រៀបចំ​ជើង​យន្តហោះ​ជម្លៀស​មនុស្ស​ចេញ​ព្រោះ​ភ្លើង​ឆេះ​រាលដាល​ក្នុង​រដ្ឋ​អាល់​ប័​រ​តា​កា​ណា​ដា

ការ​រាលដាល​នៃ​ភ្លើង​ឆេះ​ព្រៃ​បង្ខំ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ឱ្យ​រត់​ភៀសខ្លួន​ចេញ​តាម​ផ្លូវថ្នល់​ក្នុង​រដ្ឋ​អាល់​ប័​រ​តា កា​ណា​ដា កាលពី​ថ្ងៃ​ទី​៥ ឧសភា​។

សង្កាត់​ទាំងឡាយ​នៃ​ទីក្រុង FORT MCMURRAY ត្រូវ​រង​ការ​បំផ្លាញ​ខ្ទេច រួច​ទីក្រុង​នេះ ត្រូវ​បាន​ប្រជាជន​ចាកចេញ​អស់ ចាប់តាំងពី​៤៨​ម៉ោង​មកនេះ ។

ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ​ដែល​ក្រុម​ពន្លត់ភ្លើង​ពុំ​អាច​ទប់ទល់​បាន​ចាប់តាំងពី​ថ្ងៃ​ទី​១ ឧសភា មក​ពី​លក្ខខណ្ឌ​ឧតុនិយម​មិន​អនុគ្រោះ​ញ៉ាំង​ឱ្យ​ទីក្រុង​៣​ទៀត​នៅ​ជិតខាង​គឺ​ក្រុង ANZAC ក្រុង GREGOIRE LAKE ESTATES និង​ក្រុង FORT MCMURRAY FIRST NATION ធ្វើការ​ជម្លៀស​មនុស្ស​ចេញ​ជា​បន្ទាន់​កាលពី​យប់​ថ្ងៃ​ទី​៤ មក​ទី​៥ ឧសភា ។

ការ​រៀបចំ​ជម្លៀស​មនុស្ស​ចេញ​តាម​យន្តហោះ​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​៥ ឧសភា ដើម្បី​ដឹក​មនុស្ស​មួយ​ផ្នែក​ធំ​ក្នុង​ចំណោម​មនុស្ស​២៥.០០០​នាក់ ដែល​ជម្លៀស​ចេញពី​ទីក្រុង FORT MCMMURRAY ខណៈ​ពួក​គេ ពេល​នេះ​កំពុង​ជាប់​នៅ​ភាគ​ខាងជើង​ក្រុង​ឡោម​ព័ទ្ធ​ដោយ​ភ្លើងព្រៃ​ចាប់តាំងពី​៣​ថ្ងៃ​មក​ហើយ ។

លោក RACHEL NOTLEY នាយក​រដ្ឋមន្ត្រី​រដ្ឋ​អាល់​ប័​រ​តា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ថ្លែង​ថា យើង​មាន​មនុស្ស​សរុប​២៥.០០០​នាក់ ដែល​ត្រូវ​ជម្លៀស​ចេញពី​ភាគ​ខាងជើង​ក្រុង ហើយ​អាទិភាព​របស់​យើង​នា​ពេល​នេះ​គឺ​បញ្ជូន​ពួក​គេ​ឱ្យ​បាន​ឆាប់​បំផុត​ឆ្ពោះទៅ​ភាគ​ខាងត្បូង ។

លោក SCOTT LONG នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​រដ្ឋ​អាល់​ប័​រ​តា​គូសបញ្ជាក់​ថា​ការ​ប្រើ​យន្តហោះ​ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​៥ ឧសភា ទៅ​អាច​ជម្លៀស​មនុស្ស​៨.០០០​នាក់ ពី​ភាគ​ខាងជើង​ទៅ​កាន់​ភាគ​ខាងត្បូង​តាម​ផ្លូវអាកាស ដោយសារ​បណ្តា​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​របស់​ក្រុមហ៊ុន​ប្រេងកាត និង​កងទ័ព ។ មនុស្ស​ប្រមាណ​ជា​២៥.០០០​នាក់ កាលពី​ថ្ងៃ​ទី​២ ឧសភា បាន​ភៀសខ្លួន​ទៅ​កាន់​ភាគ​ខាងជើង​ក្រុង FORT MCMURRAY មាន​ប្រជាជន​១០០.០០០​នាក់ ដែល​ពេល​នេះ​ត្រូវ​ជម្លៀស​ចេញ​ទាំងអស់ ពេល​ដែល​ផ្លូវ​សំខាន់​ទៅ​កាន់​ភាគ​ខាងត្បូង​ក្រុង​ត្រូវ​បិទ​មក​ពី​ភ្លើង​ឆេះ​ព្រៃ​រាតត្បាត​ពេញ​ខ្សែក្រវាត់​ខាងត្បូង​ក្រុង ៕