សាលា​រាជធានី មិន​អនុញ្ញាត​ឲ្យ​ក្រុម​របស់លោក ប៉ាន់​ខែម ប៊ុនថន ហែ​ញត្តិ​គាំទ្រ ACU

សាលា​រាជធានី​ភ្នំពេញ មិន​យល់ព្រម​តាម​សំណើ​របស់​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ដែល​ដឹកនាំ​ដោយ​លោក ប៉ាន​ខែម ប៊ុនថន ដើម្បី​ដង្ហែ​ញត្តិ​គាំទ្រ អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ (ACU) នោះទេ​។ តំណាង​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព នឹង​ប្រឈម​ចំពោះមុខ​ច្បាប់ បើ​នៅតែ​ដង្ហែ​ក្បួន​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព បានស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​គាំទ្រ​ស្ថាប័ន​មួយ​នេះ ដែល​បាន​ចាត់វិធានការ​មកលើ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប កន្លងមក​។ ប៉ុន្តែ ពួកគេ​បានទទួល​ចម្លើយ​អវិជ្ជមាន​ពី​សាលា​រាជធានី​ភ្នំពេញ​។

សាលា​រាជធានី​ភ្នំពេញ​បានចេញ​លិខិតផ្លូវការ​មួយ ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​ក្រុម​សម្ព័ន្ធ​ស្រឡាញ់​សន្តិភាព​។ លិខិត​នោះ បាន​បញ្ជាក់ថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​សម្ព័ន្ធ​យុវជន​ចំនួន​៥០០០​នាក់ ដង្ហែ​ញត្តិ​គាំទ្រ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​៧ ខែឧសភា ឡើយ​» ។

ប្រសិនបើ​មានការ​ជួបជុំ​ឬ​ការ​ដង្ហែ​ក្បួន ដែល​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ​និង​សណ្តាប់​សាធារណៈ នោះ​តំណាង​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​លិខិត​របស់​រាជធានី​ភ្នំពេញ​ដដែល​។​

សូមបញ្ជាក់ ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០០​នាក់ ក៏បាន​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ​ផងដែរ ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុងការ​ដង្ហែ​ញត្តិ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ប៉ុន្តែ​គោលបំណង​នៃ​ការ​ដង្ហែ​ញត្តិ​របស់​ប្រជាពលរដ្ឋ គឺ​ដើម្បី​ប្រឆាំងនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មកលើ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ដែល​ផ្ទុយ​ពី​គោលបំណង​របស់​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​។

យ៉ាងណាក៏ដោយ សំណើ​របស់​ប្រជាពលរដ្ឋ ក៏ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បដិសេធ ដូចគ្នា​។ បើទោះបីជា​តំណាង​ប្រជាពលរដ្ឋ ត្រូវបាន​អាជ្ញាធរ​ហាមប្រាម​និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ក៏ដោយ ប៉ុន្តែ​ពួកគេ​បាន​ប្តេជ្ញា​រួមគ្នា​រួចហើយ ថា​ត្រូវតែ​ដង្ហែ​ញត្តិ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ទាម​ទាម​ឲ្យ​ស្ថាប័ន​មួយ​នេះ បញ្ឈប់​ការយាយី​មកលើ​មន្ត្រី​សង្គម​ស៊ីវិល ៕