ទាំង​នេះ​កើតឡើង​ ដោយ​សារ​ឃាតករ​​លាក់​មុខ

ខេត្តព្រៃវែង ៖ ភ្លៀង​១​មេ​ធំ​​បោកបក់​​គ្របដណ្តប់​​លើ​ស្រុក​ចំនួន​៣​ ក្នុង​ខេត្តព្រៃវែង កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ឧសភា ​​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​​និង​គោ​១​ក្បាល​ក៏​បាន​ងាប់ ​បន្ទាប់ត្រូវ​រន្ទះបាញ់ ព្រមទាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នងទៀត ក៏​​ត្រូវ​​​ដួល​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់​។

យោង​តាម​ប្រភព​​​ពី​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៤ ​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ឧ​សភា នៅ​ស្រុក​ស៊ី​ធរ​កណ្តាល​ បាន​ធ្លាក់​ភ្លៀង​១​មេ​យ៉ាង​ធំ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ហើយ​ក្នុង​ពេល​នោះ​ នៅ​ភូមិ​បឹង​សណ្តែក ឃុំ​ព្រែក​ចង្ក្រាន រន្ទះ​បាន​បាញ់​ត្រូវ​គោ​ឡើង​១​ក្បាល ដែល​មាន​ម្ចាស់​ឈ្មោះ​ជិន វ​ណ្ណា ​បណ្តាល​ឱ្យ​​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​។

បន្ទាប់​ពី​បាញ់​ងាប់​គោ​១​ក្បាល​​ហើយ​នោះ ១​ម៉ោង​ក្រោយមក​ទៀត​​ ​នៅ​ម៉ោង​០៥ ​និង​៥០​នាទី នៅ​ភូមិ​ក្បាល​បឹង ឃុំ​អំពិល​ក្រៅ ក្នុងស្រុក​ស៊ី​ធរ​កណ្តាល​នេះ​ដែរ រន្ទះ​បាន​បន្ត​បាញ់​​ត្រូវ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះត្រា ចាន់​ណា អាយុ​២៧​ឆ្នាំ ដែល​កំពុង​តែ​ដើរ​ព្រួស​ស្រូវ​នៅ​ក្នុង​ស្រែ បណ្តាល​ឱ្យ​​ស្លាប់​​យ៉ាង​
អ​ណោ​ច​អធម​ ។

ជាមួយ​គ្នា​នេះ ខ្យល់​កន្ត្រាក់​​ដែល​​បោកបក់​មក​ជាមួយនឹង​​ភ្លៀង​ផ្គរ​រន្ទះ​នេះ ក៏​​​ធ្វើ​ឱ្យ​​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង នៅ​ក្នុង​ឃុំ​ល្វេ ឃុំ​ព្រែក​ចង្ក្រាន និង​ឃុំ​រំលេច នៃ​ស្រុក​ស៊ី​ធរ​កណ្តាល ត្រូវ​ដួល​រលំ និង​ប៉ើង​ដំបូល​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​។

ចំណែក​នៅ​ឯ​ស្រុក​កំពង់ត្របែក ក៏​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់​ទៅ​លើ​ភូមិ​អ្នកស្រុក បណ្តាល​ឱ្យ​​ផ្ទះ​ចំនួន​៦​ខ្នង ត្រូវ​ដួល​រលំ​ខូចខាត​ទាំងស្រុង​ផង​ដែរ ប៉ុន្តែ​សំណាងល្អ​ គឺ​ពុំ​​​បណ្តាល​ឱ្យ​​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ និង​សត្វ​នោះ​ទេ​។ ​នៅ​ស្រុក​បាភ្នំ​ឯណោះវិញ ផ្ទះ​ក្បឿង​១​ខ្នង​ ក៏​ត្រូវ​ខ្យល់​កន្ត្រាក់​បោក​បក់ បណ្តាល​ឱ្យ​ដួល​រលំ​បះជើង​ច្រ​ង៉ាង​​ នៅ​ល្ងាច​ថ្ងៃ​ជាមួយ​គ្នា​នោះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា គេ​ឃើញ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​កាកបាទក្រហម​ស្រុក​-​ខេត្ត បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​មើល និង​បូក​ស្រង់​ស្ថិតិ​ផ្ទះ​ដែល​រង​គ្រោះ​ទាំង​អស់ហើយ ដើម្បី​​រៀបច​នាំ​​​អំណោយ​សង្គ្រោះទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំងនោះ​ ។