បក្ស​ប្រជាជន​កម្ពុជាយក​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ធ្វើ​សក្ខីកម្ម​ដល់​តុលាការ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន យក​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ធ្វើ​សក្ខីកម្ម​ជូន​ដល់​តុលាការ ក្នុង​ពេល​លោក និង​មេធាវី ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នា​ថ្ងៃទី០៦ ខែ​ឧសភា។ លោក អ៊ូ វីរៈ ដែល​រង​ការ​ប្ដឹង​នេះ ថា លោក សោកស្ដាយ​ដែល​គណបក្ស​កាន់​អំណាច​ប្ដឹង​លោក​ដូច​នេះ។ លោក​ថា នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​កាល​កំណត់។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា លោក​ផ្ដល់​បន្ទះ​ស៊ីឌី​ថត​សំឡេង​នៃ​ការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី។ លោក​ថា ការ​វិភាគ​របស់ លោក អ៊ូ វីរៈ ជា​ការ​ថ្លែង​ហួស​ពី​សិទ្ធិ​បញ្ចេញ​មតិ ដែល​ជា​ការ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា។

កាលពីថ្ងៃទី២៥ មេសា គណបក្ស​ប្រជាជនកម្ពុជា បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​អ្នក​វិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់​ពី​លោក​បាន​វិភាគ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០០​លាន​រៀល ឬ​ស្នើ​១០​ម៉ឺន​ដុល្លារ។

ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ថា លោក​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ជាមួយ​មេធាវី នៅ​ថ្ងៃទី១២ ខែ​ឧសភា តាម​ការ​កោះ​ហៅ។ លោក អ៊ូ វីរៈ អះអាង​ថា ប្រសិន​តុលាការ​មិន​ផ្ដល់​កិត្តិយស ឬ​ការពារ​សិទ្ធិ​របស់​លោក លោក​នឹង​មាន​យន្តការ​បន្ថែម​ទៀត។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​បន្ថែម​ទៀត...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។