​លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចេតនា​បង្អាក់​ការបោះឆ្នោត​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​នៅ​ចុង​សប្តាហ៍​នេះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា​បានដឹងខ្លួន​ថា​នៅពេល​មានការ​បោះឆ្នោត​ខាងមុខនេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ជ័យជម្នះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាញ់ ដូច្នេះ​ពួកគេ​កំពុងមាន​ចេតនា​បង្អាក់​ការបោះឆ្នោត​ដោយ​ប្រើ​មធ្យោបាយ​មិនល្អ​។​

លោក សម រង្ស៊ី បានបញ្ជាក់ ការបោះឆ្នោត​ខាងមុខនេះ នឹងមាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ដែលមាន​ភាពយុត្តិធម៌ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ចាញ់ឆ្នោត​ដាច់ខាត ដូច្នេះ​បានជា​ពួកគេ​ព្រួយបារម្ភ​ណាស់ ស្លន់ស្លោ ហើយ​ត្រូវបង្កើត​រឿង បង្កើត​ឧបទ្ទវហេតុ ធ្វើ​ម៉េច​កុំ​ឲ្យ​ការបោះឆ្នោត​ដំណើរការ​ទៅរួច ឬមួយ​ធ្វើ​ឲ្យ​ការបោះឆ្នោត​មាន​ភាពរអាក់រអួល ឲ្យ​វា​ជ្រួលច្របល់ ឲ្យ​មាន​អំពើហិង្សា សម្លុត​គេ សម្លុត​ឯង​តាមចិត្ត​។ លោក សម រង្ស៊ី បាន​បន្ថែមថា ពួកគេ​មាន​ចេតនា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​សម្តែង​មតិ​ជាទូទៅ ព្រោះ​បើ​មាន​ឆន្ទៈ​ពិតប្រាកដ ពួក គេ​នឹង​ចាញ់ សូម​យល់​ឲ្យ​ច្បាស់ ហេតុផល​ទាំងនេះ​ធ្វើ​ឲ្យ​ពួកគេ​បង្កើត​រឿង​មកទល់នឹង​សព្វថ្ងៃ​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដោយបាន​ប្រកាស​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹង​រក្សា​ជំហរ​មិន​ឈ្លោះ មិន​ឆ្លើយ និង​មិន​ឆ្លង​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ចំពោះ​រឿង​ឯកជន និង​រឿង​ឥតប្រយោជន៍ គឺ​លោក ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​តម្លៃ​ទេ ប៉ុន្តែ​លោក​ថា នៅតែ​ផ្ដោតលើ​បញ្ហា​អាយុជីវិត​ប្រទេសជាតិ ដូចជា បញ្ហា​ទឹកដី និង​បញ្ហា​សម្បទាន​ដីធ្លី​ជាដើម​។​

ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​សង្គម​នៅ​កម្ពុជា បាន​បញ្ជាក់ថា​ការផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា​អាច​កើតឡើង​តាម​បី​រូបភាព ក្នុងនោះ​រួមមាន​៖ ទី​១-​អ្នកកាន់អំណាច​ផ្លាស់ប្តូរ​ដោយ​ខ្លួនឯង ទី​២-​គណបក្សជំទាស់​ជា​អ្នក​ផ្លាស់ប្តូរ និង​ទី​៣-​ប្រជាពលរដ្ឋ​ជា​អ្នក​ផ្លាស់ប្តូរ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា មានតែ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យ​ដែលមាន​ភាពយុត្តិធម៌ តម្លាភាព និង​អហិង្សា​ទេ ដែលជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​៕

VOD-Samrainsy-150320-lakena-cnrp-news-001-2015-03-20-e14268930886091​    ​