ប្រធាន​សភា​អា​មេ​រិ​ក​ពុំ​ទាន់​ត្រៀម​គាំទ្រ​លោក TRUMP នៅឡើយ

ប្រធាន​សភា​អា​​មេ​រិ​ក លោក PAUL RYAN ជា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សាធារណរដ្ឋ​អះអាង​កាលពី​ថ្ងៃ​ទី​៥ ឧសភា តាម​ទូរទស្សន៍ CNN ថា សម្រាប់​ពេល​នេះ​ខ្ញុំ​នៅ​ពុំ​ទាន់​ត្រៀម​គាំទ្រ​លោក DONALD TRUMP ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​លោក​នៅឡើយ ។

ទោះបី​យ៉ាងណា លោក RYAN គូសបញ្ជាក់​ថា លោក​សង្ឃឹមថា អាច​គាំទ្រ​នា​ពេល​ខាង​មុខ ប្រសិនបើ​មហាសេដ្ឋី​រូប​នេះ ដែល​ធ្វើ​ឱ្យ​មានការ​បែកបាក់​ខ្លាំង​ក្នុង​ផ្ទៃ​គណបក្ស ព្រោះតែ​ស្ទីល​នៃ​ការ​និយាយ​របស់​លោក ព្រមទាំង​បណ្តា​គំនិត​របស់​ខ្លួន បង្ហាញ​ថា អាច​ធ្វើ​ឱ្យ​មាន​ឯកភាព​វិញ​ជុំវិញ​បេក្ខភាព​របស់​លោក ។

ចាប់តាំងពី​ថ្ងៃ​ទី​៤ ឧសភា មក លោក DONALD TRUMP នៅ​សល់​តែ​ម្នាក់ឯង​សម្រាប់​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​រួច​ក្លាយជា​ជើងឯក​របស់​គណបក្ស​ក្នុង​ការ​ដណ្តើម​កាន់កាប់​សេត​វិមាន ។ ក៏​ប៉ុន្តែ​យុទ្ធនាការ​ឃោសនា​របស់​មហាសេដ្ឋី​រូប​នេះ​ដែល​មាន​លក្ខណៈ​កម្រោល​នាំ​ឱ្យ​មានការ​មិន​ពេញចិត្ត​ក្នុង​ផ្ទៃ​គណបក្ស​របស់​លោក ។

លោក RYAN ពោល​ថា លោក TRUMP ត្រូវធ្វើ​អ្វី​ច្រើន​ទៀត ដើម្បី​ឯកភាព​របស់​គណបក្ស​រួច​បន្ទាប់​មក​ធ្វើ​ឱ្យ​ពលរដ្ឋ​អា​េ​ម​រិ​ក​ទាំងអស់​មានការ​ជឿជាក់ ទោះជា​អ្នកមាន​ប្រភព​មកពីណា​ក្តី ។ តាម​ពិត​លោក TRUMP ពុំ​មាន​ប្រជាប្រិយភាព​ឡើយ ក្នុង​ចំណោម​នារី ពួក HISPANIQUES និង​ពួក​ស្បែក​ខ្មៅ ។

ផ្ទុយ​ពី​សមាជិក​មួយ​ចំនួន​របស់​គណបក្ស​សាធារណរដ្ឋ ប្រធាន​សភា​រូប​នេះ​អះអាង​ថា ពុំ​មាន​អ្នក​សាធារណរដ្ឋ​ណា​ម្នាក់​ផ្តល់​ការ​គាំទ្រ​ចំពោះ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន គូប្រជែង​របស់​លោក TRUMP ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​ឡើយ ៕