អ្នកមានវិវាទដីនៅភ្នំពេញតវ៉ាជាថ្មីដោយព្រួយពីការបណ្ដេញចេញ

ប្រជាសហគមន៍ស្ទឹងមានជ័យទាំង៨ដែលរស់នៅតាមប្រឡាយទឹកបានជួបជុំគ្នាដាក់ញត្តិជាថ្មីទៅកាន់ក្រសួងដែនដីនិងសាលារាជធានីភ្នំពេញ ដើម្បីសុំជួបពិភាក្សាពីការអភិវឌ្ឍនៅនឹងកន្លែងដោយពួកគេព្រួយបារម្ភពីការបណ្ដេញចេញ។

ការចេញតវ៉ានៅព្រឹកថ្ងៃទី០៥ខែឧសភានេះ ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងមានជ័យនិងស្ទឹងមានជ័យ១ឲ្យដឹងថាពួកគេរាប់រយ គ្រួសារមានការព្រួយបារម្ភពីការបណ្ដេញចេញ បន្ទាប់ពីឃើញនៅលើទំព័រហ្វេសប៊ុកអភិបាលរាជធានីបានផ្សព្វផ្សាយពីការស្តាប្រឡាយស្ទឹងមានជ័យ។

ប្រជាសហគមន៍ម្នាក់អ្នកស្រី ប៉ូ ចន្ថន និយាយថាប្រជាពលរដ្ឋដែលរស់នៅទីនោះជាង២០ឆ្នាំមកហើយមិនមានប័ណ្ណកម្មសិទ្ធិទេ តែអ្នកស្រីថាផ្ទះទាំងនោះមានលិខិតទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។

អ្នកស្រីបន្ថែមថា៖ ជាទូទៅខ្ញុំថាមិនថាសហគមន៍ស្ទឹងមានជ័យឬសហគមន៍ផ្សេងទេគឺការរស់នៅលើប្រឡាយមានតែលិខិតទិញលក់ពីអាជ្ញាធរចំពោះប្លង់រឹងគឺអត់មានទេ។ តែពួកខ្ញុំរស់នៅនេះតាមច្បាប់លំនៅដ្ឋានពួកខ្ញុំរស់នៅស្របច្បាប់ ព្រោះពួកខ្ញុំរស់នៅរាប់សិបឆ្នាំខ្លះ៣០ឆ្នាំ ២០ឆ្នាំ ១០ឆ្នាំ មកហើយ។ អញ្ចឹងអ្វីដែលពួកខ្ញុំទាមទានេះចង់ឲ្យមានការណាត់ជួបនិងពិភាក្សាលើប្លង់ពង្រៀងដែលមានការអភិវឌ្ឍនៅនឹងកន្លែងនូវសហគមន៍ទាំង៨ដែលមានភូមិមានជ័យនិងមានជ័យ១

អ្នកមានវិវាទដីនៅភ្នំពេញតវ៉ាជាថ្មីដោយព្រួយពីការបណ្ដេញចេញ

ប្រជាពលរដ្ឋម្នាក់ទៀតអ្នកស្រី ដោក ណារិន ឲ្យដឹងថាពួកគាត់រស់តាមប្រឡាយទឹកទីក្រុងងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ដោយអ្នកស្រីមិនចង់ផ្លាស់ប្តូរទៅរស់នៅកន្លែងផ្សេងទេ។ អ្នកស្រីបន្ថែមថាពលរដ្ឋចំនួន៤៣៥គ្រួសារបានរស់នៅលើប្រឡាយស្ទឹងមានជ័យលើទំហំដី១៣.៣ហិចតានេះជាយូរណាស់មកហើយ ទើបស្នើសុំឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង។

អ្នកស្រីបន្ថែមថា៖ កាលណាគាត់ដេញយើងមិនឲ្យនៅ យើងមិនដឹងថាទៅរស់នៅកន្លែងណា ហើយបើយើងរស់នៅលើទឹកបឹងនេះ យើងអ្នកក្រីក្រហើយជិតទីក្រុង ជិតផ្សារ សាលារៀន មន្ទីរពេទ្យ ឬមួយក៏មុខរបររកស៊ីដូចថាយើងអត់ក៏យើងងាយស្រួល ព្រលឹមឡើងកូនអូសតែអាទេះអេតចាយក៏បាន៥ពាន់ទៅ១ម៉ឺនគ្រាន់ដោះស្រាយជីវភាពគ្រួសារដែរ។ បើគាត់មិនឲ្យយើងរស់នៅលើបឹងនឹងទេទៅរស់នៅកន្លែងឆ្ងាយក៏យើងពិបាកដែរ

អនុប្រធានរដ្ឋបាលនៃក្រសួងរៀបចំដែនដី លោក អុល សុខយស ដែលចេញទទួលញត្តិពីពលរដ្ឋមានប្រសាសន៍ថាលោកមិនទាន់ដឹងពីដំណោះស្រាយនៅឡើយទេ។ តែលោកនឹងបញ្ជូនញត្តិនេះទៅកាន់រដ្ឋមន្រ្តីឲ្យបានឆាប់និងផ្ដល់ព័ត៌មានជូនពលរដ្ឋវិញនៅសប្តាហ៍ក្រោយ។

អ្នកមានវិវាទដីនៅភ្នំពេញតវ៉ាជាថ្មីដោយព្រួយពីការបណ្ដេញចេញ

អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស

ចំណែកឯអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដែលចេញមកជួបប្រជាពលរដ្ឋមានប្រសាសន៍ថាលោកនឹងព្យាយាមដោះស្រាយដោយហៅតំណាងប្រជាពលរដ្ឋទាំង៨សហគមន៍យកឯកសារពាក់ព័ន្ធនិងស្ថិតិប្រជាជនដើម្បីជួបពិភាក្សានៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

ប្រធានលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធលំនៅដ្ឋានលោក សៀ ភារម្យ មានប្រសាសន៍ថាការដែលប្រជាពលរដ្ឋនាំគ្នារស់នៅតាមប្រឡាយស្ទឹងមានជ័យនេះជាយូរឆ្នាំមកហើយនោះជាកំហុសរបស់អាជ្ញាធរមូលដ្ឋានដែលមិនមានការទប់ស្កាត់ពីដំបូង។ លោកបន្ថែមថាបើទោះជាពលរដ្ឋរស់នៅលើមិនមានសណ្ដាប់ធ្នាប់ក៏អាជ្ញាធរមិនអាចបណ្តេញចេញដោយមិនទទួលខុសត្រូវនោះទេ។

លោកបន្ថែមថា៖ អាជ្ញាធរអត់ព្រមទប់ស្កាត់ហើយចេះតែយកលុយពុករលួយតិចតួចទិញដូរទិញដូរទទួលស្គាល់ចឹងទៅក៏កើតកាន់តែច្រើន ហើយឥឡូវវាជាបន្ទុករបស់រដ្ឋាភិបាលសម្រាប់ដោះស្រាយរឿងហ្នឹង ដល់គាត់រស់នៅតកូនពូនជាចៅហើយយើងមិនអាចយកគាត់នៅចាក់ចោលតាពាសធ្វើបាបគាត់បានទេ។ គោលនយោបាយជាតិស្ដីពីលំនៅដ្ឋាននិងខាងអគ្គនាយកលំនៅដ្ឋានជាតិត្រូវតែដោះស្រាយរឿងហ្នឹងអាចរកលំនៅដ្ឋានឲ្យគាត់ឬក៏អាចឲ្យគាត់អភិវឌ្ឍនៅនឹងកន្លែងយ៉ាងម៉េច បើសិនគាត់មិនព្រមចេញពីកន្លែងហ្នឹង

គួរបញ្ចាក់កាលពីខែកញ្ញា ឆ្នាំ២០១៥ ប្រជាសហគមន៍ស្ទឹងមានជ័យទាំង៨នោះបានដាក់ញត្តិទៅកាន់សាលារាជធានីភ្នំពេញម្ដងរួចហើយដើម្បីសុំជួបពិភាក្សាពីគម្រោងអភិវឌ្ឍនៅនឹងកន្លែងនេះតែមិនទាន់មានការឆ្លើយតបពីសាលារាជធានីនោះទេ៕

ប្រភពៈ VOD