សមត្ថកិច្ច​ខេត្តកំពង់ធំ បង្ក្រាប​តែ​ឡ​ដុត​ធ្យូង ហើយ​ទុក​ឲ្យ​រថយន្ត​ដឹកឈើ​ធ្វើ​សកម្មភាព​ដូច​មុន​ដដែល​

​ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ បាន​បង្ក្រាប​ឡ​ដុត​ធ្យូង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​សន្ទុក ស្រុក​បារាយណ៍ និង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ជិត​១០០​កន្លែង​ដោយ​លើក​ហេតុផល​ថា ដើម្បី​ធានា​និង​ការពារ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​។ ប្រតិបត្តិការ​នោះ​ត្រូវបាន​គេ​ដឹងថា ដឹកនាំ​ដោយ​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ដែល​ល្បីល្បាញ​ខាង​ប្រើប្រាស់​អំណាច​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ច្រើន​ឆ្នាំ​មកហើយ​។ សកម្មជន​ព្រៃឈើ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​រិះគន់ថា មន្ត្រី​ជំនាញ​បង្ក្រាប​តែ​ឡ​ដុត​ធ្យូង​របស់​ប្រជាពលរដ្ឋ ចំណែក​រថយន្ត​របស់​ឈ្មួញ​ធំៗ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​ទាំង​៣​ខាងលើ​យ៉ាង​ពេញបន្ទុក​ដដែល​។

សកម្មជន​ព្រៃឈើ​បាន​លើកឡើងថា ពួកគាត់​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ​ក្នុងការ​បង្ក្រាប​ឡធ្យូង​ជិត​១០០​កន្លែង​នៅក្នុង​ស្រុក​សន្ទុក ស្រុក​បារាយណ៍ និង​ស្រុក​សណ្ដាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ខុសច្បាប់​។ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ជាពិសេស​លោក តឹ​ប ញាតា គួរ​បង្ក្រាប​ឈ្មួញ​ធំៗ​ដែល​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ស្រេច​តែ​អំពើ​ចិត្ត ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​សណ្ដាន់ ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ នៅតែ​កើតឡើង​គួរ​ព្រួយបារម្ភ​ដដែល ព្រោះ​ឈ្មួញ​ធំៗ​មិនដែល​ញញើត​នឹង​សមត្ថកិច្ច​ម្តងណា​ឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ពិតជា​មាន​ឡ​ដុត​ធ្យូង​ច្រើន​កន្លែង ហើយ​តំបន់​ដែលមាន​បទល្មើស​កាប់​ឈើ​ច្រើនជាងគេ គឺ​នៅ​តំបន់​អភិរក្ស​នៃ​ឃុំ​ទំរីង ស្រុក​សណ្ដាន់ និង​នៅ​ផ្នែក​ខ្លះ​នៃ​ឃុំ​ក្រយា ស្រុក​សន្ទុក​។ សកម្មជន​ការពារ​ព្រៃឈើ​បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​សកម្មភាព​ការងារ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ​ខ្លះ​ផង ព្រោះ​ពួកគេ​បង្ក្រាប​តែ​ឡ​ដុត​ធ្យូង​របស់​ប្រជាពលរដ្ឋ ចំណែក​ឈ្មួញ​ធំៗ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ក្រអឺតក្រទម​ដដែល​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ទាល់តែ​បង្ក្រាប​ឈ្មួញ​ឈើ​ធំៗ​ទើប​អាច​កាត់បន្ថយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ប្រកបដោយ​ប្រសិទ្ធភាព ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​គួរ​ទទួលទោស​តាមច្បាប់​ឲ្យ​សម​នឹង​អំពើ​ដែល​ពួកគេ​ប្រព្រឹត្ត​៕

img_7393លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ