សហគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​

​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ឃុំខ្លួន​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លោក នី ចរិយា បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំងក្លា​។ ជាមួយគ្នានេះ​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​បាន​រិះគន់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​ឲ្យ​អំពើ​រំលោភសិទ្ធិ​មនុស្ស​មា​នស​ភាព​កាន់តែ​ធ្ងន់ធ្ងរ ហើយ​លទ្ធិប្រជាធិបតេយ្យ​កំពុង​ត្រូវបាន​បំផ្លាញ​។ លើស​នេះ​ទៅទៀត​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​សហគមន៍​អន្តរជាតិ​រិះគន់ថា​មិន​ឯករាជ្យ ហើយ​ការពារ​ផលប្រយោជន៍​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​។

ថ្មីៗ​នេះ​សហភាព​អឺរ៉ុប​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ការចាប់​ឃុំខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​សិទ្ធិមនុស្ស ហើយ​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ សេរីភាព​នៃ​ការបញ្ចេញមតិ គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ លោក អ៊ូ​ហ្គោ អា​ស្តូ​តូ នាយករង​ខាង​ផ្នែក​គ្រប់គ្រង​នៃ​សហភាព​អឺរ៉ុប បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​និង​រក្សា​បរិយាកាស​មួយ​សម្រាប់​គ្រប់​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រតិបត្តិការ​ដោយ​សេរី និង​គ្មាន​ការភ័យខ្លាច​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះបាន​លើកឡើង​ទៀតថា​«​យើង​លើកឡើង​ពី​ការព្រួយបារម្ភ​របស់​យើង​អំពី​ឯករាជ្យភាព​នៃ​ស្ថាប័ន​តុលាការ និង​ភាពយុត្តិធម៌​នៃ​ការអនុវត្តន៍​ច្បាប់ ជាពិសេស​ការចាប់ខ្លួន​ថ្មីៗ​នេះ​នៅ​តំណាង​សង្គម​ស៊ីវិល ហើយ​យើង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ពួកគេ​»​។

ជុំវិញ​បញ្ហា​ខាងលើនេះ​បណ្ដាញ​សង្គម​ស៊ីវិល​កំពុងតែ​រៀបចំ​យុទ្ធនាការ​មួយ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​តាមរយៈ​យុទ្ធនាការ​ដែលមាន​ឈ្មោះថា​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ចន្ទ ទី​០៩ ខែឧសភា ឆ្នាំ​២០១៦​។ អ្នកចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ត្រូវ​ស្លៀកពាក់​ខ្មៅ​ជា​រៀងរាល់ថ្ងៃ​ចន្ទ ដើម្បី​សម្គាល់​ពី​ស្ថានភាព​ខ្មៅ​ងងឹត​នៃ​សិទ្ធមនុស្ស និង​ការមិន​ពេញចិត្ត​ចំពោះ​ការចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​។ លើស​នេះ​ទៅទៀត​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ចំណាត់ការ​ថ្មីៗ​នេះ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​បាន​រិះគន់​កាន់តែខ្លាំង​ចំពោះ​ទង្វើ​របស់​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើទុក្ខបុកម្នេញ​ទៅលើ​តំណាងរាស្ត្រ មន្ត្រី សកម្មជន​គណបក្សប្រឆាំង ព្រមទាំង​សកម្មជន​សិទ្ធិមនុស្ស​ដែល​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​។ ក្នុងនោះ​ការដែល​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមាន​ចាត់វិធានការ​តាមច្បាប់​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ គឺជា​ភស្តុតាង​បង្ហាញថា សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​ត្រូវគេ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​។ មិនតែប៉ុណ្ណោះ​ទង្វើ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ប្រទេស​កម្ពុជា​៕

images 5