ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ៖ ពលរដ្ឋ​ទាំង​២៩​នាក់ ជា​ជនរងគ្រោះ ត្រូវបាន​គេ​បោក​អោយ​ចូលទៅ​លីសែង​ឈើ​ទេ​

ភ្នំពេញ:
​លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអោយដឹង​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​ថា ក្រោយពី​មាន​ព័ត៌មាន​ចុះផ្សាយ​នាពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​ថៃ បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​២៩​នាក់ ដែល​បាន​ចូលទៅ​កាប់​ឈើ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ថាប់​ឡាន ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ ក្រសួង ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ អោយ​ចុះ​ពិនិត្យ​ដោះស្រាយ អំពី​ករណីនេះ​។​

​លោក ជុំ សុន្ទរី បញ្ជាក់ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​ពន្យល់​ប្រាប់​អាជ្ញាធរ​ថៃ​ថា ពលរដ្ឋ​ខ្មែរ​ខាងលើ​ជា​ជនរងគ្រោះ ត្រូវ បាន​គេ​បោក​បញ្ឆោត​អោយចូល​ទៅ​លីសែង​ឈើ​ទេ ចំណែក​ឧបករណ៍​អារឈើ​ពុំមែន​ជា​របស់​ពួកគាត់​ដែរ​។ ស្ថាន​អគ្គ​កុងស៊ុល​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ពិនិត្យ​លទ្ធភាព​កសាង​សំណុំរឿង​ធ្វើយ៉ាងណា​ជួយ សំរួល​សំរាលទោស និង​រក​មេធាវី​ការពារ​ក្តី​ដល់​ពួកគាត់​នៅពេល​ឡើង​តុលាការ​នាពេលខាងមុខ​។​

​លោក ជុំ សុន្ទរី បន្តថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​លោក​អភិបាលស្រុក ណា​ឌី ខេត្ត​ប្រា​ជីន​បុរី និង​ពលរដ្ឋ​ខ្មែរ ដែល​ពាក់ព័ន្ធ​នឹង​ករណី​នោះ ដើម្បី​សាកសួរ​ព័ត៌មាន ហើយ​បានទទួល​ព័ត៌មាន​ដូចខាងក្រោម ៖ នៅ​ព្រឹក ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ អាជ្ញាធរ​ថៃ​មួយក្រុម​បាន​ចុះ​ព័ទ្ធចាប់​ពលរដ្ឋ​ខ្មែរ មួយក្រុម​ដែល​បាន​ចូលទៅ​ជញ្ជូន​ឈើ​ក្រញូង​ពីលើ​ភ្នំ ចុះមក​វាលរាប នៅក្នុង ឧទ្យាន​ជាតិ ថាប់​ឡាន ខេត្ត​ប្រា​ជីន​បុរី​។ នាពេលនោះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​បាញ់កាំភ្លើង មួយ​គ្រាប់ ដើម្បី​ជាស​ញ្ញា អោយ​ពលរដ្ឋ​ខ្មែរ​បំបែកហ្វូង​រត់​។ ពុំមាន​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​រវាង​អាជ្ញាធរ​ថៃ និង​ពលរដ្ឋ​ខ្មែរ កាប់​ឈើ​ខុសច្បាប់ នោះទេ​។ ពលរដ្ឋ​ខ្មែរ​បែក​ហ្វូង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់បាន​ចំនួន​១១​នាក់​។ ចំណែក​ពលរដ្ឋ​ខ្មែរ ១៨ នាក់ ទៀត បានអោយ​ប៉ូលិស​ថៃ​ចាប់ខ្លួន​ព្រោះ​ពួកគេ​មិន​ស្គាល់ផ្លូវ​។​

​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ៖ ពលរដ្ឋ​ខ្មែរ​ទាំង ២៩​នាក់ បាន​សារភាពថា​ក្រុម​ខ្លួន​មាន​គ្នា​ទាំងអស់​៦០​នាក់ បាន​ចូលទៅ ថៃ​ជាង​១០​ថ្ងែ​ហើយ ដោយមាន​មេខ្យល់​បបួល​ពួកគាត់​ចូលទៅ​កាប់​ឈើ​អាកាស្យា​នៅ​ថៃ សន្យា​ថាអោយ​១​ដើម​២០០​បាត​។ ពួកគាត់​ត្រូវ​ចែកជា​២​ក្រុម ឡើងទៅ​លីឈើ​ដែល​ថៃ​កាប់ ហើយ​ស្រាប់​ចុះមក​។ ពលរដ្ឋ​ខ្មែរ​ទាំង​២៩​នាក់​ត្រូវ​នាំទៅ​បុ​ស្តិ៍​ប៉ូលីស រួមទាំង​វត្ថុតាង​គ្រឿងយន្ត​អារឈើ​១ និង រថយន្ត ជនជាតិ​ថៃ​០១ គ្រឿង​។ ដោយឡែក​នៅ​ព្រលប់​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ ២០១៦ មាន​ពលរដ្ឋ​ខ្មែរ​១៨​នាក់ ផ្សេងទៀត បាន​ចូលខ្លួន​អោយ​អាជ្ញាធរ​ថៃ​ចាប់ ដោយហេតុថា​ពួកគាត់​មិន​ស្គាល់ផ្លូវ​។ អាជ្ញាធរ​ថៃ នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំងអស់នោះ ទៅ​តុលាការ ពីបទ​ឆ្លងដែន ខុសច្បាប់​ចូល ប្រទេស​ថៃ​៕​