ជឿ​ខាង​ណា !

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​វ័យក្មេង​ម្នាក់ ត្រូវ​បាន​អះអាង​ថា ខ្លួន​គឺជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់ នៅ​យប់​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ វេលា​ម៉ោង​១៧​និង​៣៥​នាទី នៅ​ចំណុច​ចុង​ឆ្នេរ​អូ​ឈើទាល ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ប៉ុន្តែ​សមត្ថកិច្ច​អះអាង​ថា ករណី​នេះ​សង្ស័យ​ជា​ករណី​ប្រឌិត​រឿង​។

ជុំវិញ​បញ្ហា​នេះ យោង​តាម​យុវជន​ឈ្មោះ ម៉េ​ន បញ្ញា​វ័​ន្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​១៣ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​អះអាង​ថា ខ្លួន​គឺជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កាល​វេលា​ម៉ោង​១៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​០៥ មេ​សា ខណៈ​ពេល​ដែល​រូបគេ​ជិះ​ម៉ូតូ​ចេញពី​ចុង​ឆ្នេរ​អូ​ឈើទាល ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ម៉ូតូ​មួយ​គ្រឿង និង​មាន​កាំភ្លើងខ្លី​មួយ​ដើម មិន​ស្គាល់​ម៉ាក បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ រូបគេ រួម​ជាមួយ​មិត្ត​ចំនួន​៣​ទៅ​៤​ម៉ូតូ​បាន​មក​អង្គុយ​ញ៉ាំ​អី​នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល (​ឆ្នេរ​អា​រី​ស្តុ​ន​) រហូត​ដល់​យប់​ងងឹត ទើប​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​មិត្តភក្តិ​របស់​គេ​បាន​ជិះ​ចេញ​ទៅ​មុន ឯ​រូបគេ​ជិះ​ចេញ​មក​តាម​ក្រោយ   នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក្បែរ​ដើម​ត្នោត ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ បើក​ដោយ​យុវជន​ម្នាក់​បាន​ជិះ​មក​បំ​បុក​រូបគេ ហើយ​ភ្លាម​នោះ​ក៏​មាន​មនុស្ស​៤​នាក់​ផ្សេង​ទៀត បាន​ស្ទុះ​ចេញពី​ក្បែរ​ដើម​ត្នោត​ដក​កាំភ្លើង​បម្រុង​ភ្ជង់​ក្បាល​ខ្លួន ឃើញ​ដូច្នោះ​ខ្លួន​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់​សំដៅ​មាត់​ឆ្នេរ​ស្រែក​ឱ្យ​គេ​ជួយ ទើប​រួចខ្លួន ហើយ​ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។

ឆ្លើយ​តប​ទៅ​នឹង​ករណី​នេះ​ដែរ លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ជុំវិញ​ករណី​នេះ នៅ​ពុំ​ទាន់​កំណត់​ថា ជា​ករណី​ប្លន់​នៅឡើយ​ទេ សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មូលហេតុ​ថា តើ​យុវជន​ដែល​អះអាង​ថា ជន​រង​គ្រោះ​នេះ មាន​លេងល្បែង​នៅ​កន្លែង​ណា មាន​ចាញ់​អី​នៅ​កន្លែង​ណា ព្រោះ​តាម​ចម្លើយ​ជំហាន​ដំបូង​មាន​ចំណុច​ភូត​កុហក​មួយ​ចំនួន ដែល​សមត្ថកិច្ច​ចាំបាច់ ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​៕