អង្គការសហប្រជាជាតិកំពុងរត់ការឲ្យមន្ដ្រីខ្លួនដែលជាប់ពាក់ព័ន្ឋក្នុងរឿងក្ដីស្នេហាលោក កឹម សុខា

លោក សឿន សាលី ជាបុគ្គលិកខ្មែរដែលធ្វើការឲ្យអង្គការសហប្រជាជាតិ ដែលមានទាំងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិផងនោះ កំពុងជាប់ពាក់ព័ន្ឋនឹងរឿងអាស្រូវស្នេហាផ្លូវភេទរវាងលោក កឹម សុខា និងកញ្ញាស្រីមុំ និងត្រូវរងនឹងការប្ដឹងផ្ដល់ឡើងតុលាការ។ហើយពេលនេះអង្គការសហប្រជាជាតិកំពុងស្វែងរកដំណោះស្រាយជាមួយនឹងរដ្ឋាភិបាលកម្ពុជា តែមិនទាន់មានការឆ្លើយតបណាមួយពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ។

អង្គការសហប្រជាជាតិបានប្រាប់រដ្ឋាភិបាលកម្ពុជាថា បុគ្គលិកខ្មែរដែលធ្វើការឲ្យអង្គការសហប្រជាជាតិលោក សឿន សាលី ដែលជាប់ចោទថាពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាផ្លូវភេទរវាងលោក កឹម សុខា និងកញ្ញាស្រីមុំនោះ គឺមានអភ័យឯកសិទ្ធិពីការប្ដឹងផ្ដល់ឡើងតុលាការ។តាមរយ:វិទ្យុអូស្ត្រាលី លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិនិយាយថា អង្គការសហប្រជាជាតិបានពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជាហើយដើម្បី ស្វែងរកដំណោះស្រាយសមរម្យលើករណីនេះ ហើយពេលនេះអង្គការសហប្រជាជាតិកំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលវិញ។

យ៉ាងណាវិទ្យុវាយោមិនអាចសុំការឆ្លើយតបពីមន្ត្រីរដ្ឋាភិបាល លើករណីនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី៥ ឧសភានេះ។ប៉ុន្តែកាលពីថ្ងៃទី១ ឧសភា កន្លងទៅសម្តេចហ៊ុន សែនបានថ្លែងពីខេត្តព្រះសីហនុថាសម្តេចមិនទទួលយកការដោះដូរណាមួយឡើយ ហើយសម្តេចបានថ្លែងព្រមានទៀត មិនឲ្យបរទេសជ្រៀតជ្រែកក្នុងកិច្ចការរបស់កម្ពុជាទៀតផង។

តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអ្នកស្រី វ៉ាន់ហ៊ី លី បញ្ជាក់ថានឹងបន្តតាមដានសំណុំរឿងទាំងនេះដោយយកចិត្តទុកដាក់ ហើយសង្ឃឹមថា ដំណើរការកាត់ក្ដី នឹងប្រព្រឹត្តទៅដោយយុត្តិធម៌ពេញលេញ។ អ្នកស្រីបន្តថា អង្គការសហប្រជាជាតិ ស្វែងរកមធ្យោបាយមួយក្នុងការសហការជាមួយរដ្ឋាភិបាលលើនីតិវិធី តុលាការ ដោយស្របតាមអនុសញ្ញាស្ដីពីអភ័យឯកសិទ្ធិរបស់មន្ត្រីអង្គការសហប្រជាជាតិ។

ក្រុមអង្គការសិទ្ធិ មនុស្សនៅកម្ពុជានិយាយថា យន្ដការប្ដឹងផ្ដល់ឡើងតុលាការទាំងនេះ គឺជាការប៉ុនប៉ងចុងក្រោយរបស់សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីបង្ក្រាបដល់កំណើនក្រុមអ្នកប្រឆាំងដែលព្យាយាមទម្លាក់សម្តេចចេញពីអំណាច៕

អង្គការសហប្រជាជាតិកំពុងរត់ការឲ្យមន្ដ្រីខ្លួនដែលជាប់ពាក់ព័ន្ឋក្នុងរឿងក្ដីស្នេហាលោក កឹម សុខា

ប្រភពៈ វាយោ