ហេតុអ្វី​សមត្ថកិច្ច​មិន​បង្ក្រាប​មេ​ឈ្មួញ លឹម លុង នាំ​ប្រេង​គេចពន្ធ​ចូល​ខេត្តកោះកុង​

មេ​ឈ្មួញ លឹម លុង គឺជា​ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​នាំ​ប្រេងសាំង​គេចពន្ធ​ពីលើ​ផ្ទៃសមុទ្រ​ចូលមក​ចែកចាយ​ក្នុង​ខេត្តកោះកុង ជា​យូរ​ឆ្នាំ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ ជាពិសេស​សមត្ថកិច្ច​គ​យ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ករណី​ឈ្មួញ​ឈ្មោះ លឹម លុង នាំ​ប្រេងសាំង​គេចពន្ធ​មក​ចែកចាយ​លើ​ផ្ទៃសមុទ្រ​និង​ដីគោក​ផ្ដាច់មុខ​ក្នុង​ខេត្តកោះកុង បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ទន្ទឹមនឹងនេះ​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ដោយសារតែ​ឈ្មួញ​ឈ្មោះ លឹម លុង មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ ទើប​អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​។

ប្រភពពី​អ្នកនេសាទ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា កប៉ាល់​ដឹក​ប្រេងសាំង​របស់​ឈ្មួញ​ឈ្មោះ លឹម លុង បាន​ចូល​ចត​លក់​ប្រេង​ដោយ​ចំហ​នៅលើ​ផ្ទៃសមុទ្រ​ក្បែរ​កោះ​ឆាន់ ទល់មុខ​កោះ​ស្ដេច ហើយក៏​មានការ​ដឹកជញ្ជូន​យកទៅ​ចែកចាយ​នៅ​ស្រុក​បុ​ទុម​សាគរ និង​បណ្ដា​ស្រុក​មួយចំនួនទៀត​។ ឈ្មួញ​ឈ្មោះ លឹម លុង មាន​កប៉ាល់​ធំៗ​២​គ្រឿង​សម្រាប់​ចត​លក់​ប្រេង​នៅលើ​ផ្ទៃសមុទ្រ​១​គ្រឿង និង​យកមក​ចែកចាយ​លើដី​គោក​១​គ្រឿង ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​។ សមត្ថកិច្ច​គយ និង​នគរបាល​សេដ្ឋកិច្ច​ក្នុង​ខេត្តកោះកុង ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ឈ្មោះ លឹម លុង ទើប​មិន​ចាត់វិធានការ​បង្ក្រាប​តាមច្បាប់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ឈ្មួញ​ឈ្មោះ លឹម លុង ប្រើប្រាស់​កប៉ាល់​ធំៗ​សម្រាប់​ចែកចាយ​ប្រេង​គេចពន្ធ​លើ​ផ្ទៃសមុទ្រ និង​ដឹកជញ្ជូន​មក​ចែកចាយ​លើដី​គោក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនត្រូវ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ លឹម លុង ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​នាំចូល​ប្រេងសាំង​គេចពន្ធ​យ៉ាង​ពេញបន្ទុក​តទៅទៀត​ឡើយ​។ ជាមួយគ្នានេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ស៊ើបអង្កេត​ករណី​ឈ្មួញ​ឈ្មោះ លឹម លុង នាំចូល​ប្រេងសាំង​គេចពន្ធ​មក​ចែកចាយ​ក្នុង​ខេត្តកោះកុង​ផងដែរ ព្រោះ​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ លឹម លុង មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​៕

KA-23-03-2016-14-31លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ