ស៊យក៏ថាបាន តែសំខាន់​ជីវិត​អត់អី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ២០១៦ នេះ មាន​ករណី​ជនប្រដាប់អាវុធ​២​នាក់ ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​ម៉ូតូ​របស់​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ម្នាក់​ បាន​ដោយ​សុវត្ថិភាព ស្ថិត​នៅ​ចំណុច​ខាងជើង​វត្ត «​ទួល​អស់លោក​» ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ជួប សា​រ៉ាត់ អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ «​ហ្វី​កា ហ្វា​យ​ណា​ន់​» ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពាក់​​ស្លាក​លេខ​ភ្នំពេញ 1DB-0551 ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម ជិះ​ម៉ូតូ​ម៉ាក SL ក្នុង​ពេល​ធ្វើ​សកម្មភាព​។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាង​លើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​លេច​មុខ​ជនសង្ស័យ​២​នាក់​​​មក​កៀរ​ម៉ូតូ រួច​ដក​កាំភ្លើង​ភ្ជង់​​លើ​ជនរងគ្រោះ​ ហើយ​បក្សពួក​ម្នាក់​បាន​យក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិ​ភាព​ទៅ​ទិសខាងត្បូងទាំងអស់តែម្តង​ ដោយ​មិន​​បាន​​រំខាន​ដល់​អ្នក​ណា​ម្នាក់​ឡើយ ។