អាជ្ញាធរ​ស្រុក ​ចុះ​សិក្សា​អំពី​ ការ​រក្សា​ទឹក​សម្រាប់​ជីវិត​មនុស្ស ​សត្វ​ និង​រុក្ខជាតិ ​នៅ​ខេត្ត​ច័ន្ទ​បុរី

អាជ្ញាធរ​ស្រុក ​ចុះ​សិក្សា​អំពី​ ការ​រក្សា​ទឹក​សម្រាប់​ជីវិត​មនុស្ស ​សត្វ​ និង​រុក្ខជាតិ ​នៅ​ខេត្ត​ច័ន្ទ​បុរី



បាត់ដំបង​ ៖​ ដោយសារ​តែ​មាន​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ស្អិត​រមួត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ និង​ដោយសារតែ​ឆ្នាំនេះ​គ្រោះ​រាំងស្ងួត​បាន​កើត​មាន​ឡើង​សឹងតែ​ នៅ​ទូទាំង​ពិភពលោក ​ ទើប​ថ្មីៗ​នេះ ​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​នឹង​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ដើម្បី​បាន​សិក្សា​ស្វែងយល់​អំពី​ការ​រក្សា​ទឹក​នា​រដូវ​ដ៏​ក្តៅ​ហួតហែង​នេះ។

លោក​ភុំ ភ​ត អភិបាលរង​ស្រុក​កំរៀង បាន​ប្រាប់​បណ្ដា​អ្នកសារព័ត៌មាន​ថា ដោយ​ជួប​បញ្ហា កង្វះខាត​ទឹក​ប្រើប្រាស់ ​​​បណ្ដាល​មកពី​អាកាសធាតុ ក្តៅ បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​អូរ ស្ទឹង បឹងបួ​ បាន​រីងស្ងួត​ស្ទើរតែ​ទាំងស្រុង​ ទើប​រដ្ឋបាល​ស្រុក​បាន​ស្នើសុំ​ឲ្យ​ភាគី​ថៃ​ខាង​ស្រុក​ពោង​ណាំ​រ៉​ន ជួយ​តាម​បែប​វិធីសាស្ត្រ​ផ្សេងៗ​ដែល​អាច​ធ្វើ​ទៅ​បាន។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា ឆ្នាំ​២០១៦ ​លោក​នី​រ៉ាត់ ថា​គុត​រឿ ​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន ថៃ កម្ពុជា​ ប្រចាំ​ច្រក​អន្តរជាតិ​ដូង ​ បាន​អញ្ជើញ​ក្រុមការងារ​ ដែល​មាន​រូប​លោក​ផ្ទាល់ និង​លោក យ៉ែម សុខ រដ្ឋបាល​ស្រុក​កំរៀង លោក ហ៊ាង ផា​រ៉ា​ប្រធាន​ ការិយាល័យ អន្តរ​វិស័យ​ស្រុក​កំរៀង ព្រមទាំង​លោក យឹម ភ្លុក នាយរង​ផ្នែក​ទំនាក់ទំនង ព្រំដែន កម្ពុជា ថៃ ប្រចាំ​ច្រក អន្តរជាតិ​ដូង ស្រុក​កំរៀង ​ ផង​ដែរ។

លោក ភុំ ភ​ត បានបញ្ជាក់​បន្ថែម​ថា ពេល​យើង​ទៅដល់ តំបន់​អភិរក្ស​ជម្រក​សត្វ​នៅ​ឧទ្យាន​ជាតិ សយ​ដាវ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃ សំខាន់​យើង​បាន សិក្សា និង​បាន​យល់ដឹង​លើ​៣​ចំណុច​គឺ ទី​១ ពី​ប្រភព​ក្បាលទឹក ស្ទឹង​ខ្លងយ៉ៃ ដែលមាន​អូរ​ហូរ​ចាក់​ចូល​ចំនួន​ពីរ​គឺ​អូរ​ព្រះពុទ្ធ និង អូរ​ផាំង​ង៉​ន ទី​២ យើង​អាច​ដឹង​អំពី វិធី​គ្រប់គ្រង​ទឹក តាម​នយោបាយ ថ្ពាល់​ស្វា (​គឺ​បាន​ន័យ​ថា ពេលដែល​សត្វ​ស្វា ស៊ី​ចំណី តែងមាន​វិធី​លាក់ទុក ពេល​វា​ឃ្លាន​ទើប​បញ្ចេញ​មក​ទំពា​) និង​ទី​៣ យើង​អាច​ទទួលបាន​នូវ​កា​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ ដែល​កំណត់​បាន​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ ចំណុច​សំខាន់ មានទឹក មាន​ផ្លូវ និង​មាន​ភ្លើង​។​

លោក ភុំ ភ​ត បាន​ថ្លែងអំណរគុណ ដល់​លោក​នី​រ៉ាត់ ថា​គុត​រឿ ដែល​បាន​ចំណាយ​ពេល វេលា​ដ៏​មានតម្លៃ ក្នុង​ការ​នាំ​ក្រុមការងារ​ទៅ បង្ហាញ​ពី​វិធីសាស្ត្រ ដែល​មិន​ចំណាយ​ថវិកា​ ច្រើន​ជា​លទ្ធផល​យើង​បាន​យល់​ដឹង អំពី​វិធី​ដ៏​មាន​សារៈសំខាន់​នេះ ​សម្រាប់​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​យើង។

លោក​នី​រ៉ា​ត ថា​គូត​រឿ​ ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ថៃ កម្ពុជា ប្រចាំ​ច្រក​អន្តរជាតិ​ដូង បាន​ឲ្យ​ដឹងថា លោក​មានបំណង​ឲ្យ​ភាគី​ខ្មែរ​ដឹង​ខ្លះៗ ពី​វិធីសាស្ត្រ បែប​ងាយៗ ក្នុងការ​ទប់ទឹក​ រក្សា​ទឹក សម្រា់ប​ផ្តល់​ផលប្រយោជន៍ ដល់​រុក្ខជាតិ ​សត្វ និង​មនុស្ស ផង។ លោក​បាន​សង្កត់ធ្ងន់ថា សំខាន់​គឺមាន​ទឹក គឺមាន​ជីវិត​រស់នៅ៕

អាជ្ញាធរ​ស្រុក ​ចុះ​សិក្សា​អំពី​ ការ​រក្សា​ទឹក​សម្រាប់​ជីវិត​មនុស្ស ​សត្វ​ និង​រុក្ខជាតិ ​នៅ​ខេត្ត​ច័ន្ទ​បុរី

អាជ្ញាធរ​ស្រុក ​ចុះ​សិក្សា​អំពី​ ការ​រក្សា​ទឹក​សម្រាប់​ជីវិត​មនុស្ស ​សត្វ​ និង​រុក្ខជាតិ ​នៅ​ខេត្ត​ច័ន្ទ​បុរី