ជនជាតិ​កូរ៉េ​រស់នៅ​មិន​ស្របច្បាប់​ម្នាក់ ​ត្រូវ​នគរបាល​អន្តោប្រវេសន៍​ចាប់​ខ្លួន

ជនជាតិ​កូរ៉េ​រស់នៅ​មិន​ស្របច្បាប់​ម្នាក់ ​ត្រូវ​នគរបាល​អន្តោប្រវេសន៍​ចាប់​ខ្លួន



កំពង់ស្ពឺ ​៖ ​ជនជាតិ​កូរ៉េ​ម្នាក់ ​បាន​រស់​នៅ​លាក់បាំង ​ដោយ​មិន​មាន​លិខិតឆ្លងដែន​អស់​រយៈពេល​៤​ទៅ​៥​ឆ្នាំ​ នៅ​ក្នុង​ក្រុមហ៊ុន​កូរ៉េ ​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​ញាណសេះ ឃុំ​ទ័ពមាន​ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​ ​ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​តាមដាន​ជាច្រើន​ថ្ងៃ​​រហូត​ចាប់​ខ្លួន​ដើម្បី​​​បញ្ជូន​ទៅ​កាន់​ស្រុកកំណើត​វិញ​តាម​ច្បាប់​ប្រទេស​កម្ពុជា។

លោក​ឧត្ដមសេនីយ៍ត្រី​ សម សាមួន ​ស្នងការ​រង​ទទួលបន្ទុក​អន្តោប្រវេសន៍​ខេត្ត​កំពង់ស្ពឺ​ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​​ព្រឹក​ ថ្ងៃ​ទី​០៦​ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ទទួល​​ព័ត៌មាន​ មុខ​សញ្ញា​ជនបរទេស​រស់នៅ​មិន​ស្របច្បាប់។

ស្នងការ​រង​បាន​បន្ត​ថា តាម​ការ​សាកសួរ​ ជនជាតិ​កូរ៉េ​នោះ​ មាន​ឈ្មោះ​ ហ្វាក ហ្វឹ​ន យ៉ុង (Hwak wan young )​អាយុ ៦០ ឆ្នាំ​ មាន​ប្រពន្ធ​មិន​ស្របច្បាប់​ជា​ជនជាតិ​ខ្មែរ។ បុគ្គល​ខាងលើ​ បាន​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ជាច្រើន​ឆ្នាំ​​មក​ហើយ ​ដោយ​ពុំ​មាន​ឯកសារ​អ្វី​​ឡើយ​ ដោយ​គេ​បាន​អះអាង​ថា​ បាន​បាត់​ឯកសារ​ទាំងអស់​​ ហើយ​ស្ថានទូត​ក៏​លែង​ទទួលស្គាល់​រូបគេ​ដែរ​ ដោយសារតែ​គេ​មិន​បាន​បំពេញបែបបទ​ឲ្យ​បាន​ត្រឹម​ត្រូវ​​​នា​ពេល​កន្លងមក។

លោក​ស្នងការ​រង​ដដែល​បាន​បញ្ជាក់​ថា ចាប់ពី​ខែ​មេសា ដើម​ឆ្នាំ​២០១៦​ នគរបាល​អន្តោប្រវេសន៍​បាន​ចាប់​ និង​បញ្ជូន​ជន​បរទេស​រស់នៅ​មិន​ស្របច្បាប់​បាន​ចំនួន​៤​ករណី បញ្ជូន​ជនជាតិ​បារាំង​១​ករណី ជនជាតិ​កូរ៉េ​២​ករណី​ (បូក​ទាំង​ករណី​ខាង​លើ)​ ជនជាតិ​វៀតណាម​​១​ករណី ក្នុង​​នោះ​រក​ឃើញ​អន្តោប្រវេសន៍​រស់នៅ​១៣០​គ្រួសារ មាន​មនុស្ស​៤១១​នាក់ ជា​ជនជាតិ​វៀតណាម។ ចំណែក​ចំនួន​ពលករ​បរទេស​បែប​វិនិយោគ​​១២៨១​នាក់​ ស្មើ​នឹង​១៧​សញ្ជាតិ។

នគរបាល​អន្តោប្រវេសន៍​បាន​រក​ឃើញ​ទៀត​ថា ជន​បរទេស​ស្នាក់នៅ​រយៈពេល​វែង​មាន​ចំនួន ១៧០៧​នាក់ ស្មើ​នឹង​២១​សញ្ជាតិ។ បើ​គិត​ពី​ការ​អនុវត្ត​ច្បាប់​របស់​នគរបាល​អន្តោប្រវេសន៍​ខេត្ត​កំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១៥​កន្លងមក ​អង្គភាព​បាន​បញ្ជូន ​ជន​បរទេស​ខុសច្បាប់​បាន​៥៣​នាក់​ឲ្យ​ចាក​ចេញពី​កម្ពុជា ​​និង​បាន​ធ្វើ​កិច្ចសន្យា​សម្រាប់​ការ​ចាកចេញ​បន្ត​មាន​៩៤​នាក់​ផ្សេងទៀត។ ការិយាល័យ​អន្តោប្រវេសន៍​ក៏បាន​ធ្វើការ​ព្រមាន​ដល់​រោងចក្រ​សហគ្រាស​មួយ​ចំនួន​ ដែល​បន្ត​លាក់​ពលករ​បរទេស​ធ្វើ​ការ​មិន​ស្របច្បាប់​ ឲ្យ​ឆាប់​រួសរាន់​បំពេញ​ឯកសារ​តាមច្បាប់​មុន​នឹង​កម្លាំង​ស្រាវជ្រាវ​រក​ឃើញ៕