គ្រួសារ​​យក​រទេះ​ធ្វើ​ផ្ទះ ​យកមេឃ​​ធ្វើ​​ដំបូល​ ទទួលការសន្តោសប្រណី

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បន្ទាប់​ពី​កោះសន្តិភាព​​​បានស​រសេរ​រឿងរ៉ាវ​គ្រួសារ​ក្រីក្រ​​មួយ​ យក​រទេះ​ធ្វើ​ផ្ទះ ​មេឃ​ធ្វើ​ដំបូល​ រស់នៅ​យ៉ាង​​កំសត់​លើ​ដី​​ទំនេរ​របស់​អ្នកស្រុក ​ក្នុងភូមិ​ស្ទឹង​បត់​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ពេល​ថ្មី​ៗ​នោះ ក៏​មាន​សប្បុរសជន​មួយ​គ្រួសារ​ ជា​អាជីវករ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ រាជធានី​ភ្នំពេញ​ បាន​ផ្តល់​ថវិកា​ចំនួន​300$​ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ ប្រចាំ​ក្រុង​ប៉ោយ​​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ជួយ​ដល់​គ្រួសារ​មួយ​នេះ​ ។

សប្បុរសជន​ខាងលើ​​ឈ្មោះ​សេង​ ងួ​ន​លី​ ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ​ ជា​អាជីវករ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​  ។ ថវិកាដ៏​​សប្បុរស​នេះ របស់​គ្រួសារ​ខាងលើ​ គឺ​​​ភ្នាក់ងារ​កោះសន្តិភាព​ទទួល​បាន​តាម​រយៈ​​វេរ​វី​ង ​បាន​ប្រគល់​ដល់​ដៃ​គ្រួសារ​ក្រីក្រ​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦​​ ឧសភា​ ២០១៦ ដល់​កន្លែង​ស្នាក់​នៅ​តែ​ម្តង ​។

ចំពោះ​អំណោយ​ជា​សប្បុរសធម៌​ជួយ​ដល់​គ្រួសារ​ក្រីក្រ​នេះ​ ក្រោយ​ពី​គេហ​ទំ​ព័រ​ ​និង​កាសែត​កោះសន្តិភាព​ បាន​ចេញផ្សាយ​​ឃើញ​ថា​ សប្បុរសជន​​នានា​ជា​ច្រើន ​មាន​ទាំង​អាជ្ញាធរ​,​ អ្នក​សារព័ត៌មាន​ អាជីវករ ​ក្នុង​នោះ​ មាន​ទាំង​ព្រះសង្ឃ​មក​ពី​វត្ត​ចំនួន​២ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ រួម​ទាំង​ថវិកា​ទៅ​ជួយ​ដល់​គ្រួសារ​ជា​បន្តបន្ទាប់ ​។ ចំពោះ​គ្រួសារ​ក្រីក្រ​មួយ​នេះ​ លោកស្រី​ប៉ុក​ ណា​ឌី ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសា​សន៍​ឱ្យ​​កោះសន្តិភាព​​ដឹង​តាម​ទូរស័ព្ទ​ថា ​អាជ្ញាធរ​ខេត្ត​មិន​ព្រងើយកន្តើយ​ទេ​ គឺ​បាន​និង​កំពុង​រិះរក​​ដី​សង្គមកិច្ច​ ដើម្បី​សាងសង់​ជា​ជម្រក​ឲ្យ​បាន​រស់នៅ​ និង​ជួយ​កូន​ក្នុង​បន្ទុក​ឲ្យ​បាន​ចូល​រៀនសូត្រ​ទៀត​ផង ​។

ចំណែក​លោក​គាត ​ហ៊ុ​ល ​ចៅសង្កាត់​ផ្សារ​កណ្តាល​ប្រាប់​កោះសន្តិភាព​ថា​ គ្រួសារ​ខាង​លើក​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ឧសភា ​លោក​បាន​ឱ្យ​ក្រុមការងារ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ-បរិភោគ​ និង​ថវិកា​​មួយ​​ចំនួន​ទៅ​ចែក​ជូន​រួច​ហើយ​ ។ លោក​ចៅសង្កាត់​រូប​នេះ​បញ្ជាក់​ថា​ គ្រួសារ​មួយ​នេះ​កន្លង​មក ​សង្កាត់​របស់​លោក​តែងតែ​យក​អំណោយ​ទៅ​ប្រគល់​ជូន​៤​ ទៅ​៥​ដង​រួច​ហើយ ដោយ​ម្តង​ៗ​គិត​ជា​ប្រាក់​មិន​ក្រោម​ពី​150$ ​ទៅ​200$​នោះ​ទេ​ ។លោក​គាត ​ហ៊ុ​ល​ បញ្ជាក់​ថា​ ដោយសារ​គ្រួសារ​មួយ​នេះ​ ច​ល័​ត​ទីលំនៅ​ម្តង​ទៅ​នេះ​ម្តង​ទៅ​នោះ​ ទើប​អាជ្ញាធរ​ពិបាក​ក្នុង​ការ​តាម​រក​ ។

យ៉ាងណា​ក៏​ដោយ ​គ្រួសារ​ខាងលើ​បាន​សម្តែង​​ការ​ត្រេកអរ​យ៉ាង​ខ្លាំង ​នៅ​ពេល​ឃើញ​អាជ្ញាធរ​ និង​សប្បុរសជន​ មាន​ទាំង​ព្រះសង្ឃ​យក​​អំណោយ​ទៅ​ចែក​ជូន​ពួក​គាត់​ ដែល​កំពុង​ជួប​នូវ​​កង្វះខាត ​និង​ផ្ទុកមេរោគ​អេ​ដ​ស៍​​ផង​​នោះ​ ។ គ្រួសារ​មួយ​នេះ​ បាន​បួងសួង​សុំ​ឱ្យ​​វត្ថុស័ក្តិ​​សិទ្ធិ ក្នុង​លោក​ជួយ​បីបាច់​ថែរក្សា​ដល់​គ្រប់​ម្ចាស់​អំណោយ​ ឱ្យ​​ជួប​ប្រទះ​តែ​សេចក្តីសុខ​ និង​សេចក្តីចំរើន​រក​ទទួលទាន​មានបាន ​និង​មាន​សុភមង្គល​គ្រប់​ៗ​គ្នា​ ។

គួរ​បញ្ជាក់​ថា​ គ្រួសារ​ក្រីក្រ​ខាងលើ​ ប្តី​ឈ្មោះ​សុខ ​វៃ ​អាយុ​៣៧​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​បេង ​មុំ​ អាយុ​៣១ឆ្នាំ​ និង​មានកូន​ស្រី​២​នាក់​ម្នាក់​​ឈ្មោះ​សុខ​ លី​ណា​ អាយុ​៦​ឆ្នាំ ​និង​ម្នាក់​ឈ្មោះ​សុខ ​ចាន់​រ៉ា ​អាយុ​១ឆ្នាំ​ ។ គ្រួសារ​មួយ​នេះ​ មាន​ផ្ទុកមេរោគ​អេ​ដ​ស៍ ​រហូត​ដល់​ទៅ៣​នាក់ ​លើកលែងតែ​កូនស្រី​ច្បង ។ ​