ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ ចូល​បាញ់ ​«​អ្នក​ចាក់​ភ្លេង​DJ»​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​​មួយ

ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ ចូល​បាញ់ ​«​អ្នក​ចាក់​ភ្លេង​DJ»​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​​មួយ



ភ្នំពេញ ​៖​ ជនរងគ្រោះ​ឈ្មោះ​មុត ​មករា ដែល​គេ​ស្គាល់​ថា ជា​អ្នក​ចាក់​ភ្លេង ​និង​DJ​ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​​មួយ​កន្លែង​នោះ​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​មួយ​ក្រុម​ បើកឡាន​ជា​ច្រើន​គ្រឿង​ទៅ​ឈប់​នៅ​ពីមុខ ​រួច​ដើរ​ចូល​ទៅ​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់ ​ដល់​ក្នុង​បន្ទប់ ​​បណ្ដាល​ឲ្យ​​​​​របួស​ធ្ងន់។ ចំណែក​ខ្មាន់កាំភ្លើង​បាន​នាំគ្នា​ឡើង​ជិះ​រថយន្ត​គេច​ខ្លួន​បាត់​ ដោយ​សុវត្ថិភាព​ ហាក់​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អំពើ​បាញ់​ប្រហារ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ​នៅ​ចំណុច​មជ្ឈមណ្ឌល​កម្សាន្ត​​មួយ​កន្លែង ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។ ជនរងគ្រោះ​ឈ្មោះ​មុត ​មករា​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ជា​DJ ​ចាក់​ភ្លេង​នៅ​ទីតាំង​នោះ​ បាន​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

តាម​សម្ដី​របស់​អ្នក​រត់​ម៉ូតូ​ឌុប​គោលដៅ​នៅ​មុខ​ទីតាំង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ព្រឹក ​គេ​បាន​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ ប្រមាណ​ជា​៣​ទៅ​៤​ឡាន ​បាន​បើកឡាន មក​ឈប់​នៅ​ពីមុខ មជ្ឈមណ្ឌល​កម្សាន្ត​នោះ​ រួច​កាន់​កាំភ្លើង​ដើរចូល​ទៅ​ខាង​ក្នុង។ បន្ទាប់​មក​ពួកគាត់​បាន​ឮ​ សំឡេង ផ្ទុះ​អាវុធ ប្រមាណ​ជា​៥​គ្រាប់។ ភ្លាមៗ​នោះ​ដែរ ​ក៏​ឃើញ​ក្រុម​ជន​ដៃដល់ បាន​ដើរចេញ មក​ក្រៅ ហាក់​ដូចជា​គ្មាន​រឿង​អ្វី​ទាល់​តែ​សោះ​ ​ហើយ​ឡើង​ជិះ​រថយន្ត គេចខ្លួន​អស់​ទៅ។

សាក្សី​បន្ត​ថា ក្រោយ​មក​បន្តិច ​ក៏​គេ​ឃើញ​បុគ្គលិក​ បាន​នាំ​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ។

ប្រភព​ដដែល​បន្ត​ថា ​​កាលពី​យប់​មុន​ពេល​កើតហេតុ ​ក្រុម​ជន​ដៃដល់ ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ចិន​ណា និង​បក្សពួក​ ដែល​សុទ្ធ​សឹង​ជា​កូន​អ្នក​មាន​​ទ្រព្យ​ និង​អំណាច ​បាន​ចូល​ទៅ​ផឹកស៊ី​ស្រី​ញី​អូន​បង​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​នោះ។ បន្ទាប់មក​ជនរងគ្រោះ និង​ជន​ដៃដល់ មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ប៉ុន្តែ​គេ​មិន​ដឹង​ថា​ផ្តើម​ឡើង​ ដោយ​រឿង​អ្វី​នោះ​ទេ។ ក្រោយ​មក​ទៀត​ ក្រុម​ជន​ដៃដល់​ក៏​នាំគ្នា ចេញ​មកវិញ​អស់​ទៅ​ លុះ​ដល់​​​ម៉ោង​កើតហេតុ ​​ក៏​មាន​រឿង​បាញ់​ប្រហារ​បែប​នោះ​កើត​ឡើង​តែម្ដង។

ក្រោយ​កើតហេតុ គេ​សង្កេតឃើញ សមត្ថកិច្ច​ព្រហ្មទណ្ឌ ខណ្ឌ​ចំការមន ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ​​រួច​ធ្វើការ​សាកសួរ​បុគ្គលិក​នៅ​ក្នុង​មជ្ឈមណ្ឌល​នោះ​ដើម្បី​ស្រាវជ្រាវ​រក​ជន​ដៃដល់។ ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​ ហាក់​មាន​ការ​លាក់បាំង មិន​ហ៊ាន​ឲ្យ​អ្នកកាសែត​ដឹង​ឡើយ៕