ផ្ទះ​គំរូ​កងទ័ព​១​​ខ្នង ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​រន្ទះបាញ់​ឆេះ​ខ្ទេច​​

ផ្ទះ​គំរូ​កងទ័ព​១​​ខ្នង ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​រន្ទះបាញ់​ឆេះ​ខ្ទេច​​



ព្រះវិហារ ៖ សេចក្ដីរាយការណ៍​របស់​កងទ័ព​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០៥​ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​គ្រោះកាច​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​កក់ខែ​ និង​រន្ទះបាញ់​ បាន​ឆេះ​បំផ្លាញ​ផ្ទះ​គំរូ​កងទ័ព​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៩​ម៉ែត្រ​ គុណ​៦​ម៉ែត្រ​ខ្ទេច​ទ្រព្យសម្បត្តិ​គ្មាន​សល់​។ ​

ទីតាំង​កើតហេតុ​ស្ថិតនៅ​ភូមិ​អូរ​ទឹក​ខៀវ​ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ក្បែរ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

ឆ្នាំនេះ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​រន្ទះបាញ់​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កាច​ជាង​ឆ្នាំ​២០១៥​កន្លងមក​។​ វា​ជា​លើកដំបូង​ដែល​គ្រោះធម្មជាតិ​ឆ្នាំ​២០១៦​ ហាក់​ដូចជា​កំពុង​យាយី ​និង​មាន​ហានិភ័យ​ខ្ពស់​ជាងគេ​ធៀប​ទូទាំង​ខេត្ត​ព្រះវិហារ​ ហើយ​ហេតុការណ៍​ខ្យល់ព្យុះ​ ឬ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ និង​គ្រួសារ​កងទ័ព​អស់​រាប់​រយ​ខ្នង​រួច​មក​ហើយ ​កាល​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ខែ​ឧសភា​នេះ។

លោក ​សា​រ៉ាវុធ មេបញ្ជាការ​រង​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨២​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ឧសភា​ថា ​មុន​កើតហេតុ លោក​វរសេនីយ៍​ត្រីមាស​ជា​ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ ​រួម​ទាំង​ប្រពន្ធ​ និង​កូន​ចំនួន​៤​នាក់​បាន​នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ផ្ទះបាយ​ក្រោយ​ផ្ទះ​ចម្ងាយ​៥​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន​ ខណៈ​មាន​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​កក់ខែ​។ លោក​និយាយ​ថា ​លោក​ មាស​ ជា​ គឺ​ជា​មេបញ្ជាការ​រង​វរ​៣៨២។​

លោក​បន្ត​ថា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮសូរ​រន្ទះបាញ់​ចូល​ក្នុង​ផ្ទះ​របស់​លោក មា​ស​ ជា​ហើយ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​តែម្ដង ​ស្រប​ពេល​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង​ថែមទៀត​ ធ្វើ​ឲ្យ​ផ្ទះ​រង​គ្រោះ​មួយ​ខ្នង​នេះ​ឆេះ​ខ្ទេច​តែមួយ​ប៉ប្រិច​ភ្នែក​។ ​ប្រជាពលរដ្ឋ​ និង​កងទ័ព​ជាច្រើន​នាក់​ បាន​ត្រឹម​ឈរ​មើល​តែប៉ុណ្ណោះ​ ព្រោះ​គ្មាន​ទឹក​បបូរ​ ដើម្បី​ដង​យក​ទៅ​ជួយ​ពន្លត់​អគ្គិភ័យ​បានទេ​។​ ហេតុការណ៍​នេះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ។
លោក​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ​ខ្សែក​មាស​ចំនួន​០១​ខ្សែ ​ទម្ងន់​០១​តម្លឹង​ខ្សែក​ប្លាទីន​ចំនួន​០២​ខ្សែ សរុប​០២​តម្លឹង​ លុយ​ចំនួន​០៣​ពាន់​ដុល្លារ​អាមេរិក​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

លោក​ថ្លែង​ថា​ ថ្ងៃនេះ​នាយទាហាន​ នាយទាហានរង​ និង​ពលទាហាន​ប្រមាណ​៧០​នាក់​កំពុង​ត្រៀម​កម្លាំង​ជួយ​សាងសង់​ផ្ទះ​០១​ខ្នង​ ដល់​គ្រួសារ​លោក​ មាស​ ជា​ ផង​ដែរ។​

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា ឆ្នាំ​២០១៦​ ខ្យល់​កន្ត្រាក់​បាន​បោកបក់​ទៅលើផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង​ ស្មើ​០២​គ្រួសារ​ ស្ថិតនៅ​ស្រុក​ឆែប​ បណ្តាល​ឲ្យ​ខូចខាត​យ៉ាង​ដំណំ​ និង​បង្ក​ឲ្យ​មនុស្ស​ប្រុស​/ស្រី​វ័យ​ចំណាស់​០២​នាក់​ បាន​រង​របួស​ធ្ងន់​ ហើយ​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះវិហារ​នៅ​ឡើយ៕

ផ្ទះ​គំរូ​កងទ័ព​១​​ខ្នង ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​រន្ទះបាញ់​ឆេះ​ខ្ទេច​​