ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ក្រោម​ប្រធានបទ ​” កម្ពុជា​ និង​សង្គ្រាម​លោក​លើក​ទី​១​បេតិកភណ្ឌ​ក្រោម​ទឹក​”

ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ក្រោម​ប្រធានបទ ​” កម្ពុជា​ និង​សង្គ្រាម​លោក​លើក​ទី​១​បេតិកភណ្ឌ​ក្រោម​ទឹក​”



​ភ្នំពេញ ៖ ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ក្រោម​ប្រធានបទ​” កម្ពុជា ​និង​សង្គ្រាម​លោក​លើក​ទី​១​ បេតិកភណ្ឌ​ក្រោម​ទឹក​” បាន​រៀប​ចំ​នៅ​សារមន្ទីរ​ជាតិ​នា​ល្ងាច​ថ្ងៃទី​៥ ​ខែឧសភា ​ឆ្នាំ​២០១៦​ ក្រោម​កិច្ចសហការ​ពី​អង្គភាព​វប្បធម៌​នៃ​អង្គការ​យូណេស្កូ​នៅ​រាជធានី​ភ្នំពេញ​។​ ពិព័រណ៍​នេះ​នឹង​ត្រូវ​ដាក់​តាំង​រហូតដល់​ថ្ងៃទី​៣០ ​ខែកញ្ញា ​ឆ្នាំ​២០១៦​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការ​តាំង​ពិព័រណ៍​បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​៣ សម្រាប់​ឆ្នាំ​២០១៦​នេះ​ក្នុង​គោលបំណ​ង​ផ្សព្វផ្សាយ​អំពី​ភាព​សម្បូរ​​បែប​នៃ​វប្បធម៌​ខ្មែរ ក៏ដូចជា​ចែករំលែក​ចំណេះដឹង​ផ្សេងៗ​ដល់​មហាជន​និង​យុវជន​ខ្មែរ ក៏ដូចជា​ដល់​ភ្ញៀវ​ទេសចរ​បរទេស​។ ​ពិព័រណ៍​នេះ​បង្ហាញ​ពី​ស្ថានភាព​នៃ​ការបំផ្លាញ ​ដែ​ល​កើត​ចេញ​ពី​សង្គ្រាម​លោក​លើក​ទី​១​ ការចូលរួម​នៃ​ព្រះរាជាណាចក្រ​ដ៏​តូច​មួយ​ ដែល​នៅ​សែន​ឆ្ងា​យ​ពី​តំបន់​សង្គ្រាម​ និង​ការ​ថែរក្សា​បេតិកភណ្ឌ​ក្រោម​ទឹក ដែល​រង​ការ​គំរាមកំហែង​ដោយ​ប្រឈម​នឹង​ការបាត់បង់​ និង​ខូចខាត​ទៅតាម​អាយុកាល ដើម្បី​ឈាន​ទៅ​រក​ការ​ការពារ​សម្បត្តិ​ក្រោម​ទឹក​ទាំង​នោះ និង​ជំរុញ​ឲ្យ​ទៅជា​ប្រធានបទ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ជាពិសេស​ផ្នែក​បុរាណវិទ្យា​ក្រោម​ទឹក​នៅ​កម្ពុជា​។​

លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ថា តាមរយៈ​ការ​ដាក់​តាំង​បង្ហាញ​នា​ពេល​នេះ ​អ្នកចូលរួម​នឹង​បាន​ស្វែង​យ​ល់​ពី​ការ​បង្ហាញ​ត្រួសៗ​ពី​ខ្លឹមសារ និង​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​សង្គ្រាម​លោក​លើក​ទី​១​ និង​ជាពិសេស​សារៈសំខាន់​នៃ​សំណល់ នានា​នៅ​ក្រោម​ទឹក​ ដែល​កើត​ពី​ការ​ប្រយុទ្ធ​ក្នុង​សម័យ​សង្គ្រាម​។​

លោក ហ្វី​លី​ព ​ដឺ​ឡង់ អ្នកជំនាញ​ផ្នែក​វប្បធម៌​នៅ​អង្គការ​យូណេស្កូ រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក​ម្ពុជា​ និង​សង្គ្រាម​លោក​លើក​ទី​១ មាន​មនុស្ស​ជាច្រើន​មិនបាន​ដឹង​ថា ប្រទេស​កម្ពុជា​បាន​រួម​ចំណែក​ធ្វើសង្គ្រាម លោក​លើក​ទី​១​ទេ ប៉ុន្តែ​នេះ​ជា​កាតព្វកិច្ច​របស់​ពួកគេ​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង​។ លោក​បន្ត​ថា ប្រជាជន​កម្ពុជា​ជាច្រើន​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រយុទ្ធ​នៅ​ជួរមុខ នៅ​អឺរ៉ុប ពិព័រណ៍​នេះ​នឹង​ផ្តល់​នូវ​ការ​យល់​ដឹង​ថ្មី​មួយទៀត​ទាក់ទង​នឹង​រឿងរ៉ាវ​ទាំងនេះ។​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាម​នេះ​ត្រូវ​បាន​ដឹក​ទៅកាន់​អឺរ៉ុប​តាម​កប៉ាល់ ហើ​យ​សមរភូមិ​ជើង​ទឹក ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុងអំឡុងពេល​ជំលោះ​នេះ​ ជា​អកុសល​សង្គ្រាម​នេះ​បាន​បន្សល់ទុក​នូវ​សាក​សព​ទាហាន ​និង​សំណល់​បាក់បែក​ពី​ការ​ប្រយុទ្ធ​ទាំងនោះ​នៅ​បាតសមុទ្រ​។

​ពិព័រណ៍​នេះ ​បង្ហាញ​ពី​សារៈសំខាន់​នៃ​បេតិកភណ្ឌ​ក្រោម​ទឹក​ ដែល​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​ពិភព​លោក​នៅពេល​បច្ចុប្បន្ន​៕​

ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ក្រោម​ប្រធានបទ ​” កម្ពុជា​ និង​សង្គ្រាម​លោក​លើក​ទី​១​បេតិកភណ្ឌ​ក្រោម​ទឹក​”