ចំណុច​ដែល​គួរ​ប្រុងប្រយ័ត្ន ពេល​កូន​ពិបាក​ជុះ

ចំណុច​ដែល​គួរ​ប្រុងប្រយ័ត្ន ពេល​កូន​ពិបាក​ជុះ

​កូនក្មេង​មួយចំនួន តែងតែ​ប្រឹង ខាំ​មាត់ ហើយ​មុខ​ឡើង​ក្រហម ពេល​ជុះ​ម្តងៗ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ថា កូន​របស់​អ្នក​ទល់លាមក​ហើយ​។ យ៉ាងណាមិញ រោគសញ្ញា​នៃ​ការ​ទល់លាមក មានដូចជា ៖
•​    ​ពិបាក​ក្នុងការ​បន្ទោ​របង់​
•​    ​លាមក មាន​ទំហំ​តូចៗ រឹង ហើយ​ស្ងួត ដូច​អាចម៍​ទន្សាយ​អឺចឹង ប៉ុន្តែ ពេលខ្លះ វា​ក៏​មាន​ទំហំ​ធំ​ប្លែក​ផងដែរ​
•​    ​កូន​ក្មេង​នៅ​មិន​សុខ ហើយ​ស្រែកយំ​
•​    ​តឹង ឬ​ហើមពោះ​
•​    ​ពេលខ្លះ មាន​ឈាម​ជាប់​នឹង​លាមក ដោយសារតែ​ការ​ដាច់​រលាត់ស្បែក​នៅរ​ន្ធ​គូថ​។​
​ជាធម្មតា ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ កម្រ​នឹង​ជួប​បញ្ហា​នេះ​ណាស់ លើកលែង​តែ​ការប្រើ​ម្សៅ​ទឹកដោះគោ ទើប​ងាយ​នឹង​ទល់លាមក​។ ទឹកដោះ​ម្តាយ មាន​សារធាតុចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់ ហើយ​សមល្មម​នឹង​ធ្វើឲ្យ​លាមក មាន​សភាព​ទន់​ងាយ​ជុះ​។​
​ការ​បៅ​ម្សៅ​ទឹកដោះគោ ជាពិសេស ពេល​លាយ​ខុស​បរិមាណ (​ម្សៅ​ច្រើនពេក​) វា​អាច​ធ្វើឲ្យ​ទារក​ចុកពោះ ហើយ​ទល់លាមក​បាន​។ ដូច្នេះ អ្នក​ម្តាយ​គ្រប់រូប ត្រូវ​អាន​ការណែនាំ ដែល​មាន​នៅ​លើ​សំបក​កំប៉ុង​ឲ្យបាន​ច្បាស់ មុន​នឹង​ឆុង​ឲ្យ​កូន​ញ៉ាំ​។​
​ក្រៅពីនេះ ការ​ទល់លាមក អាច​បណ្តាលមកពី ៖
•​    ​គ្រុ​នក្តៅ​
•​    ​ខ្សោះ​ជាតិ​ទឹក (​ញ៉ាំ​ទឹក​មិន​គ្រប់​)
•​    ​ការផ្លាស់ប្តូរ​របប​អាហារ​
•​    ​ការប្រើ​ថ្នាំពេទ្យ​។​
​ដើម្បី​សុវត្ថិភាព និង​សុខភាព​កូន អ្នក​ម្តាយ​គ្រប់រូប គួរតែ​មាន​ទម្លាប់ នាំ​កូន​ទៅ​ពិនិត្យ​សុខភាព ឲ្យបាន​ទៀងទាត់ និង​ញឹកញាប់​តាម​ដែល​អាច​ធ្វើទៅបាន (២ ឬ ៣ ខែម្តង​) ដើម្បី​ប្រាកដថា កូន​មាន​សុខភាព​ល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។