មន្ត្រី​ជំនាញ​អះ​អាង​ថា ​កំណើន​ពលរដ្ឋ​រស់នៅ​តាម​ទីក្រុង​នឹង​កើន​ដល់​ជាង​៧​លាន​នាក់ ​នៅ​ឆ្នាំ​២០​៣​០

មន្ត្រី​ជំនាញ​អះ​អាង​ថា ​កំណើន​ពលរដ្ឋ​រស់នៅ​តាម​ទីក្រុង​នឹង​កើន​ដល់​ជាង​៧​លាន​នាក់ ​នៅ​ឆ្នាំ​២០​៣​០



ភ្នំពេញ ​៖ ​កំណើន​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​បាន​មក​រស់នៅ​តាម​ទីក្រុង​នានា​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​ហើយ​មន្ត្រី​ជំនាញ​បាន​អះ​អាង​ថា ​កំណើន​នេះ​នឹង​កើន​ដល់​ជាង​៧​លាន​នាក់ ​នៅ​ឆ្នាំ​២០៣០​ខា​ង​មុខ​។​

លោក ​ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ​បាន​មាន​ប្រសា​សន៍​ថា ​កំណើន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​មានការ​កើនឡើង​គឺ​មាន​២៧,១​ភាគរយ​នៅ​ឆ្នាំ​២០០៨​ ហើយ​បន្ត​កើនឡើង​៣០​ភាគរយ​ត្រូវជា​៤,៥​លាន​នាក់ ​នៅ​ឆ្នាំ​២០១៤​ ហើយ​រំពឹង​ថា​ នៅ​ឆ្នាំ​២០៣០​កំណើន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​នឹង​កើន​ដល់​៤៤​ភាគរយ​នៃ​ប្រជាជន​សរុប​ប្រមាណ​៧,៩២​លាន​នាក់​នៃ​ប្រជា​ជន​កម្ពុជា​សរុប​១៨​លាន​នាក់​ នៅ​ឆ្នាំ​២០៣០​ខាងមុខ​។​

លោក​បាន​បន្ត​ថា​ ដង់ស៊ីតេ​នៃ​ប្រជាជន​រស់នៅ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​តំបន់​ជាយ​រាជធានី​ភ្នំ​ពេញ​តំបន់ឆ្នេរ​ខេត្ត​ព្រះ​សីហនុ​ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​ ដូច្នេះ​ប្រជាជន​ជាង​៩០​ភាគរយ​បាន​រស់នៅ​តំបន់​នេះ ​ដែល​មាន​ផ្ទៃដី​តូច​ជាង​៤០​ភាគរយ​នៃ​ផ្ទៃដី​ទូទាំង​ប្រទេស​។​ នេះ​បង្ហាញ​ឲ្យ​ឃើញថា​តុល្យភាព​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ ព្រោះថា ​វា​មាន​បញ្ហា​ជាច្រើន​នៃ​កំណើន​នគរូបនីយកម្ម​នាំ​ឲ្យ​មាន​ពលរដ្ឋ​នៅ​តាម​ជនបទ​ស្វែងរក​ឱកាស​ការងារ​ នៅ​ទីក្រុង​។​

លោក ​ប៉ែន​ សុផល​ បាន​បន្ថែម​ថា ​«​បើ​ប្រៀបធៀប​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០៣០ ​ប្រជាជន​ទីក្រុង​នឹង​កើន​ដល់​៣,៤២​លាន​នាក់​។​ នៅ​ពេល​ដែល​កំណើនប្រជាជន​មក​រស់នៅ​ទីក្រុង​ជាង​៣​លាន​នាក់​សម្ពាធ​នៃ​ការ​អភិវឌ្ឍ​ សម្ពាធ​នៃ​តម្រូវ​ការ​ និង​ការ​ឆ្លើយតប​កាន់តែ​ធំៗ​នឹង​ត្រូវការ​លំនៅ​ដ្ឋាន​ប៉ុន្មាន​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ពួកគាត់​មក​រស់នៅ​ទីក្រុង​ប្រមាណ​ជិត​ប្រមាណ​គ្រួសារ​ស្មើនឹង​លំនៅ​ដ្ឋាន​ជិត​១​លាន​លំនៅ​ដ្ឋាន​ទៀត​ ដែល​ត្រូវការ​ផ្តល់​ដល់​ប្រជាពលរដ្ឋ​។ ​នៅពេល​ផ្តល់​លំនៅ​ដ្ឋាន​ត្រូវ​ការ​ផ្តល់​ហេដ្ឋា​រច​នាសម្ព័ន្ធ​គ្រប់យ៉ាង ​ដើម្បី​ផ្គត់ផ្គង់​ដល់ទី​ក្រុង​ ដើម្បី​ឲ្យ​ដំណើរការ​បាន​ប្រកបដោយ​ចីរភាព​ និង​តុល្យ​ភាព​ដូចជា ​សេវា​សង្គម​ សេវា​សុខាភិបាល​ជាដើម​»​។​

កម្ពុជា​មាន​រាជធានី​ភ្នំពេញ​ជា​តំបន់​ប៉ូល​ដ៏​សំខាន់​ បន្ទាប់​មក​ទៀត​មាន​តំបន់​ប៉ូល​នៅ​ខេត្តសៀមរាប​និង​បាត់ដំបង ​និង​តំបន់ឆ្នេរ​ ត្រូវ​យកចិត្តទុកដាក់ ​ដោយ​សារ​តែ​ដង់ស៊ីតេ​ប្រជាជន​រស់នៅ​ច្រើន​។​

បច្ចុប្បន្ន​​ រាជរដ្ឋាភិបាល​ក៏បាន​និង​កំពុង​បង្កើត​ប៉ូល​ថ្មី​មួយទៀត​នៅ​ប៉ែក​ឦសាន​ផង​ដែរ ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​៕