មេឈ្មួញឈ្មោះ លឹម លុង នាំចូល និងចែកចាយប្រេងសាំងអត់ពន្ធ កណ្តាលលំហរសមុទ្រ គ្មាននរណាហ៊ានក្អក

ខេត្តកោះកុង ៖ ​ ការនាំ​ចូល​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់​អាចធ្វើ​ឡើងទៅ​បាន​ដោយសារតែ​មានការ​ឃុបឃិត​ពី ជំនាញ​គយ​និង​សមត្ថកិច្ច​ដែល​ប្រចាំការ​តាម​ច្រកព្រំដែន ទើប​ក្រុមឈ្មួញ​អាច​ធ្វើទៅកើត ដូចជា​ករណី​ដែល​មេ​ឈ្មួញ លឹម លុង ហៅ តា លឹមលុង ល្បី​ខ្លាំង​បំផុត​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ បាន​នាំចូល​និងចែកចាយប្រេងសាំងអត់ពន្ធ កណ្តាលលំហរសមទ្រ រៀងរាល់យប់ថ្ងៃ គ្មាននរណាហ៊ានប៉ះពាល់ ក៏​ព្រោះតែ​មេ​ឈ្មួញ លឹម លុង ហៅ តា លឹមលុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​និង​ជំនាញ​គយ​ដែល​ប្រចាំការ​នៅ​ទីនោះ ជា​អ្នក​ជួយ​សម្របសម្រួល​។​

ប្រភពបានអោយដឹងថា កប៉ាល់ដឹកប្រេងអត់បង់ពន្ធ យកមកចតលក់ ដោយចំហរនៅកណ្ដាលសមុទ្រ ក្បែរកោះឆាន់ ទល់មុខកោះស្ដេច ត្រូវគេដឹងថា ជារបស់ឈ្មួញថៃ ឃុបឃិតគ្នាជាមួយឈ្មួញខ្មែរ នាំប្រេងសាំង ប្រេងម៉ាហ្សូត អត់បង់ពន្ធ យកមកលក់ផ្ដាច់មុខនៅស្រុកបុទុមសាគរ ក៏មានផែពោងប្រេង នៅកោះស្ដេច សម្រាប់លក់អោយ កប៉ាល់ និងទូកនេសាទសមុទ្រ ច្រើនឆ្នាំមកហើយ គឺជារបស់មេឈ្មួញ ដ៏មានអំណាចម្នាក់ ឈ្មោះ លឹម លុង ហៅ តា លឹមលុង ដោយកប៉ាល់ ១គ្រឿង ចតលក់ កប៉ាល់ ១គ្រឿងទៀត ជាអ្នកដឹកជញ្ជូន យកមកផ្គត់ផ្គង់អោយ ដោយគេមិនឃើញ មន្ត្រីមានសមត្ថកិច្ច ជាពិសេសគយ ចុះទៅសួរនាំ ឬចាប់អោយបង់ពន្ធអ្វីឡើយ។ និយាយរួមរវាងឈ្មួញ និងមន្ត្រីហាក់ដូចជា ដឹងម៉ូ ត្រូវដងត្រូវផ្លែគ្នាអស់ហើយ ទើបបានជា មិនរវីរវល់ ក្នុងការចុះទៅត្រួតពិនិត្យ ឬបង្ក្រាបនោះទេ។

​ទន្ទឹមពេល​ដែលមាន​វិធានការ​រឹតបន្តឹង ឲ្យ​ក្រុម​ឈ្មួញ​បង់ពន្ធ​សម្រាប់​ការ នាំចូល​ទំនិញ​ដល់​ទៅ ១០០​ភាគរយ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​នៅពេលនេះ គេ​យល់ថា​ជំនាញ​គយ ដែល​ប្រចាំការ​តាម​ច្រកព្រំដែន​អាចធ្វើ​បាន តែ​ចំពោះ​ក្រុម​ឈ្មួញ​តូចតាច ដែល​គ្មាន​ខ្នងបង្អែក​ប៉ុណ្ណោះ គឺ​មិនអាច​រំខាន​ដល់​ការរកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​របស់​មេ​ឈ្មួញ​ធំៗ ដូចជា​ មេឈ្មួញ ដ៏មានអំណាចម្នាក់ ឈ្មោះ លឹម លុង ហៅ តា លឹមលុង បានទេ​។ធ្វើអោយរដ្ឋបាត់ចំណូលក្នុងមួយខែៗ មិនតិចនោះទេ ព្រោះទូក កប៉ាល់នេសាទ និងទូកដឹកជញ្ជូនទាំងអស់ នៅលើផ្ទៃសមុទ្រភាកច្រើនមិនបានបង់ពន្ឋត្រឹមត្រូវតាមច្បាប់កំណត់។

ដូចនេះទាមទារ  លោកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជាពិសេសលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលង ក្រុមឈ្មួញធំៗដឹកជញ្ជូនទំនិញ និងប្រេងគេចពន្ឋ មកចែកចាយនៅ កណ្ដាលសមុទ្រ ក្បែរកោះឆាន់ ទល់មុខកោះស្ដេច របស់មេឈ្មួញ ដ៏មានអំណាចម្នាក់ ឈ្មោះ លឹម លុង ហៅ តា លឹមលុង លក់ផ្ដាច់មុខនៅស្រុកបុទុមសាគរ ខេត្តកោះកុងផង ៕

មេឈ្មួញឈ្មោះ លឹម លុង នាំចូល និងចែកចាយប្រេងសាំងអត់ពន្ធ កណ្តាលលំហរសមុទ្រ គ្មាននរណាហ៊ានក្អក