កាមេរ៉ា​សុវត្ថិភាព​នឹង​បំពាក់​បន្ថែម​ ដើម្បី​ទាម​ទារ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ

អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​គ្រោង​បន្ថែម​កាមេរ៉ា​សុវត្ថិភាព​ចំនួន ​៦០០​គោល​ដៅ​ ក្នុង​ការ​ត្រួត​ពិនិត្យ​​បទ​ល្មើស ការ​កក​ស្ទះ​ដើម្បី​បញ្ចៀស​ចរាចរណ៍​បាន​ទាន់​ពេល​វេលា និង​ការ​បុក​ប៉ះ​ទង្គិច​មួយ​ចំនួន​ដែល​អាច​ទាម​ទារ​​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។ នេះ​បើ​តាម​ការ​អះ​អាង​ពី​លោក ទី ឡុង អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ក្រសួង​មហាផ្ទៃ ។

 

កាមេរ៉ា​សុវត្ថិភាព​នឹង​បំពាក់​បន្ថែម​ ដើម្បី​ទាម​ទារ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ

 

បច្ចុប្បន្ន​កាមេរ៉ា​ថ្មី​ទាំង​នេះ​ ខាង​ក្រុម​ការងារ​កំពុង​សិក្សា​អំពី​គុណ​ភាព​ប្រៀប​នឹង​កាមេរ៉ា​ចាស់ ដោយ​បាន​ដាក់​សាកល្បង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១​ទៀត​ផង។ ជាមួយ​គ្នា​នេះ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​ ក្រសួង​មហាផ្ទៃ​ ​​គ្រោង​ដាក់​កាមេរ៉ា​សម្រាប់​ចាប់​ល្បឿន​ចល័ត​ចំនួន​១០០គ្រឿង ​បន្ថែម​ពី​លើ​កាមេរ៉ា​ធ្លាប់​មាន​ស្រាប់​ចំនួន​៦៨​គ្រឿង​នៅ​ទូ​ទាំង​ប្រទេស ដោយសារ​ការ​ប្រើ​ប្រាស់​ល្បឿន នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ។

 

លោក បន្ត​ថា ការ​បន្ថែម​កាមេរ៉ា​នេះ​នឹង​ជួយ​បង្កើន​សុវត្ថិភាព​​​ចរាចរណ៍​ ទប់​ស្កាត់​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការ​បុក​ប៉ះ​ទង្គិច​មួយ​ចំនួន​ដែល​ជួយ​ទាម​ទារ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

 

យ៉ាង​ណា​លោក ទី ឡុង មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ​ចំពោះ​ចំនួន​បទ​ល្មើស​បាន​រក​ឃើញ​​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​ធ្លាប់​បាន​បំពាក់​កន្លង​មក ដោយ​លោក​អះ​អាង​ថា​​មិន​ទាន់​បាន​ធ្វើ​ការ​បូក​សរុប ដោយ​សារ​មាន​ក្រុម​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ផ្នែក​នេះ៕

 

កាមេរ៉ា​សុវត្ថិភាព​នឹង​បំពាក់​បន្ថែម​ ដើម្បី​ទាម​ទារ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ
អត្ថបទ៖ លឹម សុ​នា