តំណាងរាស្រ្តបក្សប្រឆាំងកោះហៅ​រដ្ឋមន្រ្តីយុត្តិធម៌មកបំភ្លឺ​ផ្ទាល់មាត់ ខណៈ​តុលាការ​ចោទប្រកាន់មន្រ្តីសិទ្ធិមនុស្ស​

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន១០រូប ដាក់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ឲ្យចូលបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភាលើបញ្ហាមួយចំនួន ដែលក្នុងនោះមានការសាកសួរពីការចោទប្រកាន់របស់តុលាការលើតំណាងរាស្រ្តនិងមន្រ្តីសិទ្ធិមនុស្សផងដែរ។

ក្នុងលិខិតចុះថ្ងៃទី៤ ខែឧសភា តំណាងរាស្រ្តបក្សប្រឆាំងក្នុងនោះមាន លោក សុន ឆ័យ ផងដែរ បានស្នើនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺ នៅថ្ងៃព្រហស្បតិ៍ក្នុងពេលឆាប់ៗខាងមុខ ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន រួមមានគោលការណ៍ច្បាប់និងគោលនយោបាយព្រហ្មទណ្ឌរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន(គោលការណ៍និងការអនុវត្តជាក់ស្តែងនិងអធិការកិច្ចការឃុំខ្លួន)និងការប្តឹងបរិហារនិងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

តំណាងរាស្រ្តបានបញ្ជាក់ថា៖ “ខ្ញុំសង្ឃឹមថាសម្តេនាយករដ្ឋមន្រ្តីនឹងចាត់តាំងបញ្ជូនឯកឧត្តមអង្គ វង្ស វឌ្ឍានា មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅមន្ទីរដ្ឋសភានៅពេលឆាប់ដែលអាចធ្វើទៅបាននិងជំរុញឲ្យមានការអនុវត្តការសួរដេញដោលផ្ទាល់មាត់ចំពោះសមាជិករាជរដ្ឋាភិបាលដទៃទៀតផងដែរ”។

លោក សុន ឆ័យ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាការស្នើសុំបំភ្លឺនេះជាគម្រោងដែលតំណាងរាស្រ្តបានត្រៀមយូរមកហើយនិងមិនពាក់ព័ន្ធនឹងស្ថានភាពនយោបាយដែលកំពុងកើតឡើងបច្ចុប្បន្ននោះទេ។ លោកបន្តថាប្រព័ន្ធតុលាការនិងក្រសួងយុត្តិធម៌ត្រូវបានរិះគន់ជាបន្តបន្ទាប់ថាមានភាពមិនប្រក្រតីច្រើន។លោកបញ្ជាក់ថា៖ “យើងចង់ជម្រះគ្នាឲ្យច្បាស់ យើងមានយន្តការនៅរដ្ឋសភា…ក្រសួងយុត្តិធម៌បានប្រព្រឹត្តដោយបំពានឯករាជ្យភាពតរបស់តុលាការច្រើន”

លោក សុន ឆ័យ បានបន្ថែមថាបញ្ហាការចោទប្រកាន់តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាននិងមន្រ្តីសង្គមស៊ីវិលនាពេលថ្មីៗនេះ ក៏នឹងត្រូវសួរដេញដោលផងដែរ។ លោកបញ្ជាក់ថាការមិនអនុញ្ញាតឲ្យរដ្ឋមន្រ្តីមកឆ្លើយបំភ្លឺដោយផ្ទាល់មាត់ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

វីអូឌីមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានភ្លាមៗនៅឡើយទេ៕

តំណាងរាស្រ្តបក្សប្រឆាំងកោះហៅ​រដ្ឋមន្រ្តីយុត្តិធម៌មកបំភ្លឺ​ផ្ទាល់មាត់ ខណៈ​តុលាការ​ចោទប្រកាន់មន្រ្តីសិទ្ធិមនុស្ស​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា កាលពីកន្លងទៅ

ប្រភពៈ VOD