ពលរដ្ឋ​នៅតែ​ដង្ហែ​ញត្តិប្រឆាំង ACU ទោះបី​អាជ្ញាធរ​មិន​អនុញ្ញាត​

​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២០០០​នាក់ នៅតែ​ដង្ហែ​ញត្តិ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បើទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ​។ ការ​ដង្ហែ​ញត្តិ​នេះ គឺ​ដើម្បី​ប្រឆាំងនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​ចំណាត់ការ​មកលើ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប កន្លងមក​។​

សាលា​រាជធានី​ភ្នំពេញ ព្រមាន​ចាត់​វិធាន​ផ្លូវច្បាប់ មកលើ​ក្រុម​ប្រជាពលរដ្ឋ ដែល​គ្រោង​លើកគ្នា​ទៅ​តវ៉ា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅពេល​ថ្ងៃទី​៧ ខែឧសភា​។ ប្រជាពលរដ្ឋ បានចាត់ទុក​ការ ការហាម​ប្រាម​របស់​អា​ជ្ញា​ធរ ថា​ជាការ​អនុវត្ត​ច្បាប់​ដោ​យល​ម្លៀ​ង​។​

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តំណាង​ប្រជា​ពល​១​រូប លោកស្រី មាស លក្ខិណា បាន​អះអាងថា​លោកស្រី រួមទាំង​តំណាង​ដទៃទៀត នៅតែ​រក្សា​គោលជំហរ​របស់ខ្លួន ដោយ​មិន​រំសាយ​ការតវ៉ា​ឡើយ​។ លោកស្រី​បន្តថា នៅ​ថ្ងៃស្អែក ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០០​នាក់ នឹង​ប្រមូល​ផ្តុំគ្នា​នៅមុខ​អង្គភាព​ប្រឆាំង​អំពើ​ពុ​លួ​យ ដើម្បី​ដាក់​ញត្តិ ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​បញ្ឈប់​
ការធ្វើ​ទុក​បុក​ម្នេញ​និង​គាបសង្កត់​មកលើ​មន្ត្រី​សង្គម​ស៊ីវិល ដែល​ខិតខំ​បំពេញការងារ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​។

លោកស្រី​បានបញ្ជាក់​បែបនេះ​ថា​៖«​យើង​ប្តេជ្ញាចិត្ត​រួចហើយ ថា​ត្រូវតែទៅ​។ អ៊ីចឹង​ស្អែក​នេះ ពួកយើង​នឹង​ដង្ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក ទោះបីជា​អាជ្ញាធរ​មិន​ឲ្យ​ធ្វើ​ក៏ដោយ​»​។
​តំណាង​ពលរដ្ឋ​មួយរូប​ទៀត លោកស្រី គឹម សារ៉ាត់ យល់ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ច្បាប់​ដើម្បី​រារាំង​ប្រជាពលរដ្ឋ​។ លោកស្រី លើកឡើងថា លោកស្រី​ត្រូវតែ​ចូលរួម​តវ៉ា​ជាមួយ​ប្រជា​ប្រពល​រដ្ឋ បើទោះបីជា​ត្រូវ​ប្រឈម​បញ្ហា​ជាមួយ​អាជ្ញាធរ​យ៉ាងណាក៏ដោយ​។

«​គុក​ច្រវាក់ ខ្ញុំ​ខ្លាច​។ តែ​ខ្ញុំ​នៅតែ​ទៅ​តវ៉ា ដើម្បី​ជួយ​ពួកគាត់ (​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​) ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ទោះបីជា​ខ្ញុំ​ជាប់គុក​ក៏​ល្អមើល​ដែល ខ្ញុំ​សុខចិត្ត​ជាប់គុក​ដើម្បី​ជួយ​ពួកគាត់ ព្រោះ​ពួកគាត់​មានគុណ​លើ​ប្រជាពលរដ្ឋ ធ្លាប់ជួយ​ប្រជាពលរដ្ឋ​ច្រើនណាស់​»​។ នេះ​ជា​បញ្ជាក់​របស់លោក​ស្រី គឹម សារ៉ាត់​។

កាលពី​ថ្ងៃទី​៤ ឧសភា ប្រជាពលរដ្ឋ​បានដាក់​លិខិត​សុំ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ ដើម្បី​ដង្ហែ​ញត្តិ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ គោលបំណង​នៃ​ការ​ដង្ហែ​ញត្តិ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការពេញចិត្ត​របស់​ប្រជាពលរដ្ឋ ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចាត់វិធានការ​មកលើ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ក្នុងពេល​ថ្មីៗ​នេះ​។

បន្ទាប់ពី​ទទួល​លិខិត​ពី​ប្រជាពលរដ្ឋ សាលា​រាជធានី​ភ្នំពេញ ក៏បាន​កោះហៅ​តំណាង​៦​រូប ដែល​ចូលរួម​ផ្តិតមេដៃ​ក្នុង​លិខិត​នោះ​ឲ្យ​ចូលជួប​ពិភាក្សា​។ ក្នុងជំនួប​នោះ មន្ត្រី​សាលា​រាជធានី បាន​ហាម​តំណាង​ប្រជាពលរដ្ឋ​ទាំង​៦​រូប មិន​ឲ្យ​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាដាច់ខាត​។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ សាលា​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​ផ្លូវ​មួយ ដោយ​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំ​អនុញ្ញាត ឲ្យ​មានការ​ដង្ហែ​ញត្តិ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។ លិខិត​នោះ បានដឹង​ទៀតថា ប្រសិនបើ​មានការ​ជួបជុំ និង​ការ​ដង្ហែ​ក្បួន​តាម​ដង​វិថី ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ នោះ​តំណាង​ទាំង​៦​នាក់ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​។​

សូម​រំឭកថា មន្ត្រី​អាដហុក​៤​រូប រួមមាន លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​រយៈពេល​២​ថ្ងៃ ដើម្បី​សាកសួរ​ពួកគេ ជុំវិញ​លិខិត​ចំហ របស់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។ បន្ទប់​ពី​សួរ​ចប់សព្វគ្រប់ អង្គភាព​ប្រឆាំង​អំពើពុករលួយ បា​នប​ញ្ជួ​ន​ខ្លួន​អ្នក​ទាំង​៥ រួមទាំង​សំណុំរឿង ទៅកាន់​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​បន្ត​។​

ក្រោយ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​អា​ហុក ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​» កាលពី​ថ្ងៃទី​២ ឧសភា​។ ចំណែកឯ មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​នាំខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ៕