​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹកជា​ច្រើន​រយ​ហិកតា​

ប្រភពព័ត៌មាន​ពី​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​មក​ថា​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង ៗ​ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញ​ក៏​មិនបាន​អើពើ​ដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​នៅតែ​បណ្តែតបណ្តោយ​ទៀត​ដីព្រៃ​លិច​ទឹកនឹង​បាត់បង់​មិន​ខាន ហើយ​មិនបាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​សង្គមជាតិ​នោះទេ​។​

ប្រជាពលរដ្ឋ​ស្រុក​ព្រៃនប់ បាន​បញ្ជាក់ថា​អ្នក​កាប់​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​មិនមែនជា​ប្រជាពលរដ្ឋ​មូលដ្ឋាន​នោះទេ តែ​ជាម​ន្ត្រី​មានអំណាច និង​ឈ្មួញ​មាន​ឥទ្ធិពល​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ដីព្រៃ​រាប់រយ​ហិកតា​ត្រូវគេ​កាប់​ទន្ទ្រាន ហើយ​ដី​ខ្លះ​ឈ្មួញ​បានចាប់ផ្តើម​ដាំ​ស្វាយ និង​ដូង​ជា​បន្តបន្ទាប់ ហើយ​បញ្ហា​នេះ​មន្ត្រី​នៅក្នុង​ស្រុក​ព្រៃនប់ និង​ក្នុង​ខេត្ត​ព្រះសីហនុ​មិនបាន​ចុះមក​ត្រួតពិនិត្យ និង​ធ្វើការ​ទប់ស្កាត់​នោះទេ​។​    ​

ដីព្រៃ​លិច​ទឹក​ដែល​គេ​កាប់​ទន្ទ្រាន​ភាគច្រើន​ជា​ព្រៃ​ដើម​កោង​កាង​ដែលជា​ជម្រក​សត្វ​ផ្សេងៗ ហើយ​តាំងពី​មានការ​កាប់​ដីព្រៃ​លិច​ទឹក​មក​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន ប៉ុន្តែ​អាជ្ញាធរ​ជំនាញ​មិនបាន​ទប់ស្កាត់​នោះទេ បើទោះជា​មានការ​ប្តឹងផ្តល់​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។ ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​បញ្ជាក់ថា អ្វីដែល​ចម្លែក​នោះ​ឈ្មួញ​ដែល​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​បែរ​ជាមាន​ប្លង់រឹង​ដែល​ចេញ​ដោយ​ស្ថាប័ន​ជំនាញ​ទៀតផង​។ ប្រភព​ដដែល​បាន​រិះគន់ថា ដីព្រៃ​ក្នុងស្រុក​ព្រៃនប់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច្នេះ​មិនគួរណា​ឈ្មួញ​អាច​កាប់​ទន្ទ្រាន​តាម​អំពើ​ចិត្ត ហើយ​បែរជា​ស្ថាប័ន​ជំនាញ​ឃុបឃិត​ចេញ​ប្លង់រឹង​ឲ្យ​ឈ្មួញ​គ្រប់គ្រង​ដី​ទាំង​បំពាន​ច្បាប់​។​

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹងថា ដី​គម្រប​ព្រៃឈើ និង​ដីព្រៃ​លិច​ទឹក​នៅក្នុង​ឃុំ​បិត​ត្រាំ​ង​រាប់រយ​ហិកតា​ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច ឈូសឆាយ និង​គ្រប់គ្រង​ស្រេច​តែ​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​ដីព្រៃ​លិច​ទឹក​នៅក្នុង​ឃុំ​រាម​ជាច្រើន​ហិកតា ត្រូវ​ឈ្មួញ​ឈូសឆាយ​បំផ្លាញ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​ហើយ​រហូតមក​ដល់ពេលនេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។​ថ្មីៗ​កន្លងទៅនេះ លោក យន្ត មីន បានដាក់​ចេញ​នូវ​ផែនការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ទប់ស្កាត់​ករណី​បំផ្លាញ គម្រប​ព្រៃឈើ​ផងដែរ ក៏ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​៕

that-0453