លោក កឹម សុខា បញ្ជាក់ថា សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​ខាងក្រៅ និង​ទាំង​ខាងក្នុង​ផង​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ចុង​សប្តាហ៍​នេះ​បាន​បញ្ជាក់ថា​ខ្លួន​លោក​ផ្ទាល់ ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ គឺ​ត្រូវការ​ណាស់ នូវ​សន្តិភាព ស្ថិរភាព ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អ្នកធ្វើ​សង្គ្រាម ហើយ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ដាច់ខាត​នូវ​អំពើហិង្សា​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន សន្តិភាព​ពិត សន្តិភាព​ទាំងអស់គ្នា សន្តិភាព​ស្ថិតស្ថេរ​។ សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​ខាងក្រៅ និង​ទាំង​ខាងក្នុង​ផង​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សម្តែង​ការយល់ឃើញថា ក្នុង​ប្រទេសមួយ មិនអាច​មាន សន្តិភាព​ពិត ហើយ​ស្ថិតស្ថេរ​ទេ បើ​គ្រាន់តែ​បញ្ចប់សង្គ្រាម ហើយ​នៅតែ​បន្តធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលរង​នូវ​ការឈឺចាប់ ក្ដៅក្រហាយ ដោយ​ប្រើ​អំណាច រំលោភបំពាន ធ្វើទុក្ខបុកម្នេញ​អ្នកដទៃ​ក្រៅពី​បក្ខពួក​ខ្លួន និង បង្កជម្លោះ​ឥតឈប់ឈរ​នោះ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើ​គ្មាន​យុត្ដិធម៌ គ្មាន​សន្ដិភាព​ទេ​។ អ​យុត្ដិធម៌ បង្ក​ភាព​ក្ដៅក្រហាយ​ដល់​ប្រជាពលរដ្ឋ នោះ​ហើយ​ដែល​អាចជា​ដើមចម​នៃ​អស្ថិរភាព​។​

គួរ​បញ្ជាក់ថា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ព្រមាន​ពី​លទ្ធភាព​កើតសង្គ្រាម​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត និង​ឈានទៅ​ដឹកនាំ​ប្រទេស​កម្ពុជា​។ តែ​ការលើកឡើង​របស់លោក ហ៊ុន សែន ត្រូវបាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ ហើយ​បញ្ជាក់ថា គ្មានទេ​សង្គ្រាម​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​កម្ពុជា ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ល្អ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​គ្រប់​បញ្ហា​នៅក្នុង​ប្រទេស និង​បញ្ហា​នៅក្រៅ​ប្រទេស​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់​នៅ​ចុង​សប្តាហ៍​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​កាតព្វកិច្ច ចូលរួម​ការពារ​សន្ដិ​ភាព​ដែរ ដើម្បី​សន្ដិភាព​ពិត ស្ថិតស្ថេរ និង​សម្រាប់​ទាំងអស់គ្នា​៕

13138935_1351670474850248_500309629476479664_n 13151958_1352343041449658_746360778253175254_n