ភី​អិន​អិន ចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​តារា​ភាពយន្ត​ថ្មី​សម្រាប់​កម្ពុជា​

ភ្នំពេញ​:
​ស្ថានីយទូរទស្សន៍ ភី​អិន​អិន បានចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​ស្រី​ស្អាត​ប្រុស​សង្ហា​ដើម្បី​ទទួលបាន​ឱកាស​ក្លាយខ្លួនជា​តារាភាពយន្ត​ប្រចាំ ភី​អិន​អិន​។​

​ស្ថានីយទូរទស្សន៍ ដែល​ហ៊ាន​ចំណាយ​ប្រាក់​រាប់សែន​ដុល្លារ​សម្រាប់​ផលិត​ខ្សែភាពយន្ត​ភាគ​ក្នុងស្រុក​មួយ​នេះ បាន​កំពុង​សម្លឹង​រក​ស្រី​ស្អាត ប្រុស​សង្ហា ដែល​អាច​មានឱកាស​ក្លាយជា​កំពូល​តារាភាពយន្ត​ប្រចាំ​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​អនាគត​។

​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់ ភី​អិន​អិន បាន​ឲ្យ​ដឹងថា ភី​អិន​អិន កំពុងបើក​យុទ្ធនាការ​ស្វែងរក​បុរស នារី ដែលមាន​រូប​សម្ផស្ស​ស្រស់​សោភា និង​រាងរូវ​ស័ក្ដិសម ក្លាយជា​តារា​ល្បី​នាពេល​អនាគត​។ កញ្ញា​បន្តថា សម្រាប់​អ្នក​ដែល​ជឿថា​ខ្លួន​មាន​រូប​សម្រស់​សមរម្យ និង​ចង់​ចូលរួម​ជាមួយ ភី​អិន​អិន អាច​ផ្ញើ​ជីវប្រវត្តិ​មក ភី​អិន​អិន​តាមរយៈ Page Facebook របស់ ភី​អិន​អិន​។​

​អ្នកមាន​ចំណាប់អារម្មណ៍ និង​ជឿជាក់ថា​ខ្លួន​មាន​រូបសម្បត្តិ​សមជា​តារាភាពយន្ត នឹង​ចង់​ចូលរួម​ប្រជែង​អាច​ផ្ញើ​រូបថត ជីវប្រវត្តិ​សង្ខេប ទៅកាន់​FacebookPage​របស់ ភី​អិន​អិន ដែលមាន​អាសយដ្ឋាន https://www.facebook.com/PNNDramaFanClub​។​

​បេក្ខជន ដែល​ឈ្នះ​ក្នុងការ​ប្រជែង នឹងមាន​ឱកាស​ទទួល​បានការ​អញ្ជើញ​ឲ្យ​ចូលរួម​សម្តែង​សាកល្បង​ជាមួយ​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​។ បើសិនជា​ឆ្លងកាត់​តំណាក់កាល​សាកល្បង​នេះ​ផុត ពួកគេ​នឹង​អាច​ក្លាយជា​តារាភាពយន្ត​អាជីព​តែម្តង​។​

​កាលពីដើម​ឆ្នាំនេះ ភី​អិន​អិន បានប្រកាសថា ស្ថានីយទូរទស្សន៍​រប​ស់​ខ្លួន នឹង​ផលិត​ភាពយន្ត​ភាគ​ក្នុងស្រុក​ឲ្យ​បាន​ច្រើនជាង ១០០​ម៉ោង រហូតដល់​ចុងឆ្នាំ​២០១៦​។​

​ក្រោយពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​សាច់រឿង ក៏ដូចជា​មានការ​សហកា​រ​ផលិត​ពី​សំណាក់​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​ផង​នោះ ផ្នែក​កម្មវិធី​ផ្សាយ​របស់ ភី​អិន​អិន ជឿជាក់ថា ខ្លួន​នឹង​អាច​ផលិត​ខ្សែភាពយន្ត​ភាគ​ក្នុងស្រុក​ច្រើនជាង ១០០​ម៉ោង ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​ក្នុង​មួយ​ម៉ោង គឺ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៨​ពាន់​ដុល្លារ​អាមេរិក​។​

​ជាមួយគ្នានេះដែរ ខ្សែភាពយន្ត​ភាគ​របស់ ភី​អិន​អិន ត្រូវគេ​រំពឹងថា នឹង​អាច​ផ្សាយ​ជូន​ទស្សនា នា​ចុងឆ្នាំ​២០១៦​នេះ​ដូចគ្នា ជាមួយនឹង​ការបង្ហាញ​វត្តមាន​តារាភាពយន្ត​ថ្មីៗ ដែល​ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​របស់ ភី​អិន​អិន បង្កើត​ឲ្យ​មាន​តារាភាពយន្ត​ថ្មីៗ​ជាច្រើន​ទៀត​សម្រាប់​ពលរដ្ឋ​កម្ពុ​ជានា​ថ្ងៃ​អនាគត​៕

ភី​អិន​អិន ចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​តារា​ភាពយន្ត​ថ្មី​សម្រាប់​កម្ពុជា​