មាន​ករណី​ជនជាតិ​យួន​ចូលមក​រស់នៅ​ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង​កាន់តែ​ច្រើនឡើង​

ប្រជាពលរដ្ឋ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​រាយការណ៍​មក​ថា សព្វថ្ងៃនេះ​ជនជាតិ​យួន​កាន់តែ​ច្រើនឡើង​បន្ត​ចូលមក​រស់នៅ​ក្នុងស្រុក​ពាម​រក៍​ខេត្តព្រៃវែង ខណៈ​អាជ្ញាធរ​ស្រុក និង​ឃុំ​មិនមាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ជនជាតិ​យួន​ដែល​រស់នៅ​ក្នុងស្រុក​ពាមរ​ក៍មាន​ទាំង​អ្នក​ចាស់ និង​អ្នក​ចំណូល​ថ្មី​ដែល​ទើប​ចូលមក​រស់នៅ​។​

​កាលពី​មុនគេ​សង្កេតឃើញថា​មាន​ជនជាតិ​យួន​រស់​នៅតែ​តាម​បណ្តោយ​មាត់ទន្លេ​អ្នក​លឿង​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​ជនជាតិ​យួន​ដែលមាន​ចំនួន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃនោះ បាន​ឡើង​ពី​មាត់ទឹក​ចូលមក​រស់នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ទីប្រជុំជន​ក្នុងស្រុក​ពាម​រក៍ និង​តំបន់​អ្នក​លឿង​ដែលជា​ទីកន្លែង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង នេះ​ជាការ​បញ្ជាក់​របស់​ប្រជា​ពល​ដ្ឋ​ខ្មែរ​។​

ជាក់ស្តែង​ថ្មីៗ​ជនជាតិ​យួន​ចំណូល​ថ្មី​ត្រូវគេ​សង្កេតឃើញថា​បាន​ទិញ​ដី​ក្នុង​តំបន់​បាទី បា​បោង ចាក់​ខ្លាញ់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​រក៍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ដើម្បី​ធ្វើ​ផ្ទះ​រស់នៅ​ជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​ស្រុក​ពាមរ​ក៍បាន​បញ្ជាក់ថា ដី​នៅ​តំបន់​ខាង​ត្រូវគេ​ដឹងថា​ជា​អតីត​ដី​របស់​ភរិយា​លោក ជុំ សាមឿន អតីត​អភិបាលស្រុក​ពាម​រក៍​ដែល​បាន​លក់​ទៅ​ឲ្យ​ជនជាតិ​យួន​ចូលមក​រស់នៅ ហើយ​ដី​ទាំងនោះ​គឺ​បានមកពី​ការទន្ទ្រាន​យក​ដី​របស់​រដ្ឋ​។​

ប្រជាពលរដ្ឋ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​រិះគន់ថា រាប់សិប​ឆ្នាំ​ហើយ​ដែល​តំបន់​អ្នក​លឿង និង​តំបន់​មាត់ទន្លេ​អ្នក​លឿង​មាន​ជនជាតិ​យួន​រស់នៅ​យ៉ាង​អនាធិបតេយ្យ ហើយ​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់​ប៉ុន្តែ​អាជ្ញាធរ​ស្រុក និង​ខេត្តព្រៃវែង​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​យួន​បាន​ចូលមក​រស់នៅ និង​ប្រកបមុខរបរ​ផ្សេងៗ​យ៉ាង​រលូន ហើយ​មួយចំនួន​មាន​ជីវភាព​ប្រសើរ​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្ងាយ​ណាស់​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​ស្តីបន្ទោស​លើ​សមត្ថកិច្ច​ជំនាញ​ដែល​កន្លងមក​តែងតែ​ស៊ុមគ្រលំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ឲ្យ​ជនជាតិ​យួន ដើម្បី​ទទួលបាន​មកវិញ​នូវ​ប្រាក់​សូកប៉ាន់​បន្តិចបន្តួច ប៉ុន្តែ​ពួកគេ​មិនបាន​គិតដល់​ពី​ផលប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អភិបាលខេត្ត​ព្រៃវែង ថ្មី លោក ជា សុ​មេធី គប្បី​ត្រួតពិនិត្យ​ពី​បញ្ហា​នេះ​ផង ព្រោះ​មិន​ត្រឹមតែ​ក្នុងស្រុក​ពាម​រក៍​នោះទេ​ដែលមាន​ជនជាតិ​យួន​រស់នៅ ជាក់ស្តែង​ក្នុងស្រុក​ពាម​ជរ ស្រុក​ព្រះស្តេច ស្រុក​កំពង់ត្របែក និង​ក្រុង​ព្រៃវែង​ជាដើម​ក៏មាន​ជនជាតិ​យួន​រស់នៅ​ច្រើន​ដែរ ហើយ​បាន​កើន​ឡើងជា​បន្តបន្ទាប់​៕

95705258