សមត្ថកិច្ច​គួរ​បង្ក្រាប​ឈ្មួញ​ធំៗ​ដែល​ចាំ​ប្រមូល​ទិញ​ឈើ​គ្រញូង​តាម​តំបន់​ព្រំដែន​

កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ យ៉ាងហោចណាស់​មាន​ពល​រដ្ឋ​ខ្មែរ​២៩​នាក់​ត្រូវ​ទាហាន​សៀម​បាញ់​បង្ក្រាប និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅពេលដែល​ពួកគេ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ឧទ្យាន​ជាតិ​នៃ​ខេត្ត​ប្រា​ជីន​បុរី ប្រទេស​សៀម​។ ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​សៀម​ឃាត់ខ្លួន​ទាំង​២៩​នាក់​នោះ ពុំមាន​នរណា​រងរបួស​ឬ​ស្លាប់​ដោយសារ​ការបង្ក្រាប​ជាក់ស្ដែង​នោះទេ​។ ជាមួយគ្នានេះ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុ​ជា បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​តទៅទៀត ព្រោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​សៀម​ចាប់ខ្លួន ពួកគេ​រស់នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ហើយ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​៦០​នាក់​ដែល​ត្រូវបាន​មេខ្លោង​ជួល​ទៅ​កាប់​ឈើ​គ្រញូង និង​លីសែង​ចេញពី​តំបន់​ឧទ្យាន​ជាតិ​ខេត្ត​ប្រា​ជីន​បុរី​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​២៩​នាក់​ក្នុងចំណោម​៦០​នាក់​ដែល​ត្រូវ​ទាហាន​ចាប់បាន​នោះ ពួកគេ​ត្រូវបាន​មេខ្យល់​យកទៅ​ទុកចោល​ដាច់បាយ​ក្នុងព្រៃ​២​ថ្ងៃ​មកហើយ​។ ដូច្នេះ​បញ្ហា​នេះ​ជា​រឿង​ដែល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​តាម​អំពើ​ចិត្ត​ទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា កន្លងមក​សមត្ថកិច្ច​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង និង​ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ នៅពេល​ពលរដ្ឋ​លបលួច​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម គឺ​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​ទាំងនោះ​ស្ពាយ​ឈើ​គ្រញូង​ចេញពី​ទឹកដី​សៀម​មកដល់​តំបន់​ព្រំដែន ទើប​ពួកគេ​បង្ក្រាប​ហើយ​ចាប់យក​ឈើ​គ្រញូង​ទៅ​លក់​ឲ្យ​ឈ្មួញ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ម្យ៉ាងទៀត​សមត្ថកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ​ជាដើម មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​ធំៗ​ដែលមាន​អ្នកខ្លះ​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​នោះទេ គឺ​ពួកគេ​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​ចាំតែ​រងគ្រោះ​ប៉ុណ្ណោះ​៕

IMG_8229 IMG_8230 151