ចំណាយ ៦០ម៉ឺន​ដុល្លារ ​លើ​គម្រោង១ ក្នុង​ពន្ធនាគារ​កម្ពុជា

អង្គការ​ស៊ីប៉ា និង​ដៃ​គូ​សហការរួមមាន ភ្នាក់ងារ​​បារាំង​សម្រាប់​អភិវឌ្ឍ អង្គការ​មិត្ត​សំឡាញ់ និង​អង្គការ​ប្លប់​តាប៉ាង បាន​ចំណាយ​​ប្រាក់ ៦០ម៉ឺន​ដុល្លារ លើ​គម្រោង «អភិវឌ្ឍន៍​​បណ្ណាល័យ សេវា​អប់រំ និង​សមាហរណកម្ម​ក្នុង​ពន្ធនាគារ​» នៅ​កម្ពុជា ដែល​គម្រោង​នេះ​មាន​រយៈ​ពេល ៣ឆ្នាំ ​គឺចាប់​ពី ខែ​មីនា ឆ្នាំ២០១៦ ដល់ ខែកុម្ភៈ ឆ្នាំ២០១៩។

 

ចំណាយ ៦០ម៉ឺន​ដុល្លារ ​លើ​គម្រោង១ ក្នុង​ពន្ធនាគារ​កម្ពុជាលោក ហុក សុទ្ធិ នាយក​នៃ​អង្គការ​​លើក​កម្ពស់​អំណាន​នៅ​កម្ពុជា ស៊ីប៉ា

 

លោក ហុក សុទ្ធិ នាយក​នៃ​អង្គការ​​លើក​កម្ពស់​អំណាន​នៅ​កម្ពុជា ស៊ីប៉ា មាន​ប្រសាសន៍ថា ក្នុង​កញ្ចប់​ថវិកា​សរុប ៦០ម៉ឺន​ដុល្លារ​​នេះ ៥០% បាន​មក​ពី​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍។

 

គម្រោង​រយៈ​ពេល ៣ ឆ្នាំ ដែល​អង្គការ ស៊ីប៉ា និង​ដៃគូ សហការ​ជាមួយ​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ រយៈ​ពេល​បី​ឆ្នាំ ២០១២-២០១៤ មក ហើយ​គម្រោង​ថ្មី​នេះ ​ធ្វើ​ឡើង​ដើម្បី៖

 

. ពង្រឹង និង​ប្រែក្លាយ​បណ្ណាល័យ​ទាំង ២៦ នៅ​ក្នុង​ពន្ធនាគារ​ឱ្យ​ក្លាយ​ជា​មណ្ឌល​អប់រំ។
. អភិវឌ្ឍ​កម្មវិធី​អក្ខរកម្ម​ដល់​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទាំង ១០។
. អភិវឌ្ឍ​កម្មវិធី​មុន​សមាហរណកម្ម​នៅ​ក្នុង​ពន្ធនាគារ​ចំនួន ៣ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​ពន្ធនាគារ​ចំនួន ៤។
. ពង្រឹង​សមត្ថភាព​អគ្គនាយកដ្ឋាន​ពន្ធនាគារ មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ខេត្ត ដើម្បី​អនុវត្ត​គម្រោង​ឱ្យ​មាន​ប្រសិទ្ធភាព។

 

លោក ហុក សុទ្ធិ បញ្ជាក់​ថា៖ “យើង​​ជឿ​ថា ពេល​យើង​ផ្ដល់​​ការអប់រំ​មួយ​ចំនួន តាម​រយៈ​សៀវភៅ ឬ​តាម​រយៈ​វិជ្ជាជីវៈ គាត់​អាច​មាន​ឱកាស​ប្រសើរ​​ជាង​អត់ ពេល​គាត់​ចាប់​របរ​អី​ផ្សេងៗ​នៅ​ខាងក្រៅ ក្រោយ​គាត់​ចេញ​មក (ពន្ធនាគារ) ដើម្បី​ជៀសវាង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ នាំ​ឱ្យ​គាត់​ត្រឡប់​ទៅ​​ពន្ធនាគារ​វិញ”។

 

បច្ចុប្បន្ន​​​សៀវភៅ​ក្នុង​បណ្ណាល័យ​​តាម​​ពន្ធនាគារ និង​មណ្ឌល​កែប្រែ​នៅ​កម្ពុជា មាន​ចំនួន​ពី ៧ ទៅ ៨ ពាន់​ក្បាល​ផ្សេងៗ​គ្នា ដើម្បី​ទុក​សម្រាប់​ឱ្យ​អ្នក​​ជាប់​ឃុំ ស្រូប​យក​ចំណេះ​ដឹង​។

 

ចំណាយ ៦០ម៉ឺន​ដុល្លារ ​លើ​គម្រោង១ ក្នុង​ពន្ធនាគារ​កម្ពុជា

ឯកឧត្ដម ចាន់ គឹមសេង អគ្គនាយ នៃ​អគ្គនាយក​កដ្ឋាន​ពន្ធនាគារ 

 

ឯកឧត្ដម ចាន់ គឹមសេង អគ្គនាយ នៃ​អគ្គនាយក​កដ្ឋាន​ពន្ធនាគារ មាន​ប្រសាសន៍​ដែរ​ថា ការ​បង្កើត​ឱ្យ​មាន​បណ្ណាល័យ​ក្នុង​ពន្ធនាគារ ជា​វិធី​ល្អ​​​សម្រាប់​​អ្នក​ជាប់​ឃុំឃាំង ក្នុង​ការ​ទទួល​បាន​ចំណេះ​ដឹងតាម​រយៈ​ការអាន ដើម្បី​ឱ្យ​ពួកគាត់​ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​វិញ។

 

ឯកឧត្ដម​បន្ត​ថា៖ “យើង​អាច​មើល​ឃើញ​ចំណុច​ល្អ​មួយ​ត្រង់​ថា ជាជាង​គាត់​​ប្រើ​ពេល​ទំនេរ​នៅ​​​ពន្ធនាគារ គាត់​ប្រើ​ពេល​នេះ​ទៅ​អាន វា​បាន​ចំណេញ​ចម្រើន​ដល់​ចំណេះ​ដឹង​របស់​គាត់។ ត្រង់​ថា​ការ​គិត​ជា​ភាគរយ ពេល​គាត់​ចូល​សមាហរណកម្ម​ទៅ​​សង្គម​វិញ យើង​​ត្រូវ​ការ​ពេល​វេលា ​ដើម្បី​ស្រាវជ្រាវ​បន្ថែម​ទៀត។ ពេល​មិន​ទាន់​មាន​ពន្ធនាគារ​ ពួក​គាត់​ចំណាយ​ពេល​លើ​រឿង​ឥតប្រយោជន៍​ច្រើន។ គោលដៅ​របស់​បណ្ណាល័យ​នេះ ​គឺ​តម្រង់ទិស​ឱ្យ​​គាត់​​ទៅ​រក​ចំណេះ​ដឹង​មួយ​ចំនួន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​របររបស់​គាត់ ក្រោយ​ចេញ​ពី​ពន្ធនាគារ”។

 

ឯកឧត្ដមឱ្យ​ដឹង​​ទៀត​ថា កម្ពុជា​​ជា​ប្រទេសអំណោយផលខាងវិស័យ​កសិកម្ម ដូច្នេះ​​​ពន្ធនាគារ ​ចង់​ឱ្យ​ពួកគាត់​​អានសៀវភៅ​​ទាក់ទង​នឹង​​​វិស័យ​នេះឱ្យ​បាន​​ច្រើន។

 

នៅ​ក្រសួង​មហាផ្ទៃ នា​ម៉ោង ៣៖ ៣០ រសៀល​ម្សិលមិញ​នេះ អង្គការ​ស៊ីប៉ា បាន​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ស្ដី​អំពី​គម្រោង «អភិវឌ្ឍន៍​​បណ្ណាល័យ សេវា​អប់រំ និង​សមាហរណកម្ម​ក្នុង​ពន្ធនាគារ​» ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ៕

 

ចំណាយ ៦០ម៉ឺន​ដុល្លារ ​លើ​គម្រោង១ ក្នុង​ពន្ធនាគារ​កម្ពុជា

 

ចំណាយ ៦០ម៉ឺន​ដុល្លារ ​លើ​គម្រោង១ ក្នុង​ពន្ធនាគារ​កម្ពុជា

 

អត្ថបទ៖ អ៊ុំ សុភក្តិ