សម រង្ស៊ី៖ ចាប់​ខ្លួន​ប៉ុន្មាន​នាក់​ក៏​ចាប់​ទៅ តែ​កុំ​ចាប់​ខ្លួន​ខ្ញុំ

ព្រឹត្តិការណ៍ នៃការចាប់ចងមនុស្សជាច្រើននាក់ យកទៅឃុំខ្លួនជាបន្តបន្ទាប់ ត្រូវបានលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វាយតម្លៃថា មានលក្ខណៈធ្ងន់ធ្ងរណាស់។ លោកបាននិយាយបញ្ជោះថា បើត្រូវចាប់ប៉ុន្មាននាក់ទៀត ក៏​ចាប់​ទៅ ដើម្បី​ឲ្យ​ការ​រំលោភ​សិទ្ធិ​មនុស្ស កាន់តែ​បញ្ចេញ​ក្រឡាសារ និងធ្វើឲ្យប្រជារាស្ត្រ លោកកាន់តែស្អប់ឡើង។ តែផ្ទុយទៅវិញ លោក​អះអាង​ថា រូប​លោក​ជា​មេទ័ព មិន​គួរត្រូវ​ឲ្យ​ចាប់​ខ្លួន​ទេ។
សម រង្ស៊ី៖ ចាប់​ខ្លួន​ប៉ុន្មាន​នាក់​ក៏​ចាប់​ទៅ តែ​កុំ​ចាប់​ខ្លួន​ខ្ញុំ

លោក សម រង្ស៊ី ដែលអើតមុខ នៅចំពោះការរារាំង ពីសំណាក់កងកម្លាំងអាជ្ញាធរ កាលពីពេលកន្លងមក។ (រូបថតសការី)

គេមិនត្រូវបង្កើតចំណាប់ខ្មាំងនយោបាយ តាមការចាប់ចង ដើម្បីធ្វើជាថ្នូរទៅនឹងកិច្ចកលអ្វីមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ជាតិ មិនគួរឲ្យកើតមានជាដាច់ខាត។ នេះជាការលើកឡើង របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពីប្រទេសបារាំងដែលលោកកំពុងរស់នៅនិរទេសខ្លួន ពីការតាមចាប់ខ្លួន​របស់​អាជ្ញាធរកម្ពុជា ទាក់ទង​នឹងសំណុំរឿងបរិហាកេរ្តិ៍មួយ ដែលកើតឡើងតាំងពីឆ្នាំ២០១១។

តបនឹងសាកសួរ របស់វិទ្យុសម្លេងអាស៊ីសេរី មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានគិតថា រដ្ឋាភិបាល​សព្វ​ថ្ងៃ​ ក្រោម​ការ​ដឹកនាំ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានដើរចាប់ខ្លួនមនុស្ស ជាបន្តបន្ទាប់ មានទាំង​សកម្មជន​របស់គណបក្ស​លោក និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលរហូតមកទល់នឹងពេលនេះ មានចំនួន​មិនតិច​ជាង​២២នាក់នោះ ដើម្បីធ្វើជាចំណាប់ខ្មាំងនយោបាយ។ លោក សម រង្ស៊ី ថែមទាំងបានថ្លែងបញ្ជោះ​ទៀត​ថា ឲ្យ​ចាប់​ប៉ុន្មាននាក់​ទៀត ក៏​ចាប់​ទៅ។

ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា៖ «ដើម្បីឲ្យជាតិរស់ ទាល់តែមានការលះបង់​ច្រើន​ណាស់។ ហើយ​បើ​គេ​យកយើងធ្វើចំណាប់ខ្មាំង បួនដប់នាក់ ប៉ុន្មានរយ ប៉ុន្មានពាន់នាក់ ថាចាប់ដាក់គុករាប់ម៉ឺន​នាក់ វា​ត្រូវ​ចាប់ ចាប់​ទៅ (ដើម្បី)​ឲ្យ​​ជន​ឧក្រិដ្ឋ​ដែលធ្វើបាបរាស្ត្រ ដែលរំលោភសិទ្ធិមនុស្ស ឲ្យបញ្ចេញ​ក្រឡាសារ បញ្ចេញ​ក្រយ៉ៅ​ឲ្យ​ច្បាស់​លាស់ទៅ ប្រជារាស្ត្រកាន់តែស្អប់ឡើងថែមទៀត ហើយប្រវត្តិសាស្ត្រកាន់​តែ​ថ្កោលទោស​ កាន់​កើន​ឡើង​ថែមទៀត។»

រាប់ពីខែកក្កដា ឆ្នាំ២០១៥ មកទល់នឹងពេលនេះ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំង ចំនួន​១៧នាក់ហើយ ត្រូវបានចាប់ខ្លួន យកទៅឃុំនៅក្នុងពន្ធនាគារ ដែលក្នុងនោះ​មាន១១នាក់ ត្រូវជាប់ពន្ធនាគារ​រវាង ពី​៧ឆ្នាំដល់២០ឆ្នាំ។ ក្នុងសប្ដាហ៍កន្លងទៅនេះ មន្ត្រីការពារសិទ្ធិមនុស្ស មកពីសមាគមអាដហុកចំនួន​បួន​នាក់ និង​មន្ត្រីជាន់ខ្ពស់មួយរូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន យក​ទៅ​ឃុំ​ដែរ នៅ​ក្រោម​បទ​ចោទ ទាក់ទង​នឹង​ការ​សូក​ប៉ាន់​សាក្សី។ ការចាប់ចងខាងលើនេះ គេនៅមិនទាន់​និយាយ ដល់​សកម្មជន​​ការពារ​បរិស្ថាន​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាលពីពេលកន្លងមកនោះផង។

«ខ្ញុំជាមេទ័ព ជានិមិត្តរូប នៃការតស៊ូ...»

ផ្ទុយទៅវិញ លោក សម រង្ស៊ី បាននិយាយការពារខ្លួន មិនត្រូវ​ឲ្យគេចាប់ខ្លួនឡើយ នៅ​ចំពោះ​សំនួរ​មួយ ដែល​អ្នកសារព័ត៌មាន​​របស់​វិទ្យ​សម្លេងអាស៊ីសេរី លោក ជុន ចន្ទបុត្រ ស្រង់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប ថា​តើលោក សម រង្ស៊ី មាន​ការ​សោកស្ដាយឬទេ ពីការមិនត្រឡប់​ចូលទៅកាន់​ប្រទេសកម្ពុជាវិញ ដែល​ខុស​ពី​លោកតំណាង​រាស្ត្រ អ៊ុំ សំអាន ដែល​បាន​ត្រឡប់​ទៅវិញ ទោះជាដឹងថាគេចាប់ខ្លួនក៏ដោយនោះ។ ប្រធាន​គណបក្សសង្គ្រោះ​ជាតិ បាន​ចាប់​ទុក​ខ្លួនលោក ថាជាមេទ័ពមួយរូប ដែលមិនគួរត្រូវឲ្យសត្រូវ ចាប់​ខ្លួន​លោក​បាន​នោះឡើយ។

មេដឹកនាំប្រឆាំង បានថ្លែងថា៖ «បើគេចាប់មេទ័ព ធ្វើជាចំណាប់ខ្មាំង។ ចុះកងទ័ពយើងទៅណា? កងទ័ព​យើងមិន​ខ្ចាត់ខ្ចាយ? កូនទាហាន អ្នកប្រយុទ្ធជាមួយយើងបាក់ទឹកចិត្ត បើគេចាប់មេយើងបាន ធ្វើជាចំណាប់​ខ្មាំង​របស់គេ ហើយវាបង្វែររឿងជាតិ បង្វែរទៅជារឿងបុគ្គល ថាអូឥឡូវនេះ សម រង្ស៊ី ជាប់គុក ត្រូវដោះលែង (...)។»

លោក សម រង្ស៊ី បានពន្យល់ទៀតថា៖ «បើយើងមើលគំរូប្រវត្តិសាស្ត្រ នៅពេលតស៊ូប្រឆាំងនឹង​បរទេស​ឈ្លាន​ពាន ដែលមានពួកក្រុមបម្រើបរទេស (មក)ដឹកនាំប្រទេសនោះ (គឺ)យើងមិនត្រូវឲ្យបរទេស​ចាប់​(ខ្លួន)​នោះ​ទេ។ បើសម្ដេចនរោត្ដមសីហនុ ក្នុងទសវត្សន៍ឆ្នាំ១៩៨០ ដែលកំពុងតែតស៊ូប្រឆាំងយួន​ឈ្លានពាន បើ​សម្ដេច​សីហនុ ចូលស្រុកឆាប់ពេក មិនមែនចូលឆ្នាំ១៩៩១នោះទេ បើចូលឆ្នាំ១៩៨១ យួនចាប់ គឺចប់​ហើយ​ស្រុក​ខ្មែរ។ បើ​យួន​ចាប់​សម្ដេច​សីហនុ ដែលលោកធ្វើជាប្រធានចលនាតស៊ូរំដោះជាតិ យួនចាប់សម្ដេចសីហនុ បាន​នៅ​ពេល​ណ្នឹង ស្រុក​ខ្មែរ​យើង​ចប់​ហើយ ស្រុកខ្មែរយើងក្លាយទៅជាកម្ពុជាក្រោម​មួយទៀតហើយ ព្រោះ​វា​អស់​មាន​មេដឹកនាំ វាអស់​មាន​នរណា ដែល​ជា​និមិត្តរូប នៃការតស៊ូរំដោះជាតិ។»

រួចចុះ លោក កឹម សុខា...

ចុះសំនួរសួរថា តើលោក សម រង្ស៊ី បានគាំទ្រលោក កឹម សុខា ឲ្យគេចខ្លួនចេញក្រៅស្រុក ឬឲ្យនៅ​ក្នុង​ស្រុក បើសិន​មានការចាប់ខ្លួន លោក កឹម សុខា ដែលសព្វថ្ងៃជាប្រធានស្ដីទី របស់គណបក្សសង្គ្រោះជាតិ និង​ដែល​គួរ​ត្រូវ​ចាត់​ទុក ថា​ជា​មេទ័ពធំនៅក្នុងស្រុក បន្ទាប់ពីលោក សម រង្ស៊ី ដែរនោះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​អះអាង​ថា នោះ​វា​អាស្រ័យ​ទៅ​តាមកាលៈទេសៈ ការពិគ្រោះ និងតាមសម្បជញ្ជៈរបស់ម្នាក់ៗ៕