ឆ្អែតចិត្ត​ប្តី​រស់​ក្រោម​ដំបូល​តែ​មួយ​ដាំបាយ​បែកឆ្នាំង

ឆ្អែតចិត្ត​ប្តី​រស់​ក្រោម​ដំបូល​តែ​មួយ​ដាំបាយ​បែកឆ្នាំង



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំ សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោយ​ចោទ​ថា ប្ដី​មាន​ស្រី​ក្បត់ចិត្ត និង​វាយ​ធ្វើបាប​គាត់​រាល់ថ្ងៃ ។ គាត់​និយាយ​ថា​តាំងពី​រស់នៅ​ជាមួយ​គ្នា ជា​ប្ដី​ប្រពន្ធ​ជាង​១៦​ឆ្នាំ​កន្លង​មក ប្ដី​មិន​ដែលរកស៊ី​ចិញ្ចឹម​គាត់​ទេ មាន​តែ​គាត់​ចិញ្ចឹម​រហូត ។ មិនតែប៉ុណ្ណោះ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ ប៉ុន្តែ​ហូប​ចុក​ផ្សេង​គ្នា ដោយ​ប្ដី​មិន​ដែល​ហូប​បាយ ដែល​គាត់​ដាំ​នោះ​ទេ គឺ​ដាំបាយ​ឆ្នាំង​ផ្សេង​គ្នា ក្រោម​លេស​ខ្លាច​ថា គាត់​ដាក់​ថ្នាំ​បំពុល​ស្លាប់ ។

ដោយសារ​តែ​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត ទើប​គាត់​បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​មក​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ។ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៤ ឧសភា អាជ្ញាធរ​សង្កាត់​បាន​ហៅ​ស្ត្រី​រូប​នោះ និង​ប្ដី​របស់​គាត់​ទៅ​ជួប​គ្នា​នៅ​សាលាសង្កាត់ ដើម្បី​ដោះស្រាយ​គ្នា ។ អាជ្ញាធរ​បាន​ធ្វើការ​សម្របសម្រួល​គ្នា កុំឱ្យ​ពួក​គាត់​ប្រើ​ហិង្សា​ដាក់​គ្នា ជា​ពិសេស​ប្ដី​កុំ​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​តទៅ​ទៀត និង​មិន​ឱ្យ​ពួក​គាត់​លែងលះ​គ្នា​នោះ​ឡើយ ។

ប្ដី​ប្រពន្ធ​ខាងលើ​នោះ ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ថា ប្រពន្ធ​ឈ្មោះ ព្រំ ណា​រី អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ អតីត​ជា​ស្រី​មេម៉ាយ​កូន​៣​នាក់ និង ប្ដី​ឈ្មោះ ឈុ​ន ផានិត អាយុ​៥០​ឆ្នាំ មុខរបរ បើករថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក្រុមហ៊ុន​មួយ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពោធិ៍​បាក់​ក ឃុំ​ដំរី​ជាន់​ខ្លា ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ (​អតីត​ជា​បុរស​ពោះម៉ាយ​កូន​២​នាក់​) ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ស្ដាប់​ការ​ដោះស្រាយ​ចប់​ពួក​គាត់​ទាំង​២​នាក់ បាន​ជជែក​វែកញែក​គ្នា ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទាមទារ​ឱ្យ​បុរស​ជា​ប្ដី​នោះ សង​លុយ​ទៅ​គាត់​ចំនួន​១៥០០​ដុល្លារ ដោយ​អះអាង​ថា លុយ​នេះ​គាត់​ខំ​រកស៊ី​ចិញ្ចឹម ។ ប៉ុន្តែ​បុរស​ជា​ប្ដី​មិន​សង​នោះ​ទេ និង​បាន​និយាយ​ថា គាត់​មិន​បាន​ជំពាក់​ប្រពន្ធ​ឡើយ លុយ​ដែល​ចាយ គឺជា​លុយ​បាន​មក​ពី​កម្លាំង​ញើស​ឈាម​រកស៊ី​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ បន្ទាប់​មក​គាត់​ក៏​បាន​ចាក​ចេញពី​សាលាសង្កាត់ ។

ចំណែក​ប្រពន្ធ​បាន​ដណ្ដើម​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-4157 ។ ប៉ុន្តែ​បុរស​ជា​ប្ដី មិន​ព្រមឱ្យ​ដោយ​អះអាង​ថា ម៉ូតូ​នោះ​ជា​របស់​ប្អូន មិនមែន​ជា​របស់​គាត់​ទេ សូ​ម្បី​ប័ណ្ណ​សម្គាល់​យានយន្ត ក៏​ឈ្មោះ​ប្អូន​ដែរ ។

ក្រោយមក​ស្ត្រី​រូប​នោះ បាន​ស្រែកយំ​តោង​ម៉ូតូ​រៀបរាប់​ពី​សកម្មភាព​ដែល​ប្ដី វាយ​ធ្វើបាប​រាល់ថ្ងៃ និង​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ជួយ ហើយ ចំណែក​ម៉ូតូ​១​គ្រឿង​នោះ ក៏​ត្រូវ​បាន​ក្មួយ​ខាង​ប្ដី យក​ទៅ​វិញ​ផង​ដែរ ។

ស្ត្រី​ម្នាក់​នោះ​បាន​និយាយ​ថា កាលពី​អំឡុង​ពេល​ជាង​១៦​ឆ្នាំ​មុន គាត់​ជា​ស្រី​មេម៉ាយ​កូន​៣​នាក់ ចំណែក​បុរស​ជា​ប្ដី​គាត់ ក៏​ជា​បុរសពោះម៉ាយ​កូន​២​នាក់​ដែរ បន្ទាប់​ពី​បាន​ជួប​ស្គាល់គ្នា ភ្លើង​ស្នេហ៍​ក៏​បាន​ចាប់ផ្ដើម​បង្កាត់​ឡើង​ម្ដង​បន្តិច​ៗ រហូត​ឆេះ​សន្ធោសន្ធៅ​ពេញ​បេះដូង​រៀង​ៗ​ខ្លួន ។ បន្ទាប់​មក​ពួក​គាត់​បាន​ស្រលាញ់​គ្នា​យ៉ាង​ប្ដូរផ្ដាច់ រហូត​គាត់​ប្រគល់​ចិត្តថ្លើម និង​ខ្លួនប្រាណ​ទៅ​ឱ្យ​បុរស​នោះ ហើយ​ក៏​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​មិន​បាន​រៀប​ការ​អ្វី​ឡើយ គឺ​គ្រាន់តែ​រៀបចំ​សែនព្រេន​បន្តិចបន្តួច​ប៉ុណ្ណោះ កុំឱ្យ​ខ្មោច​កាច់ ហើយ​ក៏​មិន​មានកូន​ជាមួយ​គ្នា​ដែរ ។ ម្យ៉ាងទៀត ការ​រស់នៅ​ជាមួយ​គ្នា​មួយ​រយៈពេល​នេះ គាត់​បាន​រកស៊ី​ចិញ្ចឹម​ប្ដី​រហូត ប៉ុន្តែ​ប្ដី​វិញ មិន​ដែល​រកស៊ី​ចិញ្ចឹម​គាត់​ឡើយ ។ មិនតែប៉ុណ្ណោះ តែង​វាយ​ធ្វើបាប​គាត់​ជា​បន្តបន្ទាប់ ហើយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ បាន​ដាំបាយ​ហូប​បែក​គ្នា​ទៀត​ដោយ​យក​លេស​ខ្លាច​គាត់​ដាក់​ថ្នាំ​បំពុល​សម្លាប់ ។

ដោយ​អត់ទ្រាំ​លែង​បាន ទើប​គាត់​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​នៅ​សាលាសង្កាត់​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​តែ​ម្ដង ។ ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​បុរស​ជា​ប្ដី​បាន​នោះ​ឡើយ ព្រោះ​ក្រោយ​ពេល​អាជ្ញាធរ​ណែនាំ​ចប់ គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ដែល​ទំនង​មិន​បាន​ចុះសម្រុង​នឹង​គ្នា​ទេ គឺ​លែង​ក៏​មិន​លែង យក​គ្នា​ក៏​មិន​យក​គ្នា ៕