ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា មេ​យោធា​ខេត្តបន្ទាយមានជ័យ ប្រើ​គ្រឿងចក្រ​កាយ​រំលាយ​ភ្នំ​តាម​អំពើ​ចិត្ត​

​ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា ហៅ​ហុង ដែលជា​មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ ធ្លាប់​ល្បីល្បាញ​យ៉ាងខ្លាំង​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ កេងប្រវ័ញ្ច​លើ​នាយទាហាន និង​ពលទាហាន​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ អំពើអាក្រក់​របស់​មេបញ្ជាកា​រ​យោធា​ខេត្តបន្ទាយមានជ័យ​រូបនេះ ធ្លាប់​ត្រូវបាន​នាយទាហាន​ក្រោម​ឱវាទ​រាប់សិប​នាក់ ប្ដឹង​ឲ្យ​ថ្នាក់លើ​ចាត់វិធានការ​ដកហូត​ចេញពី​តំណែង​ទៀតផង ប៉ុន្តែ​ដោយសារ​លោក ភ្ល​ន់ តារា ចេះ​រត់ការ​ទប់​តំណែង​បាន​ទាន់ពេលវេលា​ទើប​អាច​រក្សា​អំណាច​មកដល់​បច្ចុប្បន្ន​។ ឥឡូវនេះ​លោក ភ្ល​ន់ តារា កំពុង​ល្បីល្បាញ​ខាង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កាយ​រំលាយ​ដីភ្នំ​បុរាណ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជើងភ្នំ​ស្រេះ ភូមិ​ស្រេះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ភ្ល​ន់ តារា ហៅ​ហុង មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​អំណាច​ដ៏​ខ្លាំងក្លា​របស់ខ្លួន ហើយ​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ចូលទៅ​ជីក​គាស់​ថ្មភ្នំ​ស្រេះ ដែលជា​ភ្នំ​បុរាណ​យកទៅ​លក់ដូរ​យ៉ាង​ពេញបន្ទុក​។ មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់រឿង​លោក ភ្ល​ន់ តារា ប្រើ​គ្រឿងចក្រ​គាស់​កាយ​ថ្មភ្នំ​ស្រេះ ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​សកម្មភាព​របស់លោក ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ជាបន្ទាន់​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះនេត្រព្រះ សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ភ្នំ​ស្រេះ​ទាំងមូល​ដែលជា​ភ្នំ​បុរាណ កំពុង​ឈានទៅរក​សេចក្ដី​វិនាស​រលាយបាត់​រូបរាង​នាពេល​ឆាប់ៗ​ខាងមុខ​ចៀស​មិន​ផុត​ឡើយ​។ ប្រជាពលរដ្ឋ​រស់នៅ​ជើងភ្នំ​ស្រេះ​បាន​ឲ្យ​ដឹងថា សកម្មភាព​លោក ភ្ល​ន់ តារា ប្រើ​គ្រឿងចក្រ​គាស់​កាយ​យក​ថ្មភ្នំ​ស្រេះ​កំពុង​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទ្រព្យសម្បត្តិ​ជាតិ និង​បរិស្ថាន​ធម្មជាតិ​។ លើស​នេះ​ទៅទៀត​រថយន្ត​ដឹក​ថ្ម​របស់លោក ភ្ល​ន់ តារា ធុន​ធំ​បើក​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​ធ្វើ​ឲ្យ​ដី​ហុយ​ស​ម្ពោ​ង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ នេះ​មិនទាន់​គិតដល់​សំឡេង​បំផ្ទុះ​រំសេវ​យក​ថ្ម​ឡើង​កក្រើក​ពេញ​ភូមិ​នោះទេ​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​សកម្ម​ភាព​បំផ្លាញ​ភ្នំ​របស់លោក ភ្ល​ន់ តារា ហៅ​ហុង ជាបន្ទាន់​ព្រោះ​ភ្នំ​ស្រេះ​ជិត​រលាយ​សាបសូន្យ​ហើយ​៕

13184591_1020757071351216_1391782670_o 13153463_1020757064684550_547917132_n 13169806_1020757058017884_1434085907_o