មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ នៅតែ​គាបសង្កត់​ទៅលើ​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​

រឿងអាស្រូវ​របស់លោក ផន គឹម​កន មេ​ប៉ុស្ដិ៍នគរបាល​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ត្រូវបាន​កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ ក៏ដូចជា​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​នេះ ធ្វើការ​រិះគន់​ជា​បន្តបន្ទាប់ ហើយ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ដោះស្រាយ​ផងដែរ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនទាន់​ចាត់វិធានការ​លើ​លោក ផន គឹម​កន ដែល​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​នោះទេ ហេតុនេះហើយ​ទើប​លោក ផន គឹម​កន ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ​។ កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ដែលជា​ពលរដ្ឋ​ក្រីក្រ ក៏​ធ្លាប់​តវ៉ា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផងដែរ ក៏ប៉ុន្តែ​មកដល់ពេលនេះ​លោក ផន គឹម​កន និង​បក្ខពួក​នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រភពពី​កម្មករ​អូស​រទេះ​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ផន គឹម​កន នៅ​ច្រក​អូរ​ស្មាច់ បាន​បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​ចាប់ពី​២​ម៉ឺន​រៀល​ដល់​៥​ម៉ឺន​រៀល សម្រាប់​ទំនិញ​១​រទេះ​តាមតិច​ឬ​ច្រើន​។ ប្រការនេះ​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​សល់​ប្រាក់កម្រៃ​សម្រាប់​ចិញ្ចឹមជីវិត​នោះទេ ព្រោះ​ត្រូវ​លោក ផន គឹម​កន និង​បក្ខពួក ជំរិត​យក​ស្ទើរតែ​អស់​ទៅហើយ​។ ក្នុង​មួយថ្ងៃៗ​មាន​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត ក៏ដូចជា​កម្មករ​អូស​រទេះ​យ៉ាងច្រើន ដូច្នេះ​លោក ផន គឹម​កន និង​បក្ខពួក អាច​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ផន គឹម​កន និង​បក្ខពួក​ខ្លះ​ផង​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ផន គឹម​កន និង​បក្ខពួក ព្រោះ​ឈ្មួញ​ទាំងនោះ​មិនអាច​រំលង​បានឡើយ​។ ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​នាំចូល​មានដូចជា ប្រេងសាំង ហ្គាស រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ គ្រឿងសំណង់ ភេសជ្ជៈ និង​ទំនិញ​ចាប់ហួយ​ជាច្រើន​ប្រភេទ ដូច្នេះ​លោក ផន គឹម​កន និង​បក្ខពួក អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត ដូចជា​គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។ ហេតុនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ផន គឹម​កន និង​បក្ខពួក កំពុង​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក ហើយ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

KS-76876លោក ផន គឹមកន  KA-28-03-2016-02 KA-28-03-2016-01