ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​២​រយ​គ្រួសារ ​ចាប់ឆ្នោត​យក​ទីតាំង​ដី​ឡូត៍​សាងសង់​ផ្ទះ​

ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​២​រយ​គ្រួសារ ​ចាប់ឆ្នោត​យក​ទីតាំង​ដី​ឡូត៍​សាងសង់​ផ្ទះ​



ស្ទឹងត្រែង ៖ ក្នុង​ពិធី​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​ឃុំ​ស្រែគរ នា​រសៀល​ថ្ងៃ​ទី​០៥​ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត​ បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ ដែល​បាន​យល់ព្រម​ចាកចេញ​ពី​តំបន់​ទំ​បន់​វ៉ា​រី​សេ​សាន​ក្រោម​ពី ​ធ្វើការ​ចាប់ឆ្នោត​យក​កន្លែង​ដី​ឡូត៍​សម្រាប់​សាងសង់​ផ្ទះ​ នេះ​ជា​ការ​ផ្តល់​សិទ្ធ​សេរីភាព​បែប​លក្ខណៈ​ប្រជាធិបតេយ្យ ទៅតាម​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ជា​អ្នករងគ្រោះ។

លោក​ ផាន់ ​យុ​ត ​នាយករង​រដ្ឋបាល​សាលាខេត្ត ​និង​ជា​គណៈកម្មការ​រៀបចំ​ការ​ចាប់ឆ្នោត​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​ស្ម័គ្រ​ចិត្ត​ទទួលយក​សំណង​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ព្រម​ចាក​ចេញពី​ភូមិ​ចាស់​មាន​ចំនួន​២៧៨​គ្រួសារ​ហើយ និង​នៅ​ជាង​២០០​គ្រួសារ បាន​ជំទាស់​ទៅ​នឹង​ការ​ចាកចេញ​នេះ។

លោក​ថា ការ​យល់​ព្រម​នេះ​ ក្រុម​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត និង​ក្រុមហ៊ុន​បាន​អនុវត្ត​រៀបចំ​នីតិ​វិធី​ដោះស្រាយ ទៅតាម​សំណូមពរ​របស់​ពូក​គាត់​ចង់បាន​នៅ​ស្រែគរ​នេះ​ គឺ​ប្រជាពលរដ្ឋ​គាត់​សំណូមពរ​ថា​ មិនទាន់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​នេះ​ថា ​សុំ​ឲ្យ​ចាប់ឆ្នោត​មុន​សិន​ ចាប់​ឆ្នោត​មុន​ហើយ​ដី​ឡូត៍​​គាត់​នៅ​កន្លែង​ណា​ ហើយ​ជម្រើស​របស់​គាត់​ឧបមា​ថា បើ​ធ្វើ​ផ្ទះថ្ម​ឲ្យ​ក្រុមហ៊ុន​គាត់​ធ្វើ​ផ្ទះថ្ម​ទៅតាម​ហ្នឹង ហើយ​ឈើ​ធ្វើ​កន្លែង​ហ្នឹង ​បើសិនជា​គាត់​បាន​ដី​ឡូ ធ្វើ​ផ្ទះ​ខ្លួនឯង ​គឺ​គាត់​សាងសង់​ផ្ទះ​ទៅតាម​លេខរៀង​ដែល​គាត់​ចង់បាន​អាស្រ័យទៅ​លើ​តាម​ការសម្រេចចិត្ត​របស់​អ្នក​ជ្រើសរើស។

លោក​ ហម​ ឡា​ត់​ អាយុ​៦៨​ឆ្នាំ​ នៅ​ភូមិ​ស្រែគរ​២​បាន​បញ្ជាក់ថា ការ​ធ្វើ​បែបនេះ​មាន​តម្លា​ភាព​ល្អ លោក​សាទរ​ នឹង​ការ​ដោះស្រាយ​របស់​ក្រុមការងារ​ ហើយ​ជាមួយនឹង​ការ​ចាប់​ឆ្នោត​យក​ទីតាំង​ដី​ធ្វើ​ផ្ទះ ពួកគាត់​ស្នើ​សុំ​ពេល​ចេញទៅ​រស់នៅ​ភូមិ​ថ្មី ឲ្យ​ក្រុមហ៊ុន​ជី​ស្រះ​ទឹក ទៅតាម​ដី​កសិកម្ម​ ដើម្បី​បង្ក​លទ្ធភាព ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ ក្រោយពី​ចាកចេញ​ឆ្ងាយ​ពី​ទន្លេ​មេគង្គ​បាត់បង់​ជីវចម្រុះ​ដែល​ធ្លាប់​អាស្រ័យ​ផល។

លោក​ថា ការ​ចង់​បាន​ស្រះ​ទឹក​នេះ​ គឺ​ពួកគាត់​ចង់​កែប្រែ​ជីវភាព​រស់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នៅ​ភូមិ​ចាស់​ ដោយ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្រាប់​ធ្វើ​កសិកម្ម​ចំនួន​៥​ហិក​តា​សម​ល្មម ​និង​ធ្វើ​ដំណាំ​បាន ​ខ្ញុំ​សំណូមពរ​ថា ទី​១​-ចង់បាន​ស្រះ ខ្ញុំ​ចង់បាន​ស្រះ​ ចង់បាន​ជីក​ស្រះ​ ដើម្បី​ថា ​យើង​ចិញ្ចឹម​មាន់​ទា​ក៏បាន ​ដើម្បី​យើង​ស្រោច​ដំណាំ​ក៏បាន​ ពិសេស​បំផុត​ បើ​សិន​ជា​គាត់​ធ្វើ​អណ្ដូងស្នប់ ​ខ្ញុំ​មិន​ទទួលយក​ទេ ពី​ព្រោះ​អណ្ដូងស្នប់​ហ្នឹង​ សព្វ​ថ្ងៃ​ខ្ញុំ​ឃើញ​នៅ​ភូមិ​ស្រឺ​ស្រណុក​អត់​ប្រើការ​បានទេ​ លាង​ដៃ​ក៏​ជាប់​ហ្នឹង​ដៃ​ដែរ។​

លោក ​កៅ វ៉ាង​អ៊ីវ តំណាង​ក្រុមហ៊ុន​បាន​លើកឡើងថា ក្រុមហ៊ុន ​រីករាយ​នឹង​ទទួលយក​សំណើ​នេះ ហើយ​កន្លងមក​ គ្រប់ការ​ស្នើសុំ​ដូចជា ពិធី​សែនព្រេន សំណង់​ផ្នូរ​ដូនតា ដី​គាប់​សព ដី​សហគមន៍ គណៈកម្មការ​ថ្នាក់​ខេត្ត​ និង​ក្រុមហ៊ុន​តែងតែ​រួមគ្នា​ដោះស្រាយ​ទៅតាម​គោលការណ៍​ជា​បន្តបន្ទាប់​ ដើម្បី​ជា​មូលដ្ឋាន​ជំរុញ​ដល់​គ្រួសារ​ផ្សេងៗ​ទៀត​ យល់ព្រម​ចាក​ចេញ​មក​ជាមួយគ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។​

លោក​អះអាង​ថា ​ចំពោះ​ការ​ជីក​ស្រះ​ក្រុមហ៊ុន ​នឹង​ធ្វើ​ជូន​បងប្អូន​ទៅតាម​ដី​ឡូត៍​កសិកម្ម​និ​មួយ​ៗ ចំណែក​នៅ​តាម​ភូមិ​ ក្រុមការងារ​ជីក​ជា​អណ្ដូង​ស្នប់ ​ដោយ​ធ្វើការ​ត្រួតពិនិត្យ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ ពីព្រោះ​យើង​មាន​បទពិសោធន៍​ពី​ភូមិ​ស្រែ​ស្រណុក​នោះ​រួច​មក​ហើយ។​

សូម​បញ្ជាក់​ថា ទីតាំង​ភូមិ​ស្រែគរ​ថ្មី​មាន​ចម្ងាយ​ពី​ភូមិ​ចាស់​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ​នៅ​ម្ខាង​ទន្លេ​ម្នាក់ បច្ចុប្បន្ន​ក្រុមហ៊ុន​ និង​ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់ កំពុង​ជំរុញ​រៀបចំ​ការ​សាង​សង់​គ្រប់​ហេដ្ឋារចនាសម្ពន្ធ ​ដើម្បី​បម្រើ​ដល់​ការ​ផ្លាស់ប្ដូរ​ភូមិ​នេះ​ឲ្យ​បាន​ឆាប់​ទៅតាម​ផែនការ​ក្នុង​ពេល​ទំនប់​វ៉ា​រី​អគ្គិសនី​សាងសង់​បាន​ជាង​៦០%​ហើយ​ដែរ៕
ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​២​រយ​គ្រួសារ ​ចាប់ឆ្នោត​យក​ទីតាំង​ដី​ឡូត៍​សាងសង់​ផ្ទះ​

ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ​២​រយ​គ្រួសារ ​ចាប់ឆ្នោត​យក​ទីតាំង​ដី​ឡូត៍​សាងសង់​ផ្ទះ​