​ប្រទេស​កា​ណា​ដា ។ មុន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ភាពយន្ត អ្នកស្រី​សូ​ដា​នី​ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន ។

ប្រវត្តិ​ចាប់​អាជីព​ជា​តារាភាពយន្ត និង​ស្នាដៃ
អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ចូល​ប្រឡូក​សិល្បៈ​ភាពយន្ត​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ទី​៦០ ហើយ​បាន​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្ម​បក្សី​ឋានសួគ៌​ភាពយន្ដ របស់​លោក​អីុ វ៉ុ​ង​ហែម​,​ផលិតកម្ម​ឥន្ទ្រ​ទេវី​ភាពយន្ត​របស់​លោក​ប៊ី​វ ឆៃ​លាង​, ផលិតកម្ម​ហេមពាន្ត​ភាពយន្ត របស់​លោក​លី យូ​ស្រ៊ា​ង​, ផលិតកម្ម​ប្រាសាទ​មាស​ភាពយន្ត របស់​លោក​សា​រ៉ា​វុ​ធ​, ផលិតកម្ម​កងចក្រ​ភាពយន្ត របស់​លោក​អ៊ួ​ង កន្ធ​ន់​, ផលិតកម្ម​ពិស្ណុការ​ភាពយន្ត របស់​លោក​វណ្ណ វណ្ណៈ​, ផលិតកម្ម​អប្សរា​ភាពយន្ត​របស់​លោក​លី សុង​ហេង ជាដើម ។ តួឯក​ប្រុស​ដែល​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ធ្លាប់​សម្ដែង​ជាមួយ​មាន​លោក​គង់ សំ​អឿ​ន និង​លោក​ជា យុទ្ធ​ថន ជាដើម ។

ចាប់តាំងពី​ចាប់ផ្តើម​អាជីព​រហូត​ដល់​បញ្ចប់​នៅ​ពេល​របប​ប្រល័យពូជសាសន៍​ចូល​មក​ដល់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ។ ក្នុង​ចំណោម​ខ្សែភាពយន្ត​ទាំងនោះ ខ្សែភាពយន្ត​ដ៏​ល្បី​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មាន​ដូច​ជា​រឿង «​អា​ប៊ុល​កា​សេ​ម​» , រឿង​«​សុវណ្ណ​ហង្ស​», រឿង​«​អុ​ី​ណា​វ​បុស្បា​», និង​រឿង​«​ថាវ​រី​មាសបង​»​ជាដើម ។ ទស្សនិកជន​តែងតែ​កោតសរសើរ​ចំពោះ​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​របស់​អ្នកស្រី​សូ​ដា​នី ។

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី គឺជា​តារា​ស្រី​មាន​ប្រជាប្រិយភាព​មួយ​រូប ក្នុង​ចំណោម​តារា​ជា​ច្រើន​រូប​ទៀត ក្នុង​ជំនាន់​ជាមួយ​គ្នា​ដូច​ជា​អ្នកស្រី​គី​ម ណូ​វ៉ា​, អ្នកស្រី​ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី​ជាដើម ។

ភស្តុ​តាង​ទេព​កោសល្យ​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី គេ​អាច​មើលឃើញ​តាម​រយៈ​ខ្សែភាពយន្ត​របស់​អ្នកស្រី​ដែល​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន ដូច​ជា​រឿង «​អា​ប៊ុល​កា​សេ​ម​»,  «​សុវណ្ណ​ហង្ស​» , និង​រឿង «​ថាវ​រី​មាសបង​» ជាដើម ។ គិត​ពី​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៧៥ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី សម្តែង​ភាពយន្ត​បាន​ប្រមាណ​៤៨​រឿង ។ ខ្សែភាពយន្ត​ដែល​អ្នកស្រី​សូ​ដា​នី​បាន​ចូលរួម​សម្ដែង​ទាំងនោះ​រួម​មាន ៖

១-​រឿង​«​ចិត្ត​ម្ដាយ​»  ឆ្នាំ​១៩៦៣ ។
២-​រឿង​«​សូ​ផាត​» ឆ្នាំ​១៩៦៣ ។
៣-​រឿង​«​ជាតិ​ស្ត្រី​» ឆ្នាំ​១៩៦៤ ។
៤-​រឿង​«​ភព​ខ្មៅ​ងងឹត​» ឆ្នាំ​១៩៦៤ ។
៥-​រឿង​«​កាលណា​ផ្កា​រីក​» ឆ្នាំ​១៩៦៥ ។
៦-​រឿង​«​នឹកឃើញ​ជា​និច្ច​» ឆ្នាំ​១៩៦៥ ។
៧-​រឿង​«​កំហុស​អ្នក​ណា​» ១៩៦៥ ។
៨-​រឿង​«​ម្ដាយ​ខ្ញុំ​» ១៩៦៥ ។
៩-​រឿង​«​សុបិន​ធីតា​» ឆ្នាំ​១៩៦៥ ។
១០-​រឿង​«​នាង​សក់​ក្រអូប​» ឆ្នាំ​១៩៦៦ ។
១១-​រឿង​«​នាង​កែវ​ណា​ម៉ា​» ឆ្នាំ​១៩៦៧ ។
១២-​រឿង​«​សុវណ្ណ​ហង្ស​» ឆ្នាំ​១៩៦៧ ។
១៣-​រឿង​«​ជ័យ​សូរ​វង្ស​» ឆ្នាំ​១៩៦៧ ។
១៤-​រឿង​«​ក្នុង​លោក​នេះ​បើ​គ្មាន​បង​»  ឆ្នាំ​១៩៦៧ ។
១៥-​រឿង​«​ព្រះ​ច័ន្ទ​គោរព​»  ឆ្នាំ​១៩៦៧ ។
១៦-​រឿង​«​ស្នេហា​ស្រុកស្រែ​» ឆ្នាំ​១៩៦៧ ។
១៧-​រឿង​«​អីុ​ណា​វ​បុស្បា​» ១៩៦៨ ។
១៨-​រឿង​«​នាង​ពិម្ពា​សរជាតិ​»​ឆ្នាំ​១៩៦៨ ។
១៩-​រឿង​«​អា​ប៊ុល​កា​សេ​ម​»  ឆ្នាំ​១៩៦៩ ។
២០-​រឿង​«​ច័ន្ទ​គ្រឿ​ហ្វា​» ឆ្នាំ​១៩៦៩ ។
២១-​រឿង​«​ថាវ​រី​មាសបង​» ឆ្នាំ​១៩៦៩ ។
២២-​រឿង​«​ភោគ​កុ​ល​កុមារ​» ឆ្នាំ​១៩៦៩ ។
២៣-​រឿង​«​រតនា​វង្ស​» ឆ្នាំ​១៩៧០ ។
២៤-​រឿង​«​ភិន​សុវណ្ណ​» ឆ្នាំ​១៩៧០ ។
២៥-​រឿង​«​ព្រះ​មហោសថ​» ឆ្នាំ​១៩៧០ ។
២៦-​រឿង​«​ផ្កា​អង្គា​បុស្ស​» ឆ្នាំ​១៩៧០ ។
២៧-​រឿង​«​ព្រះកំចាយ​ទេព​» ឆ្នាំ​១៩៧១ ។
២៨-​រឿង​«​អ្នក​កាត់សក់​ដៃឯក​»​ឆ្នាំ​១៩៧១​។
២៩-​រឿង​«​នាង​ព្រាយ​កន្ទោងខៀវ​» ១៩៧១ ។
៣០-​រឿង​«​សុរិយាល្ងាចថ្ងៃ​» ឆ្នាំ​១៩៧១ ។
៣១-​រឿង​«​ដំរីចុះប្រេង​» ឆ្នាំ​១៩៧១ ។
៣២-​រឿង​«​លា​អូន​ទៅ​ច្បាំង​» ឆ្នាំ​១៩៧២​។
៣៣-​រឿង​«​អណ្ដើក​ស៊ី​ត្រកួន​»​ឆ្នាំ​១៩៧២ ។
៣៤-​រឿង​«​នាង​ផាត់ជាយ​» ឆ្នាំ​១៩៧២
៣៥-​រឿង​«​បិសាច​ស្រមោល​ខ្មៅ​» ឆ្នាំ​១៩៧៣ ។
៣៦-​រឿង​«​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​» ឆ្នាំ​១៩៧៣ ។
៣៧-​រឿង​«​ឆ្អែតចិត្ត​» ឆ្នាំ​១៩៧៣ ។
៣៨-​រឿង​«​ខ្លែង​ស​ខ្លែង​ខ្មៅ​» ឆ្នាំ​១៩៧៣ ។
៣៩-​រឿង​«​ចន្ទន៍​ក្រស្នា​» ឆ្នាំ​១៩៧៣ ។
៤០-​រឿង​«​ផ្គរលាន់​ដើមឆ្នាំ​» ឆ្នាំ​១៩៧៣ ។
៤១-​រឿង​«​សំនៀង​ស្នេហ៍​កម្ម​»​ឆ្នាំ​១៩៧៣ ។
៤២-​រឿង​«​ស្នាម​ស្នេហ៍​ព្រៃ​គប់​»  ឆ្នាំ ១៩៧៣ ។
៤៣-​រឿង​«​ស្នេហ៍​មកពីណា​» ឆ្នាំ​១៩៧៣ ។
៤៤-​រឿង​«​ឆ្នាំ​អូន​១៦» ឆ្នាំ​១៩៧៤ ។
៤៥-​រឿង​«​អង្គុលីមា​ល​» ឆ្នាំ​១៩៧៤ ។
៤៦-​រឿង​«​ឈាម​ឥន្ទ្រី​ខ្មៅ​» ឆ្នាំ​១៩៧៤ ។
៤៧-​រឿង​«​ក្រមុំ​ចូល​ម្លប់​» ឆ្នាំ​១៩៧៤ ។
៤៨-​រឿង​«​អ្នក​ប្រដាល់​១៣​ស្រុក​» ។

         ស្នេហា
តារាភាពយន្ត​លោក​ជា យុទ្ធ​ថន មាន​ភរិយា​ដំបូង​គឺ​អ្នកស្រី​វណ្ណ ភូមី ។ ក្រោយមក​លោក​ជា យុទ្ធ​ថន បាន​ក្លាយជា​គូ​ស្វាមី​-​ភរិយា​នឹង​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ដែល​ជា​តារាភាពយន្ត​ដូច គ្នា ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជានា​រី​មាន​ចរិត​សុភាព​រាបសា​សក្តិ​សម​នឹង​សម្រស់​ស្រស់​ស្រទន់​របស់​អ្នកស្រី ។
មុន​ពេល​ក្លាយជា​តារាភាពយន្ត​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ស្ពឺ​ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី ។

        អ្នក​ស្នង​ត្រកូល
គូ​ស្វាមី​-​ភរិយា​លោក​ជា យុទ្ធ​ថន និង​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី នៅ​សល់​កូនប្រុស​ម្នាក់​នា​ពេល​បច្ចុប្បន្ន​គឺ​លោក​ថន ថា​រិ​ទ្ធ ហៅ​សៅ ភី ។ លោក​ថន ថា​រិ​ទ្ធ មាន​ប្រវត្តិ​ជីវិត​កម្សត់​ណាស់ តែ​លោក​បាន​កសាង​ជីវិត​ក្លាយជា​សាស្ត្រាចារ្យ ។  លើស​ពី​នេះ​ទៅ​ទៀត លោក​ថន ថា​រិ​ទ្ធ ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ គឺ​លោក​បាន​ក្លាយជា​តារា​សម្តែង​ភាពយន្ត​ម្នាក់​ដែរ ស្នង​មរតក​សិល្បៈ​ភាពយន្ត​ពី​ឪពុក​និង​ម្តាយ​របស់​លោក​។

ស្នាដៃ​ភាពយន្ត​ដែល​លោក​ថន ថា​រិ​ទ្ធ បាន​សម្តែង​ជា​តួឯក គឺ​រឿង «​ឈាម​អនាថា​» និង​រឿង «​កែវភ្នែក​សំណព្វចិត្ត​» ។

ក្នុង​នាម​ជា​កូនកំព្រា លោក​ថន ថា​រិ​ទ្ធ បាន​ប្រមូល​ក្មេង​កំព្រា​ជា​ច្រើន​នាក់​មក​ចិញ្ចឹម និង​គ្រប់គ្រង ។

          មរណភាព
របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ បាន​បំផ្លិចបំផ្លាញ​សង្គម​កម្ពុជា​ទាំងមូល ហើយ​សូ​ម្បី​តែ​សិល្បករ​ក៏​បង់ជីវិត​ក្នុង​របប​នោះ​ច្រើន​នាក់​ដែរ។ ចំពោះ​តារាភាពយន្ត​លោក​ជា យុទ្ធ​ថន បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នា​ឆ្នាំ​១៩៧៦ នៅ​ខេត្តបាត់ដំបង ។ ចំណែក​ភរិយា​របស់​លោក​ជា យុទ្ធ​ថន គឺ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ដែរ ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្តកំពត ៕