ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆ្នាំ​2015 ធ្លាក់​ចុះ​35% ធៀប​នឹង​ឆ្នាំ​មុន

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ក្នុង​តំបន់ និង​សកលលោក​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក មាន​ទឹកប្រាក់​សរុប​១៩.២១១​លាន​ដុល្លារ ធ្លាក់​ចុះ​៣៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្ថិតិ​ជាតិ និង​រដ្ឋាករ​កម្ពុជា ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

របាយការណ៍​ដដែល​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​ដៃគូ​ទាំង​ក្នុង និង​ក្រៅ​តំបន់ មាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់ ។

ជាក់ស្ដែង នៅ​ក្នុង​ឆ្នាំ​២០១០ មាន​ទឹកប្រាក់​សរុប​ជាង​១០.៤៨០​លាន​ដុល្លារ ក្នុង​នោះ​ទឹកប្រាក់​នាំ​ចេញ​មាន​ជាង ៥.៥៨៣​លាន​ដុល្លារ និង​នាំ​ចូល​ជាង​៤.៨៩៦​លាន​ដុល្លារ ។

នៅ​ក្នុង​ឆ្នាំ​២០១១ ការ​នាំ​ចេញ និង​នាំ​ចូល​មាន​ទឹកប្រាក់​ជាង​១២.៨៣០​លាន​ដុល្លារ កើនឡើង​ប្រមាណ​២២% ។ នៅ​ក្នុង​ឆ្នាំ​២០១២ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​មាន​ទឹកប្រាក់​ជាង​១៤.៨៩៧​លាន​ដុល្លារ កើនឡើង​១៦%​។ សម្រាប់​ឆ្នាំ​២០១៣ មាន​ទឹកប្រាក់​ជាង​១៨.៤៧៩​លាន​ដុល្លារ កើនឡើង​២៤% និង​នៅ​ឆ្នាំ​២០១៤ មាន​ទឹកប្រាក់​ជាង​២៩.៧០៧​លាន​ដុល្លារ កើនឡើង​៦១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​មក ។

ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មកនេះ បើ​តាម​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ច​ន្ធី បាន​មាន​ប្រសាសន៍​ថា​៖ « ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​សេដ្ឋ​កិច្ច​ពិភពលោក​មានការ​លូតលាស់​យឺត ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ថយ​ចុះ ។ ខ្ញុំ​ជឿ​ថា មិន​ត្រឹមតែ​ការ​នាំ​ចេញ​មានការ​ថយ​ចុះ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្ពុជា ក៏​មាន​កំណើន​យឺត​ផង​ដែរ ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ ហើយ​នៅ​ខាង​អឺរ៉ុប​ក៏​ជួប​បញ្ហា ។ ម្យ៉ាងទៀត អាច​មក​ពី​ខាង​អ្នកបញ្ជា​ទិញ​សម្លៀក​បំពាក់​នៅ​ពេល​កន្លង​មក ពួក​គាត់​បញ្ជា​ទិញ​ពី​ប្រទេស​ផ្សេង ពីព្រោះ​កាលពី​ឆ្នាំទៅ កម្ពុជា​មាន​បញ្ហា​កម្មករ​ធ្វើ​បាតុកម្ម​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ខ្សែ​សង្វា​ក់​ផលិតកម្ម » ។

យោង​តាម​ព្រឹត្តិបត្រ​សហ​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៥ (​តុលា​-​ធ្នូ​) ចំនួន​កូដកម្ម​ដែល​កើតឡើង​លើ​សមាជិក ហើយ​បាន​ជូនដំណឹង​មក​សមាគម​មាន​ចំនួន​២៨​ករណី បើ​ធៀប​នឹង​រយៈ​ត្រីមាស​ទី​៣(​កក្កដា​-​កញ្ញា​)​កើនឡើង​២២% ។ កំណើន​នេះ​ធ្វើ​ឲ្យ​ចំនួន​ថ្ងៃ​ដែល​ខូចខាត​ដោយសារ​តែ​កូដកម្ម​នៅ​ត្រីមាស​ទី​៤​មាន​រហូត​ដល់​១៥៨.៩៣៩​ថ្ងៃ កើនឡើង​ប្រមាណ​២៤,៤២% បើ​ធៀប​នឹង​ចំនួន​ថ្ងៃ​ខូចខាត​ដោយសារ​កូដកម្ម​ក្នុង​ត្រីមាស​ទី​៣ ។

លោក ស្រី ច​ន្ធី បាន​បន្ដ​ថា ៖ « ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​យើង​នា​ពេល​កន្លង​មក គឺ​ផ្អែក​សំខាន់​ទៅ​លើ​វិស័យ​កាត់ដេរ ស្បែកជើង សម្លៀក​បំពាក់ ហើយ​កម្លាំង​ពលកម្ម​យើង​នៅ​មាន​តម្លៃ​សមរម្យ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ។ ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​មាន​ច្រើន ដែល​ជា​កត្តា​ទាក់ទាញ ។ លើស​ពី​នេះ​ទៀត ខាង​សហគមន៍​អឺរ៉ុប និង​ខាង​អា​មេ​រិ​ក គេ​បើក​ទីផ្សារ​ឲ្យ​យើង ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ស្រូវ និង​អង្ករ​ទៅ​ខាង​អឺរ៉ុប និង​ចិន​បាន​ច្រើន » ។

លោក​បន្ថែម​ថា ៖ « បើ​យើង​សង្កេត​មើល​ចាប់តាំងពី​កម្ពុជា​ចូល​ជា​សមាជិក WTO កាលពី​ឆ្នាំ​២០០៤​កន្លង​មក​ឃើញ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​កាន់តែ​រីក​ចម្រើន​ឡើង ដោយ​សារ​តែ​គេ​បើកចំហ​ទីផ្សារ​ឲ្យ​កម្ពុជា ជា​ពិសេស ទៅ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ កម្ពុជា​មាន​គោលនយោបាយ​សេដ្ឋកិច្ច​ល្អ ហើយ​ច្បាប់​វិនិយោគ​មានការ​អនុគ្រោះ​សម្រាប់​ទាក់ទាញ​វិនិយោគិន​បរទេស » ។

លោក​បញ្ជាក់​ថា ៖ « នៅ​ឆ្នាំ​២០១៦​នេះ ខ្ញុំ​គិត​ថា ប្រហែលជា​គ្មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ។ ការ​នាំ​ចេញ​របស់​យើង​នឹង​ល្អ ព្រោះ​សេដ្ឋកិច្ច​ចិន អា​មេ​រិ​កាំ​ង និង​នៅ​អឺរ៉ុប​អត់​មាន​បញ្ហា​ទេ ។ អីុ​ចឹ​ង​ហើយ ខ្ញុំ​ជឿ​ថា វា​អាច​ទៅ​ដោយ​រលូន​បាន​ច្រើន​ជាង​ឆ្នាំ​កន្លង​មក » ។

ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន លោក ស្រី ច​ន្ធី យល់​ឃើញ​ថា ៖ « ការ​លំបាក​របស់​ប្រទេស​យើង គឺ​ពឹងផ្អែក​ខ្លាំង​ពេក​ទៅ​លើ​រោងចក្រ​ធុន​ស្រាល​។ គួរតែ​ធ្វើ ម៉េច​ទាក់ទាញ​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ធុន​មធ្យម និង​ធ្ងន់ ឬ​ខាង​បច្ចេកវិទ្យា ។ ប៉ុន្តែ​យើង​ខ្វះ​មនុស្ស​មាន​ជំនាញ ហើយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​មិន​ទាន់​គ្រប់គ្រាន់ ជា​ពិសេស ប្រព័ន្ធ​ដឹក​ជញ្ជូន និង​អគ្គិសនី​នៅ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ផ្សេង​ទៀត ។ ដូចនេះ គួរតែ​សម្រួល​ទាក់ទង​នឹង​ឯកសារ​សម្រាប់​នាំ​ចេញ បើ​យើង​អាច​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ចំណាយ​កាន់តែ​តិច ហើយ​រយៈពេល​ធ្វើ​កាន់តែ​លឿន និង​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ » ៕