លោក កឹម សុខា ត្រូវ​បាន​តុលាការ​កោះហៅ​ក្នុងនាម​សាក្សី ពាក់ព័ន្ធ​អំពើ​ពេស្យាចារ​

លោក កឹម សុខា ត្រូវ​បាន​តុលាការ​កោះហៅ​ក្នុងនាម​សាក្សី ពាក់ព័ន្ធ​អំពើ​ពេស្យាចារ​



ភ្នំពេញ​ ៖ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ លោក សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ខា​ង​មុខ​នេះ ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​អំពើ​ពេស្យាចារ ដែល​មាន​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជា​ជនរងគ្រោះ។​

គួរ​បញ្ជាក់​ថា លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​កោះហៅ​ លោក តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្ដាល ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា។ ចំណែក ​លោក ពិន រតនា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង ត្រូវ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា។ ពួកគេ​ទាំងពីរ​នាក់ ត្រូវ​បាន​កោះហៅ​សាក​សួរ​ក្នុងនាម​ជា​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​អំពើ​ពេស្យាចារ ដែល​មាន​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ជា​ជនរងគ្រោះ​ផង​ដែរ។​

ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ទាំងពីរ​នេះ ធ្វើឡើង​បន្ទាប់ពី​កាល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ផ្តល់​ចម្លើយ​សារភាព​ជូន​ព្រះ​រាជអាជ្ញា សៀង សុខ ដោយ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​មាន​ទំនាក់ទំនង​ជាមួយ​ លោក កឹម សុខា នោះ នាង​បាន​ទៅលេង ទីក្រុង​បាងកក ជាមួយ​ លោក កឹម សុខា ចំនួន​២​ដង ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០​១៥, លោក កឹម សុខា លោម​លួង​ឲ្យ​លុយ ចំនួន​៣០០០​ដុល្លារ និង​សន្យា​រក​ទិញ​ផ្ទះ​មួយ​នៅ​កន្លែង​ស្ងាត់​ងាយស្រួល​ចេញចូល​។ ពេល​ទៅ​ដល់​ទីក្រុង​បាងកក​នោះ លោក តុ​ វ៉ាន់​ចាន់ ដែល​ជា​អ្នក​ជូន​នាង​ទៅតាម​បញ្ជា​របស់​ លោក កឹម សុខា បាន​នាំ​នាង​ទៅ​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ (​មិន​ចាំ​លេខ​បន្ទប់​) ហើយ​ត្រឡប់​មក​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​។​

ដោយឡែក​ពេល​ទៅ​ទីក្រុង​បាងកក ជាមួយ ​លោក កឹម សុខា លើក​ទី​២ គឺ​ចាប់ពី​ថ្ងៃទី​០១ ទី​០២ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កញ្ញា ស្រីមុំ បាន​បញ្ជាក់​អះ​អាង​ថា នាង​បាន​ចេញទៅ​ជាមួយ​ ឈ្មោះ ពិន រតនា ដោយ​មានការ​ប្រាប់​ពី​ លោក កឹម សុខា ឲ្យ​នាង​ទំនាក់ទំនង​ជាមួយ​គាត់​ពេល​ទៅដល់​ប្រទេស​ថៃ​។ នាង​បាន​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ ជាមួយ​បន្ទប់​ លោក កឹម សុខា ដោយ​ លោក កឹម សុខា បាន​រង់ចាំ​នាង​នៅ​ក្នុង​បន្ទប់​មុន​៕

លោក កឹម សុខា ត្រូវ​បាន​តុលាការ​កោះហៅ​ក្នុងនាម​សាក្សី ពាក់ព័ន្ធ​អំពើ​ពេស្យាចារ​