អូនតូច ​របួស​ជើង ប្រហែល​មិន​អាច​លេង​ឱ្យ U16 ​បាន​ទេ

អាត អូនតូច ​បច្ចុប្បន្ន​កំពុង​តែ​ញាំញី​ដោយ​របួស​ជើង​ទាំង​សង​ខាង ដែល​របួស​នេះ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​ជម្រើស​ជាតិ U16 ​រូប​នេះ​មិន​អាច​ចូល​លេង​បាន​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

 

អូនតូច ​របួស​ជើង ប្រហែល​មិន​អាច​លេង​ឱ្យ U16 ​បាន​ទេ

 អាត អូនតូច

 

​តាម​លោក​ INOUE KAZUNORI ​គ្រូ​បង្គោល​ជន​ជាតិ​ជប៉ុន​ដែល​ដឹក​នាំ​ក្រុម U16 ​កម្ពុជា​​បាន​បញ្ជាក់​ថា​ អូនតូច ​មាន​របួស​ប្រេះ​កែង​​​ជើង​ខាង​ស្ដាំ​ ហើយ​បន្ទាប់​ពី​ជា​សះស្បើយ​របួស រូបគេ​បាន​ចូល​ហ្វឹកហាត់​ក៏​មាន​របួស​ជើង​ខាង​ឆ្វេង​ម្ខាង​ទៀត។ របួស​នេះ​កើត​ឡើង​អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​បាន​ទេ ព្រោះ​នៅ​ឈឺ​ជើង​ទាំង​សងខាង​តិច​ៗ​។

 

ទាក់ទិន​នឹង​របួស​នេះ​ដែរ លោក KAZUNORI ​បាន​បន្ត​ទៀត​ថា ​កីឡាករ​វ័យ​ក្មេង​ខាង​លើ​អាច​ចូល​លេង​បាន​ឬ​អត់​នោះ​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ពោល​គឺ​ត្រូវ​ចាំ​មើល​របួស​នេះ​បន្ត​សិន។

 

អូនតូច ​របួស​ជើង ប្រហែល​មិន​អាច​លេង​ឱ្យ U16 ​បាន​ទេ

 ​លោក​ INOUE KAZUNORI

 

ក្រុម​ជម្រើស​ជាតិ U16 ​របស់​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១០​ខែ​ឧសភា​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ មុន​បន្ត​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ថៃ​បន្ត​ទៀត។ ខណៈ​ដែល​ពាន​រង្វាន់ AFF U-16 Championship 2016 ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​នៅ​ប្រទេស​កម្ពុជា។

 

ក្នុង​ឆ្នាំ​២០១៦​នេះ​ដែរ ​ពាន​រង្វាន់​មួយ​នេះ​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត ​ត្រូវ​បែងចែក​ជា​២​ពូល ដោយ​ពូល A ​មាន​មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ខណៈ​​ពូល B ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ឡាវ ថៃ ទីម័រ ​និង​ប្រ៊ុយណេ។ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត នឹង​ប្រើ​ទីលាន​២​ដើម្បី​ធ្វើ​ការ​ប្រកួត ដោយ​ទី​មួយ​គឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ស្ដាត​ចាស់៕

 

 

អូនតូច ​របួស​ជើង ប្រហែល​មិន​អាច​លេង​ឱ្យ U16 ​បាន​ទេ

 

អត្ថបទ​៖ មុន្នី រម្យ