សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ ចាប់ខ្លួន​បុរស​ម្នាក់ ​ក្រោយ​ឆែក​ឃើញ​ថ្នាំញៀន​១០​កញ្ចប់​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ ចាប់ខ្លួន​បុរស​ម្នាក់ ​ក្រោយ​ឆែក​ឃើញ​ថ្នាំញៀន​១០​កញ្ចប់​



ភ្នំពេញ ៖ បុរស​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ចាប់ខ្លួន​បន្ទាប់ពី​ឆែកឆេរ​រក​ឃើញ​​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ តូចៗ រួចមក​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦។

ការ​ចាប​ខ្លួន​ជនជាប់ចោទ​រូប​នេះ​ធ្វើ​ឡើង ខណៈ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​​ចរាចរណ៍​ខណ្ឌ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទឹកថ្លា ដាក់​គោលដៅ​ឆែកឆេរ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ តែ​នៅ​ពេល​ជន​នេះ​ជិះ​ម៉ូតូ​មកដល់ ​បាន​រត់គេច​ពី​ការ​ឆែកឆេ ដោយមាន​ការ​សង្ស័យ​ ទើប​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​ចាប់​បាន ហើយ​បាន​ឆែកឆេរ​ក​ឃើញ​ថ្នាំញៀន​រហូត​ដល់​ចំនួន​១០​កញ្ចប់​ឯណោះ​ ទើប​ចាប់​ខ្លួន​តែម្ដង​។

ប៉ូលិស កំពុង​សាកសួរ​ជន​ល្មើស​រូប​នេះ​ដើម្បី​ស្រាវជ្រាវ ថា​តើ​ថ្នាំញៀន​ទាំងនេះ​ទិញ​មកពី​
​អ្នកណា ​នៅ​កន្លែង​ណា? ហើយ​ទិញ​ទៅ​ធ្វើអ្វី​យ៉ាង​ច្រើន​ដូច្នេះ? ជំហាន​ដំបូង​ប៉ូលិស​បាន​ចោទ​​ប្រកាន់​ជន​នេះ​ពី​បទ​ជួញដូរ​ថ្នាំញៀន​ដែល​ជា​អំពើ​បទល្មើស​ឧក្រិដ្ឋ៕