រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិន​ខ្វល់​រឿង​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ខេត្តកំពង់ឆ្នាំង​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​នៅក្នុង​តំបន់​កំពង់​អួរ ឃុំ​ខុន​រ៉ង មាន​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ទាក់ទង​នឹង​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុងស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​នេះដែរ មជ្ឈដ្ឋាន​នានា​ពិនិត្យ​មើលឃើញថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា​ក្នុង​ឃុំ​ខុន​រ៉ង ដែលជា​ជម្រក​ត្រី​ពង​កូន​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រហូតមកដល់​បច្ចុប្បន្ន​មាន​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយដី​ព្រៃរនាម​លិច​ទឹក ជម្រក​ត្រី​ពង​កូន​អស់​ប្រមាណ​៥០​ហិកតា នៅក្នុង​តំបន់​៣ ចំណុច​ខាងលិច​កំពង់​អួរ និង​ដំបូក​ក្រហម ដើម្បី​រៀបចំ​ធ្វើស្រែ​ប្រាំង​និង​លក់​ឲ្យ​ឈ្មួញ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​អ្នក​ដែល​ធ្វើ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ មាន​លិខិតអនុញ្ញាត​ពី​អភិបាលស្រុក​បរិបូរណ៍ លោក ឃួន សៅរ៍​រុំ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក សោម ភា​រុណ និង​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ទៀតផង​។ ទោះជា​យ៉ាងណា​ង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ខុន​រ៉ង បាន​ឲ្យ​ដឹងថា កន្លែង​ដែលមាន​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ប្រមាណ​៥០​ហិកតា​មកហើយ​នោះ គឺ​ខុសពី​ទីតាំង​ដែល​មន្ត្រី​អាជ្ញាធរ​បានអនុញ្ញាត​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យឡើងវិញ​ជាបន្ទាន់ ចំពោះ​ករណី​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​ក្នុង​តំបន់​៣​ដែលជា​តំបន់ហាមឃាត់​។ មានការ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ទទួលបាន​ផលប្រយោជន៍​ពី​អ្នក​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ ទើប​ពួកគេ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​យ៉ាង​គឃ្លើន​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នៅ​តំបន់​កំពង់​អួរ និង​ដំបូក​ក្រហម ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

Pic74 Pic75 Pic73