ភី​អិន​អិន ចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​តារា​ភាពយន្ត​ថ្មី​សម្រាប់​កម្ពុជា​

ភី​អិន​អិន ចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​តារា​ភាពយន្ត​ថ្មី​សម្រាប់​កម្ពុជា​



ស្ថានីយទូរទស្សន៍ ភី​អិន​អិន បាន​ចាប់​ផ្តើម​យុទ្ធនាការ​ស្វែងរក​ស្រី​ស្អាត​ប្រុស​សង្ហា ដើម្បី​ទទួល​បាន​ឱកាស​ក្លាយ​ខ្លួន​ជា​តារាភាពយន្ត​ប្រចាំ ភី​អិន​អិន​។​

ស្ថានីយទូរទស្សន៍ ដែល​ហ៊ាន​ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​សម្រាប់​ផលិត​ខ្សែភាពយន្ត​ភាគ​ក្នុង​ស្រុ​ក​មួយ​នេះ បាន​និង​កំពុង​សម្លឹង​រក​ស្រី​ស្អាត ប្រុស​សង្ហា ដែល​អាច​មានឱកាស​ក្លាយជា​កំពូល​តារា​ភា​ព​យន្ត​ប្រចាំ​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​អនាគត​។

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់ ភី​អិន​អិន បាន​ឲ្យ​ដឹង​ថា ភី​អិន​អិន កំពុង​បើក​យុទ្ធនាការ​ស្វែងរក​បុរស នារី ដែល​មាន​រូប​សម្ផស្ស​ស្រស់​សោភា និង​រាងរៅ​ស័ក្ដិសម ក្លាយជា​តារា​ល្បី​នា​ពេល​អនាគត​។ កញ្ញា​បន្ត​ថា សម្រាប់​អ្នក​ដែល​ជឿ​ថា ​ខ្លួន​មាន​រូប​សម្រស់​សមរម្យ និង​ចង់​ចូល​រួម​ជាមួយ ភី​អិន​អិន អាច​ផ្ញើ​ជីវប្រវត្តិ​មក ភី​អិន​អិន​តាមរយៈ Page Facebook របស់ ភី​អិន​អិន​។​ អ្នក​មា​ន​ចំណាប់អារម្មណ៍ និង​ជឿ​ជាក់​ថា ​ខ្លួន​មាន​រូបសម្បត្តិ​សមជា​តារាភាពយន្ត នឹង​ចង់​ចូលរួម​ប្រជែង​អាច​ផ្ញើ​រូបថត ជីវប្រវត្តិ​សង្ខេប ទៅកាន់ Facebook Page របស់ ភី​អិន​អិន ដែល​មាន​អាសយដ្ឋាន https://www.facebook.com/PNNDramaFanClub។​

បេក្ខជន ដែល​ឈ្នះ​ក្នុង​ការ​ប្រជែង នឹង​មាន​ឱកាស​ទទួល​បានការ​អញ្ជើញ​ឲ្យ​ចូលរួម​សម្ដែង​សាក​ល្ប​ង​ជាមួយ​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​។ បើសិនជា​ឆ្លងកាត់​ដំណាក់កាល​សាកល្បង​នេះ​ផុត ពួកគេ​នឹង​អាច​ក្លាយជា​តារាភាពយន្ត​អាជីព​តែម្តង​។​

កាលពីដើម​ឆ្នាំនេះ ភី​អិន​អិន បាន​ប្រកាស​ថា ស្ថានីយទូរទស្សន៍​របស់​ខ្លួន នឹង​ផលិត​ភាពយន្ត​ភាគ​ក្នុងស្រុក​ឲ្យ​បាន​ច្រើនជាង ១០០​ម៉ោង រហូតដល់​ចុងឆ្នាំ​២០១៦​។​

ក្រោយពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​សាច់រឿង ក៏ដូចជា​មានការ​សហការ​ផលិត​ពី​សំណាក់​ផលិ​ត​កម្ម​ក្នុងស្រុក​មួយចំនួន​ផង​នោះ ផ្នែក​កម្មវិធី​ផ្សាយ​របស់ ភី​អិន​អិន ជឿ​ជាក់​ថា ខ្លួន​នឹង​អាច​ផលិត​ខ្សែភាពយន្ត​ភាគ​ក្នុងស្រុក​ច្រើនជាង ១០០​ម៉ោង ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​ក្នុង​មួយ​ម៉ោង គឺ​ត្រូវ​ចំ​ណាយ​ប្រាក់​ប្រមាណ ៨​ពាន់​ដុល្លារ​អាមេរិក​។​

ជាមួយ​គ្នា​នេះ​ដែរ ខ្សែភាពយន្ត​ភាគ​របស់ ភី​អិន​អិន ត្រូវ​គេ​រំពឹង​ថា នឹង​អាច​ផ្សាយ​ជូន​ទស្សនា នា​ចុង​ឆ្នាំ​២០១៦​នេះ​ដូចគ្នា ជាមួយនឹង​ការ​បង្ហាញ​វត្តមាន​តារាភាពយន្ត​ថ្មីៗ ដែល​ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​រប​ស់ ភី​អិន​អិន បង្កើត​ឲ្យ​មាន​តារាភាពយន្ត​ថ្មីៗ​ជាច្រើន​ទៀត​សម្រាប់​ពលរដ្ឋ​កម្ពុជា​នា​ថ្ងៃ​អនាគត​៕