សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​CTN​និង​CNC​ថ្ងៃ​សៅរ៍​-​អាទិត្យ​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​CTN ថ្ងៃ​សៅរ៍​ ទី​៧​ ឧសភា ​នេះ​ មាន​ទាំងអស់​៥​គូ ក្នុង​នោះ​គូ​អន្តរជាតិ​មាន​ចំនួន​២​គូ ។ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ដា​គី សរ វិ​រ​វណ្ណ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ ចំណែក​ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សន​ឌែ​ង ស៊ី​ត​កាំ​ណា​ន់​លឺ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

តាម​ការ​ឱ្យ​ដឹង កីឡាករ​ឡាវ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ឡេះ តើក រូប​នេះ​មិនសូវ​ជា​ខ្លាំង​ប៉ុន្មាន​ទេ ។ ឡេះ តើក ថ្វី​ដ្បិតតែ​មួយ​រយៈ​មកនេះ​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​មែន ប៉ុន្តែ​ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​ល្អ​គ្រាន់បើ គ្រាន់តែ​ចលនា​វាយ​ចេញ​រាង​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ​។ ចាំ​មើល​ឡេះ តើក អាច​ផ្ដួល​កីឡាករ​ឡាវ​ដែល​មិនសូវ​ខ្លាំង​នេះ​នៅ​ក្នុង​ទឹក​ទី​ប៉ុន្មាន?

ចំណែក​កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​ជាមួយ ចាន់ សំអាត មិនមែន​ជា​ជើង​អន់​ដែល​ងាយស្រួល​បង្ក្រាប​ទេ ។ ទោះបី​ចាន់ សំអាត ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ច្រើន​លើក​មែន​ក៏​លើក​នេះ​មិន​ត្រូវ​មើល​ស្រាល​លើ​គូប្រកួត​ដែល​ជា​កីឡាករ​ថៃ​នោះ​ដែរ បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន​។

ក្រៅពី​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាង​កីឡាករ កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​កីឡាករ សេ រាំ​បូ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​។ កីឡាករ គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ធន់ តា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ព្រំ វី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC ថ្ងៃអាទិត្យ​ទី​៨​ឧសភា​វិញ​ក៏​មានការ​ប្រកួត​ចំនួន​៦​គូ​ដែរ ក្នុង​នោះ​គូ​អន្តរជាតិ​មាន​ចំនួន​២​គូ ។ កីឡាករ​សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃុំ​ស្នេហ៍ ស​វិ​រា​វណ្ណ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​កីឡាករ​សេក គឹ​ម​ភាព មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ រ៉ូ​ត​ឆៃ គៀត​សេរី ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

ឃុំ​ស្នេហ៍ ស​វិ​រា​វណ្ណ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ សុខ ទូ នៅ​ក្នុង​ពេល​នេះ គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​កម្ពុជា​ញាក់សាច់​គ្រប់​គ្នា ។ ចំណែក សុខ ទូ ក៏​មិនមែន​ជា​ជើង​អន់​ប៉ុន្មាន​ដែរ ចលនា​វាយ​ចេញ​របស់​គេ​ក៏​រហ័ស ចិត្ត​ក៏​សឿង ។ ចាំ​មើល​គូ​នេះ នរណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន ។

រីឯ​រ៉ូ​ត​ឆៃ គៀត​សេរី ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ ប៉ុន្តែ​សម្រាប់​ការ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​កន្លង​មក​មាន​ចាញ់​មាន​ឈ្នះ ។ គេ​មិន​ទាន់​ដឹង​ថា ការ​មក​ជួប​ប្រកួត​ជាមួយ​សេក គឹ​ម​ភាព លើក​នេះ គេ​មានសំណាង​ឬ​ក៏​អត់​នោះ​ទេ ។

ដោយឡែក​គូប្រកួត​មិត្តភាព​រវាង​កីឡា​ករ​កម្ពុជា​និង​កម្ពុជា​វិញ​មាន សន សុ​ផុ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​នួន ភិ​រ៉ា មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ។ ឃិ​ន សុវណ្ណ​និល មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​ង៉ែត បូ​រិ​ន្ទ មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី​។ វេន សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​គូ​ចុង​ក្រោយ ហ៊ែ​ល វិចិត្រ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​ភឿន ផុ​ន មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនគីរី ៕